ការត្រូវរបួសជារឿងដែលមិនអាចជៀសបាន ហើយវាតែងតែមានរឿងទុកប្រាប់បន្តជានិច្ច។ ស្នាមរបួសខ្លះ អាចបន្សល់់ទុករឿងមិនល្អដល់អ្នក ដូច្នេះដើម្បីកុំឲ្យវាទុកស្នាមមិនល្អបាន អ្នកគួរតែឆាប់រកវិធីព្យាបាល។ របៀបងាយៗក្នុងការជួយពន្លឿនរយៈពេលដែលស្នាមជាសះស្បើយ រួមមានការញ៉ាំអាហារដែលសម្បូរដោយ ប្រូតេអុីន និងវីតាមីនផ្សេងៗ។
១)- ប្រូតេអុីន ៖ ប្រូតេអុីន គឺជាអាហារចំបាច់មួយមិនអាចខ្វះបាន ដើម្បីជួយជួសជុលស្បែកដែលខូច បង្កើតខូឡាជេន និងធ្វើឲ្យសរសៃឈាមបានប្រសើរឡើង។ នៅពេលអ្នកបរិភោគជាតិប្រូតេអុីនបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ នោះវានឹងជួយឲ្យរបួសឆាប់ជា។
ប្រភពអាហារដែលសម្បូរប្រូតេអុីន មានដូចជា សាច់ មាន់ទា ត្រី ស៊ុត សណ្តែក និងផលិតផលសណ្តែកដូចជា តៅហ៊ូជាដើម។ អ្នកគួរគប្បីពិភាក្សាជាមួយវេជ្ជបណ្ឌិត ទាក់ទង នឹងរបបអាហារដែលអ្នកទទួលទាន។
២)- វីតាមីន C ៖ នៅពេលអ្នកត្រូវរបួស ជាតិខូឡាជេននៅមុខរបួសនឹងត្រូវរងផលប៉ះពាល់។ នេះជាមូលហេតុដែលអ្នកត្រូវញ៉ាំវីតាមីន C បន្ថែមទៀត ព្រោះវាសម្បូរនៅជាតិអង់ទីអុកស៊ីត ដែលជួយក្នុងការផលិតខូឡាជេន។ វាជួយឲ្យរបួសឆាប់ជាសះស្បើយ។ ផ្លែក្រូច ទឹកផ្លែឈើ បន្លែបៃតង ស្ត្ររប័រី ប៉េងប៉ោះ និងម្ទេសប្លោកសុទ្ធ តែសម្បូរដោយវីតាមីន C ដែលអ្នកអាចរកញ៉ាំបាន។
៣)- វីតាមីន A ៖ វីតាមីន A គឺជាវីតាមីនមួយទៀតដែលមានជាតិអង់ទីអុកស៊ីត សំខាន់ដល់ការកាត់បន្ថយការរលាក ហើយជួយការពារកុំឲ្យរបួសឆ្លងមេរោគ។ ក្នុងកំឡុងពេលរបួសសះ វីតាមីន A អាចជម្រុញការលូតលាស់នៃ សរសៃឈាមថ្មីៗ និងការផលិតជាលិកាតភា្ជប់។ អាហារដែលសម្បូរដោយវីតាមីនA រួមមាន បន្លៃបៃតង ត្រី ស៊ុត និងបន្លែផ្លែឈើពណ៌ទឹក្រូច និងពណ៌លឿង។
៤)- ស័ង្កសី និងជាតិដែក ៖ ស័ង្កសី ជាសារធាតុរ៉ែសំខាន់ដែលជួយបង្កើតទាំងប្រូតេអ៊ីន និងឭខូឡាជេន ខណៈដែលជាតិដែកបញ្ជូន អុកស៊ីសែនទៅត្រង់កន្លែងរងរបួស។ ស័ង្កសីអាចរកបាននៅក្នុងសាច់ គ្រាប់ធញ្ញជាតិ សណ្តែកដី និងស៊ុត ចំណែកជាតិដែកអាចរកបាននៅក្នុងត្រកួន សាច់ ប្រូកូលី និងសូកូឡាខ្មៅ។
៥)- ការថែរក្សារបួស ៖ បើទោះជាអ្នកបានបរិភោគម្ហូបអាហារគ្រប់គ្រាន់ ដែលផ្តល់សារធាតុចិញ្ចឹមច្រើនជាជំនួយដល់ការជាសះ ស្បើយនៃរបួស អ្នកគួរគប្បីថែរក្សាមុខរបួសឲ្យបានល្អ ដោយរក្សាជាតិសំណើមលើស្បែក។ អ្នកអាចស្វែងរក ក្រមួនព្យាបាលរបួស មកលាបដើម្បីជួយកាត់បន្ថយស្លាកស្នាមក្រោយពីរបួសជាសះស្បើយ បន្ថែមពីលើ ការបរិភោគប្រូតេអ៊ីន និងវីតាមីនផងដែរ។
តើអ្នកបានរៀនអ្វីថ្មីខ្លះថ្ងៃនេះ? តើអ្នកចាប់អារម្មណ៍ដើម្បីដឹងបន្ថែមទៀតទេ? Like និងFollow យើងលើ Facebook នៅទីនេះ៕ សហការី (កែសម្រួលដោយ ៖ បុប្ផា)