តោះ ចុងសប្ដាហ៍បែបនេះសាកធ្វើ ពោះវៀនតាន់ជ្រូក បំពងញ៉ាំ

ពោះវៀនតាន់បំពង

0
4609

ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ពិតជាលឿនមែនទែន ហើយសម្រាប់ថ្ងៃនេះអ្នកណាសម្រាកមិនធ្វើការខ្លះ មកសាកធ្វើពោះវៀនតាន់ជ្រូកបំពងញ៉ាំ។ បើអ្នកជាប់រវល់ធ្វើការចាំថ្ងៃស្អែកចាំធ្វើញ៉ាំក៏មិនហួសពេលដែរ គ្រាន់តែក្នុងចិត្តនឹកឃ្លានបន្តិច។ និយាយលេងសើចអីឆ្ងាញ់ណាស់ណា៎ មិនធ្វើញ៉ាំច្បាស់ជាស្ដាយក្រោយមិនខាន ហើយវិធីធ្វើក៏មិនលំបាកទៀត មាននៅខាងក្រោមនេះឯង។

? គ្រឿងផ្សំដែលត្រូវមាន៖

  • ពោះវៀនតាន់ ៥ខាំ (ជ្រូក)
  • ខ្ទឹមសចិញ្រ្ចាំ ១ចានចង្កឹះ
  • ម្រេចម៉ដ្ដ ២ស្លាបព្រាកាហ្វេ
  • ម្សៅមី ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាបាយ (សម្រាប់លាងពោះវៀន)
  • ប្រេងខ្យង ១ស្លាបព្រាបាយកន្លះ
  • ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • ប្រេងឆា (សម្រាប់បំពង)

? របៀបធ្វើ៖

  • លាងសម្អាតពោះវៀនជាមួយនឹងអំបិលអោយស្អាត ២ទៅ៣ដង រួចលាងទឹកអោយស្អាត
  • ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ដាក់ពោះវៀនស្ងោរប្រហែល ៣០ ទៅ ៤៥នាទី រួចស្រង់ទុកអោយត្រជាក់ រួចហាន់ជាដុំៗវែងល្មម តាមការចូលចិត្ត។
  • យកចានមួយលាយគ្រឿងផ្សំដូចជា ស្ករ ប្រេងខ្យង ទឹកត្រី ខ្ទឹមចិញ្រ្ចាំ ម្រេច និងពោះវៀនច្របល់ចូលគ្នាអោយសព្វល្អ ផ្អាប់ទុក ១៥នាទី
  • ដាក់ប្រេងឆាអោយក្តៅខ្លាំង រួចដាក់ម្សៅមីចូលក្នុងចានពោះវៀនច្របល់អោយសព្វម្តងទៀត ចាំដាក់ពោះវៀនបំពងអោយប្រែពណ៌ក្រហមល្អ ធ្វើការប្រែទៅម្ខាងទៀតរហូតដល់ឆ្អិន និងធ្វើការស្រង់ចេញទុកអោយស្រក់ខ្លាញ់រួចជាការស្រេច។

លោកអ្នកអាចធ្វើទឹកជ្រលក់សម្រាប់ជ្រលក់តាមចំណូចិត្តរបស់របស់លោកអ្នក សម្រាប់Admin គិតថាជ្រលក់ជាមួយទឹកម្រេច គឺត្រូវជាតិគ្នាធ្វើអោយរសជាតិកាន់តែឆ្ងាញ់ខ្លាំង៕