ការតាំងពិរណ៍ផលិតផលបច្ចេកវិទ្យា CES ឆ្នាំ២០១៧ នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិកមានដាក់តាំងផលិតផលថ្មីមួយដែលប្រើប្រាស់ភ្ជាប់ជាមួយទូរស័ព្ទ ដើម្បីធានាការសន្ទនាមានលក្ខណៈសម្ងាត់ ដោយមិនចាំបាច់ចេញឆ្ងាយពីមនុស្សម្នា ឬចេញទៅនិយាយក្រៅបន្ទប់ធ្វើការនោះទេ ។
ផលិតផលថ្មីមួយនេះមានឈ្មោះថា Hushme ដែលត្រូវបានគេទទួលស្គាល់ថា ជាម៉ាស់ សំឡេងដំបូងរបស់ពិភពលោកសម្រាប់និយាយទូរស័ព្ទ (World’s First Voice Mask for mobile phone) ។ Hushme ត្រូវបានវិស្វករជាតិអ៊ុយក្រែនបង្កើតឡើង តែក្រុមហ៊ុននេះនៅ សហរដ្ឋអាមេរិកទេ ។
ការរចនាមានភាពងាយស្រួលព្រោះអ្នកអាចពាក់វានៅនឹងក ហើយភ្ជាប់ជាមួយទូរស័ព្ទតាមបច្ចេកវិទ្យាឥតខ្សែ Bluetooth និងមានកម្មវិធីសម្រាប់ឲ្យអ្នកដំឡើងសំឡេង ឬកម្មវិធីផ្សេងៗជាមួយ Hushme ។ ជាងនេះទៅទៀតវាអាចភ្ជាប់ជាមួយកាសត្រចៀកក្នុងពេលសន្ទនា ដោយមិនចាំដើររកកន្លែងស្ងាត់ដើម្បីនិយាយទូរស័ព្ទទៀតទេ ។ ជារួមវាត្រូវគេបង្កើតឡើងសម្រាប់ការសន្ទនាដែលមិនរំខានដល់អ្នកដទៃ ហើយក៏មិនរំខានក្នុងការសន្ទនានៅទីសាធារណៈ ឬកន្លែងអ៊ូអរ ដោយវាបំពាក់បច្ចេកវិទ្យាលុបសំឡេងមកក្រៅ បើទោះជានៅអង្គុយជិតគ្នាយ៉ាងណាក៏ដោយក៏មិនឮ ។
អ្វីដែលពិសេសទៅទៀតនោះ អ្នកអាចជ្រើសរើសសំឡេងបិទបាំងក្នុងការសន្ទនារបស់អ្នកតាមរយៈការប្តូរសំឡេងទៅជាសំឡេងរលកទឹកសមុទ្រ សំឡេងខ្យល់ សំឡេងភ្លៀង សំឡេង សត្វកំប្រុក សំឡេងMinio សំឡេងបក្សី និងសំឡេងមនុស្សយន្តR2D2 ដើម្បីបញ្ចៀសការចងស្តាប់ពីអ្នកដទៃ ក្នុងគោលដៅរក្សាការសម្ងាត់ក្នុងការសន្ទនា ។ ប៉ុន្តែសម្រាប់សំឡេងខ្លះអ្នកប្រើប្រាស់ត្រូវសុំសិទ្ធិក្នុងការប្រើប្រាស់ ៕