ការតាំងពិព័រណ៍បច្ចេកវិទ្យា CES ឆ្នាំ២០១៧ នៅទីក្រុង LasVegas សហរដ្ឋអាមេរិក ត្រូវគេសង្កេតឃើញថា មានបច្ចេកវិទ្យាជាច្រើនដែលបង្កើតឡើងដើម្បីបម្រើដល់កុមារតូចៗ ឬកែច្នៃឧបករណ៍សម្រាប់បម្រើគិលានុបដ្ឋាយិកា ។
ក្នុងនោះមានក្រុមហ៊ុនឈ្មោះ Hatch Baby នៅរដ្ឋកាលីហ្វ័រនីញ៉ា បានបង្ហាញនូវបន្ទះក្តារផ្លាស់ប្តូរខោអាវ ដែលមានសមត្ថភាពថ្លឹងទម្ងន់របស់ទារកដោយស្វ័យប្រវត្តិ និងរក្សាកំណត់ត្រាពេលវេលាក្នុងការផ្លាស់ប្ដូរខោទឹកនោម ដើម្បីជួយតាមដានសុខភាពរបស់ក្មេងថែមទៀតផង ។
លើសពីនេះទៀតក្រុមហ៊ុនមួយនេះក៏បានដាក់បង្ហាញនូវឧបករណ៍រលកសំឡេងដែលអាចឲ្យអ្នកដែលនឹងក្លាយជាឪពុកម្តាយអាចមើលឃើញកូនរបស់គេនៅក្នុងផ្ទៃពោះ និងអាចចែករំលែករូបភាពនោះទៅក្នុងបណ្តាញសង្គម ។
ក្រុមហ៊ុនមួយទៀតឈ្មោះ Bloomlife បានបង្កើតឧបករណ៍មើលផ្ទៃពោះ សម្រាប់ឲ្យម្តាយដែលជិតនឹងសម្រាលកូនដឹងពីពេលវេលាដែលត្រូវទៅមន្ទីរពេទ្យ ។ នាង Angela Sylcott មកពីក្រុមហ៊ុន Bloomlife និយាយថា វាជាឧបករណ៍សម្រាប់ស្ត្រីមានផ្ទៃពោះប្រើប្រាស់នៅសប្តាហ៍ចុងក្រោយនៃការពពោះរបស់គេ ដើម្បីឲ្យដឹងថា ខ្លួនត្រូវសម្រាលកូនពេលណា ។ វារឹតតែមានប្រយោជន៍សម្រាប់ស្ត្រីជាម្តាយដែលធ្លាប់មានប្រវត្តិសម្រាលកូនមុខពេល ។
ក្រៅពីនេះក៏មានក្រុមហ៊ុនមួយទៀតឈ្មោះ Naya Health ក៏បានបង្កើតផលិតផលមួយ សម្រាប់ប្រើជាជំនួយដល់ស្ត្រីជាម្តាយដែលមានបញ្ហាចេញទឹកដោះក្រោយសម្រាលកូនរួច ។ លោក Jeff Alvarez និយាយថា វាជាឧបករណ៍បូមទឹកដោះនឹងជួយឲ្យស្ត្រីជាម្តាយសម្រាកបានស្រួល ស្កប់ស្កល់ ជួយឲ្យការផលិតទឹកដោះម្តាយបានច្រើនជាងមុន និងជួយតាមដានការផលិតទឹកដោះម្តាយតាមរយៈកម្មវិធីដែលភ្ជាប់ជាមួយនឹងទូរស័ព្ទដៃ ។ ឧបករណ៍មួយនេះនឹងត្រូវដាក់ផ្ទាល់នៅក្នុងអាវទ្រនាបរបស់ម្តាយហើយយើងអាចបញ្ជាតាមរយៈទូរស័ព្ទ ។ វានឹងមិនរំខានដល់ម្តាយពេលឧបករណ៍បូមទឹកដោះកំពុងធ្វើការនោះទេ ។
ចំណែកក្រុមហ៊ុនមួយទៀតឈ្មោះ Happiest Baby បានបង្កើតឧបករណ៍មួយឈ្មោះថា គ្រែ Snoo Bed ដែលជាឧបករណ៍មួយមានមេក្រូហ្វូន (Microphones) ហេតុនេះឪពុកម្តាយអាចឮ សំឡេងកូនខ្លួនយំ តែចំណុចពិសេសនៃឧបករណ៍មួយនេះគឺមានសំឡេងជួយលួងកូនក្មេងឲ្យគេងលង់លក់វិញបាន ។ លោក Havey Karp ស្ថាបនិកក្រុមហ៊ុនបាននិយាយថា លោកសង្ឃឹមថា Snoo Bed នឹងជួយឲ្យឪពុកម្តាយទទួលទានដំណេកបានច្រើនជាងមុនបន្តិច ៕