ក្រុមម៉ូតូធំ Ducati នៅកម្ពុជានិងរៀតណាម រៀបចំដំណើរទស្សនកិច្ចទៅខេត្តសៀមរាប

0
1935

ក្រុមម៉ូតូធំ Ducati របស់កម្ពុជាប្រមាណជិត​១០នាក់ រួមជាមួយនឹង​ក្រុមម៉ូតូធំពីប្រទេសវៀតណាម ជាង២០នាក់​ទៀត​ បាន​ជិះម៉ូតូធំដង្ហែក្បួន​តាមផ្លូវជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ដោយចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្ត​សៀមរាប ដោយឆ្លងកាត់ខេត្ត​កំពង់ចាម និងកំពង់ធំ លើចំណាយផ្លូវជិត​សរុបទាំងទៅនិងមក​ជិត​៨០០គីឡូម៉ែត្រ ។

ព្រឹត្តិការណ៍នេះធ្វើឡើងកាលពីថ្ងៃទី​១០ ខែមីនា ឆ្នាំ២០១៧ ដោយចេញដំណើរពីរាជធានីភ្នំពេញ​ម៉ោង​ជាង​៨ព្រឹក តាមផ្លូវជាតិលេខ ៦ ឆ្ពោះទៅកាន់ទីរួមខេត្ត​កំពង់ចាមកាត់តាមផ្លូវជាតិលេខ៧ ដើម្បី ជួបជុំជាមួយក្រុមម៉ូតូធំមកពីវៀតណាម នៅទីរួមខេត្តកំពង់ចាម និងទទួលទានអាហារ​ថ្ងៃត្រង់រួមគ្នា​នៅទីនោះ ។ ក្រោយពី​អាហារ​ថ្ងៃត្រង់​រួចរាល់ ក្រុមម៉ូតូធំ Ducati កម្ពុជា និងវៀតណាម ក៏បាន​ចេញដំណើរជាក្បួន​ឆ្ពោះទៅកាន់ខេត្ត​សៀម​រាបបន្ត ដោយឆ្លងកាត់​ផ្លូវជាតិ​៧១ ឆ្ពោះទៅកំពង់ធំឆ្លងកាត់តាមផ្លូវជាតិ​៦វិញ ។

លោក Yeur Rorseth ដែលជាតំណាងក្រុមហ៊ុន​ម៉ូតូធំ Ducati នៅកម្ពុជាបាន​ឱ្យដឹងថាកម្មវិធីនេះ​ ធ្វើឡើង​ដើម្បីឲ្យអតិថិជនរបស់យើងទទួលភាពសប្បាយរីករាយ រំភើប ឡូយឆាយ ស៊ីវីល័យ ក្នុងការជិះម៉ូធូធំជាក្បួនតាមដងផ្លូវ ការប្រើប្រាស់ឧបករណ៍សុវត្ថិភាពដូចជា មួកសុវត្ថិភាព អាវការពារ ខោការពារ ស្រោមដៃ និងស្បែកជើងការពារ   ការបង្ហាញពីម៉ូដែលម៉ូតូធំ​ដែលមានលក់នៅលើទីផ្សារកម្ពុជា ក៏ដូចជាបង្ហាញឱ្យប្រជាពលរដ្ឋតាមដងផ្លូវមើលឃើញពីភាពស្រស់ស្អាតនៃម៉ូតូធំ Ducati ផងដែរ។ លោកបានបន្តថា​៖« ដូចឃើញស្រាប់​ក្រុមម៉ូតូធំ​ដែលជិះនៅតាមដងផ្លូវ មានឡានបើកផ្លូវ មានរបៀបត្រឹមត្រូវ និង​មានកា​រសហកា​រ​គ្នា បានល្អ ព្រោះការជិះម៉ូតូធំបើមិនមានកា​រសហការគ្នា ពួកគេមិនអាចជិះបានលឿន និងបានល្អនោះទេ » ។

បើតាមការសង្កេតជាក់ស្ដែង ក្រុមម៉ូតូធំ​ទៅដល់ទីណា​ មានការភ្ញាក់ផ្អើល និងចោម​រោម​មើលពីសំណាក់ប្រជាពលរដ្ឋ ហើយកោតសរសើរពីភាពស្រស់ស្អាត និងកំលាំង​ដ៏អស្ចារ្យ​របស់ម៉ូតូទាំងនោះ ។   ម្យ៉ាងវិញទៀត​អ្វីដែលគួរឱ្យកត់សម្គាល់ទៀត​នោះ គឺក្រុមវៀតណាម និងកម្ពុជា ហាក់ដូចជា​ដឹងពីគ្នា​និង​តែងផ្ដល់សញ្ញា​ឱ្យគ្នា​បានយ៉ាងល្អ នៅពេលមានឧបសគ្គនៅខាងមុខ ដូចជាមានមនុស្ស​បំរុងឆ្លងកាត់ សត្វពាហនៈឆ្លងកាត់ជាដើម ដូចនេះសមាជិកក្រុមទាំងអស់​នឹងមិនមាន​បញ្ហា​ព្រួយបារម្ភខ្លាចមានឧបសគ្គនោះឡើយ​ ។​

សមាជិក​ម្នាក់​នៅក្នុងក្រុមម៉ូតូធំ​បាននិយាយថា វាជាបទពិសោធន៍ដ៏ពិសេសមួយ ដែលបានជិះម៉ូតូចំងាយផ្លូវឆ្ងាយពីភ្នំពេញទៅសៀមរាប និងពីសៀមរាប់ ភ្នំពេញវិញ ដោយភាពសប្បាយរីករាយ បើទោះបីជាពួកយើងបានជិះឆ្លងកាត់កំដៅថ្ងៃក៏ដោយ និង​ប្រើរយៈពេល​វែងក៏ដោយ ។

គួរបញ្ជាក់ថា បន្ទាប់ពី​សម្រាកនៅខេត្តសៀមរាបមួយយប់រួចមក ក្រុមម៉ូតូធំវៀតណាម និងកម្ពុជា បាន​បំបែកគ្នា​ជាពីរក្រុម ដោយក្រុមម៉ូតូធំវៀតណាម​បន្តដំណើរទៅកាន់ប្រទេសថៃ តាមច្រក​អូស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីទៅចូលរួមកម្មវិធីប្រណាំងម៉ូតូធំពិភពលោក WorldSBK 2017  ហើយក្រុមម៉ូតូធំកម្ពុជា​ត្រលប់មកកាន់រាជធានីភ្នំពេញវិញដោយសុវត្ថិភាព ភាពរីករាយ និងភាពជិតស្និទ្ធរវាង​សមាជិកក្នុងក្រុមទាំងអស់ ៕