អត្តបទដោយ៖ គង់ រិទ្ធិរីណា
សួនសត្វទីក្រុងប៉េកាំង៖ ស្រ្តីម្នាក់បានបាត់បង់ជីវិត និង ម្នាក់ទៀតទទួលរងរបួស បន្ទាប់ពីមានសត្វខ្លាមួយគូមកវាយប្រហារអ្នកទាំងពីរ កាលពីថ្ងៃសៅរ៍ពេលថ្ងៃត្រង់នៅសួនសត្វបាដាលីងនៃទីក្រុងប៉េកាំង ។
សត្វខ្លាបានវាយប្រហារទៅលើស្ត្រីម្នាក់នៅពេលដែលនាងបានចេញពីឡាននិងដើរបានប្រហែលជាប៉ុន្មានម៉ែត្រ។ វីឌីអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីសកម្មភាពរបស់ស្រ្តីខាងលើ ដែលត្រូវបានខ្លាចាប់អូស និង សកម្មភាពរបស់ស្ត្រីម្នាក់ទៀតដែលរត់ទៅជួយតែជួយមិនបានសម្រេច។
ទោះបីជាសួនសត្វខាងលើបានអនុញ្ញាតឲ្យអ្នកចូលទស្សនាមានសិទ្ធិយកយានយន្តផ្ទាល់ខ្លួនចូលក៏ដោយ តែគេបានហាមមិនឲ្យភ្ញៀវទាំងនោះចេញក្រៅពីយានយន្តឡើយដោយសារតែខ្លាចមានការវាយប្រហារពីសត្វកាចសាហាវ។ ក៏ប៉ុន្តែស្ត្រីដែលបានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍នោះ មិនបានគោរពតាមបម្រាមរបស់សួនសត្វទេ។ បើយោងទៅតាមការរាយការណ៍មួយចំនួនបានឲ្យដឹងថា ស្ត្រីមួយរូបខាងលើចេញពីឡានបន្ទាប់ពីមានជម្លោះទាស់ទែងពាក្យសម្តីនៅក្នុងឡាន។
បន្ទាប់ពីមានហេតុការណ៍នេះ សួនសត្វខាងលើត្រូវបានផ្អាកដំណើរការមួយរយៈ។ គួរបញ្ជាក់ឲ្យឃើញដែរថា ការវាយប្រហារនេះមិនមែនជាលើកទីមួយទេ។ កាលពីខែសីហាឆ្នាំ២០១៤ ក៏មានហេតុការណ៍បែបនេះកើតឡើងចំពោះសន្តិសុខយាមល្បាតដែរ។
ប្រភពវីដេអូ៖ CCTVNews