ធ្វើយ៉ាងណាទៅទើបមានទម្លាប់អានសៀវភៅដូចគេ?

0
1500

អ្នកណាក៏ដឹងដែរថាការចូលចិត្តអានសៀវភៅគឺជាទម្លាប់មួយដ៏ល្អខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសគឺសិស្ស​និសិត្សតែម្តង។ ក្រៅពីផ្តល់ចំនេះដឹងថ្មីៗ ការអានសៀវភៅជាភាសាបរទេសក៏មានប្រយោជន៍ជួយពង្រឹងសមត្ថភាពភាសាបរទេសរបស់អ្នកផងដែរ។ គ្រាន់តែថា…!​ ឲ្យតែរៀបកាន់សៀវភៅអានម្តងៗ ទម្លាប់ខ្ជិលវាតែងតែបង្ហាញខ្លួនមករហូត។

រូបភាពតំណាង
រូបភាពតំណាង

តើគួរធ្វើយ៉ាងណាទៅទើបអាចឈ្នះចិត្តលោកបងខ្ជិលបាន?

ទាំងនេះគឺជាវិធីសាស្ត្របឋមដែលគួរសាកល្បងយកទៅអនុវត្ត៖

*ខំអានអត្ថបទនេះឲ្យចប់បន្តិចទៅ កុំខ្ជិល បើជ្រុលជាចង់មានទម្លាប់ជាអ្នកអានទៅហើយ ខ្លាចអីនឹងអានប៉ុណ្ណឹង!

  1. អានសៀវភៅដែលខ្លួនចូលចិត្ត៖ សៀវភៅមានច្រើនប្រភេទណាស់ ហើយសុទ្ធតែមានប្រយោជន៍។ បើអ្នកធុញទ្រាន់នឹងការអានសៀវភៅបែបវិទ្យាសាស្ត្រ ហើយយល់ថាឈឺក្បាលនឹងវា គួរជ្រើសរើសប្រភេទសៀវភៅផ្សេងដូចជា​ សៀវភៅបែបចំនេះដឹងទូទៅ វប្បធម៌ ឬសៀវភៅរឿងនិទានជាដើម។ ចាប់ផ្តើមទម្លាប់របស់អ្នកជាមួយអ្វីដែលអ្នកចូលចិត្ត វាល្អជាងការដែលអ្នកដាក់សំពាធលើខ្លួនឯង។
  2. កំណត់ពេលអាន៖ ក្រោយពីរើសបានសៀវភៅដែលខ្លួនពេញចិត្តហើយ ចាប់ផ្តើមកំនត់ពេលអានដើម្បីជៀសវៀងទម្លាប់សឹម និងតំអក់។ អ្នកអាចអានសៀវភៅក្រោយពេលញ៉ាំអាហារ ពេលសម្រាកក្រោយបាយថ្ងៃត្រង់ មុនពេលចូលគេង ឫពេលណាក៏បានដែរ តែត្រូវប្រាកដថាក្នុងមួយថ្ងៃយ៉ាងហោចណាស់ត្រូវចំណាយពេលលើវាឲ្យបានពី ៥​ ទៅ ១០នាទី លុះយូរទៅអ្នកនឹងអាចអភិវឌ្ឍន៍ខ្លួនឯងទៅចំណាយពេលលើវាបានច្រើនជាងនេះ។
  3. យកសៀវភៅតាមខ្លួនជានិច្ច៖ ជៀសវៀងមានលេសថា «ចង់អានដែរ តែអត់អីអាន!» អីចឹងយកសៀវភៅដាក់តាមខ្លួនជាប្រចាំទៅណា៎!
  4. អានសៀវភៅតាមលំដាប់៖ អ្នកគួរទុកដាក់សៀវភៅគរលើគ្នាឲ្យបានស្អាតបាត រួចទាញវាមកអានតាមលំដាប់។ ព្យាយាមអានតែសៀវភៅមួយក្បាលឲ្យចប់ សឹមទាញសៀវភៅមួយក្បាលទៀតមកអាន។ កុំអានមួយនេះបន្តិចមួយនោះបន្តិចអី ព្រោះអ្នកអាចនឹងមិនជក់នឹងសៀវភៅដែលកំពុងអាន ឬអាចវង្វេងក៏ថាបាន។
  5. ជ្រើសរើសទីតាំងអាន៖ វាសំខាន់ណាស់ដែលអ្នកត្រូវអង្គុយនៅកន្លែងដែលត្រជាក់ស្រួលខ្លូន និងស្ងប់ស្ងាត់ដើម្បីអាចប្រមូលផ្តុំអារម្មណ៍អានសៀវភៅបានល្អ។ តែបើយល់ល្អ គួរណាតែកុំគេងអានសៀវភៅអី ព្រោះវានឹងធ្វើឲ្យអ្នកងងុយគេងជាមិនខាន។
  6. កាត់បន្ថយការប្រើប្រាស់គ្រឿងអេឡិចត្រូនិច៖ ព្យាយាមកាត់បន្ថយពេលមើលទូរទស្សន៍ ឬលេង Facebook រួចទៅអានសៀវភៅវិញ។ អ្នកគួរយល់ថា ការប្រើប្រាស់មធ្យោបាយកំសាន្តទាំងនោះច្រើនពេក អាចធ្វើឲ្យអ្នក Stress ទៅវិញទេ។ មានតែសៀវភៅទេ ដែលអាចធ្វើឲ្យអ្នលទទួលអារម្មណ៍ស្ងប់ស្ងាត់បាន។
  7. ស្វែងរកសៀវភៅឲ្យបានច្រើន៖ ព្យាយាមស្វែងរកសៀវភៅថ្មីៗ និងគួរឲ្យចាប់អារម្មណ៍នៅតាមបណ្ណាល័យ ឬកន្លែងលក់សៀវភៅផ្សេងៗដើម្បីឲ្យអ្នកស្គាល់សៀវភៅល្អៗបានច្រើន និងមានរបស់អានមិនដាច់ ព្រោះបើកាលណាកំពុងតែអានសុខៗស្រាប់តែអស់សៀវភៅអាន ទម្លាប់ខ្ជិលរបស់អ្នកអាចនឹងត្រលប់ឡើងវិញ។
  8. ដាក់គោលដៅ៖ នេះជារឿងដែលចាំបាច់មួយក្នុងការលើកទឹកចិត្តខ្លួនឯងឲ្យអានសៀវភៅ ដោយការកំណត់ថា​តើនឹងត្រូវបញ្ចប់សៀវភៅប៉ុណ្ណានក្បាលក្នុងរយៈពេលមួយសប្តាហ៍ មួយខែ ឬមួយឆ្នាំ។ ដូច្នេះហើយ សង្ឃឹមថាអ្នកនឹងមិនក្បត់នឹងខ្លួនឯងទេ មែនអត់?

ពេលចាប់ផ្តើមអានដំបូងអ្នកអាចមានអារម្មណ៍ថាធុញទ្រាន់ ពិបាកក្នុងខ្លូន ឬមើលអីអត់យល់សោះ។ តែកុំបារម្មណ៍! វាប្រតិកម្មបានតែមុនដំបូងបន្តិចទេណា យូរទៅអ្នកនឹងជក់ចិត្តមិនខាន។ ព្យាយាមអានសៀវភៅឲ្យចប់មួយក្បាល អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងដូចជាឆ្លាតជាងមុនដែរតើ ព្រោះថាសៀវភៅគឺជាចំនីអាហារខួរក្បាលនុះអី។ អីចឹងនៅចាំអីទៀត ឆាប់ទៅទាញសៀវភៅមកអានភ្លាមមក!

តោះមកទស្សនាវីដេអូដើម្បីបានគន្លឹះថ្មីៗបន្ថែមទៀត។

វីដេអូ