រាជធានីភ្នំពេញ ៖ នាងឌី លីណា ត្រូវគេស្គាល់ថា ជាតារាមានវិញ្ញាណតាមសណ្ឋិត ដូច្នេះហើយពេលសម្ដែងជាតួអង្គខ្មោច នាងតែងតែភ័យខ្លាចសម្រាប់តំណែងនេះ ។
តារាសម្តែងទើបឡើងកូដកញ្ញាលី ឌីណាហាក់មានអារម្មណ៍ចម្លែកក្នុងចិត្តរាល់ពេលនាងបន់ស្រន់នៅទីអារាមណាមួយ គឺរមែងមានគ្រូចូល ពិតៗធ្វើឲ្យអ្នកជុំវិញខ្លួននាំគ្នាស្រឡាំងកាំង ។ ភាពចម្លែកនេះមិនដឹងថាតើថ្ងៃក្រោយនាងក្លាយជាគ្រូស្នងរូប ឬយ៉ាងណាទេ បើពិតមែន ច្បាស់ជាមានកំលោះជាច្រើនរត់រកនាងមិនខានបើស្អាតបែបនេះ ។
កញ្ញាលី ឌីណា កាលពីពេល ថ្មីៗកន្លងមកនិយាយថា នាងពិតជាឆ្ងល់មិនដឹងជាមានមូលហេតុអ្វីទេ រៀងរាល់ថ្ងៃសីលនាងទៅបន់នៅតាមទីអារាមណាមួយ ឬនៅព្រះអង្គដងកើ ដឹងតែមានអ្វីចម្លែកធ្វើឲ្យចេះតែចង់លើកដៃរាំពត់ពេនតាមចង្វាក់ភ្លេងពិណពាណ្យ ហើយញឹកញាប់សូម្បីតែទៅតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាបក៏បារមីតាមចូលដែរ។ ទៅមុខទៀតមិនដឹងថារូបនាងក្លាយជាអ្វីទេ ។ រាល់ថ្ងៃមិនដែលឃើញអ្វីនៅពេលថ្ងៃទេ គ្រាន់តែចំណាំមើលរាល់ថ្ងៃសីល គឺយល់សប្តិឃើញព្រះនាងរាំស្លៀកពាក់បុរាណ ប្រដាប់គ្រឿងលម្អស្អាតទៀងពេលណាស់ ទើបគិតថាគេចង់មានបំណងជាមួយហើយ។
ក្រោយពេលឲ្យគ្រូមើលរួចមកគេឲ្យនាងឌី លីណា រៀបចំគ្រឿងតង្វាយសម្លៀកបំពាក់បុរាណ ដើម្បីថ្វាយបារមីទើបស្ងប់ ។ មូលហេតុទាំងអស់នេះហើយឲ្យតែនាងសម្តែងរឿងបែបបុរាណ មិត្តភក្តិច្រើនតែភ័យខ្លាចគ្រូចូល ធ្វើឲ្យនាងចេញក្បាច់រាំរហូតនាំគ្នាហៅនាងថា«ម៉ែគ្រូ»បារមីស្នង ។
លី ឌីណា និយាយថានាងមានវិញ្ញាណតាមថែតាំងពីមិនទាន់ប្រឡូកនៅក្នុងពិភពសិល្បៈសម្ដែងម្ល៉េះ ជាពិសេសនៅរាល់ថ្ងៃសីល និងថ្ងៃពេញបូណ៌មី ឲ្យតែនាងទៅកាន់ទីសក្ការបូជា ឬកន្លែងបន់ស្រន់ណាមួយ គឺតែងតែមានវិញ្ញាណសណ្ឋិតនៅក្នុងខ្លួននាង ធ្វើឲ្យ ម្នាក់ៗមានការភ្ញាក់ផ្អើលគ្រប់គ្នា ។ ជាក់ស្ដែងក្នុងពេលដែលនាងទៅបន់ស្រន់នៅទីសក្ការៈខាងមុខប្រាសាទអង្គរវត្ត និងនៅព្រះអង្គដង្កើ គឺមានវិញ្ញាណអ្នករបាំសណ្ឋិតក្នុងខ្លួននាងតែម្ដង។ ឲ្យតែចូលសណ្ឋិត ម្ដងៗគឺតម្រូវឲ្យនាងរាំពន់ពេននៅកណ្ដាលចំណោមមិនខ្មាសអ្នកណាទេ។ អ្វីដែលនាងក៏ចង់ស្រឡាំងកាំងចំពោះខ្លួនឯងផងដែរនោះ គឺឲ្យតែនាងចូលរួមពិធីក្រុងពលីចាប់ផ្តើមផលិតភាពយន្តដែលមានថ្វាយភ្លេងកងរំពង គឺតែងមានវិញ្ញាណអ្នករបាំសណ្ឋិតក្នុងខ្លួននាងជាប្រចាំ ។
កញ្ញាលី ឌីណា ទើបតែលេចមុខមាត់ក្នុងពិភពសិល្បៈសម្តែងចុងក្រោយនេះ ដោយនាងមានសម្រស់ល្អទាក់ទាញអ្នកដឹកនាំរឿង។ ឌីណាបានឱកាសចូលរួមសម្តែងភាពយន្តជាច្រើនរឿង ពិសេសស្នាដៃរឿងភាគលើកញ្ចក់ទូរទស្សន៍ភីអិនអិន , ស៊ីធីអិន និងប៉ុស្តិ៍លេខ៥ជាដើម ៕