ក្រុមម៉ូតូធំ Ducati របស់កម្ពុជាប្រមាណជិត១០នាក់ រួមជាមួយនឹងក្រុមម៉ូតូធំពីប្រទេសវៀតណាម ជាង២០នាក់ទៀត បានជិះម៉ូតូធំដង្ហែក្បួនតាមផ្លូវជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប ដោយឆ្លងកាត់ខេត្តកំពង់ចាម និងកំពង់ធំ លើចំណាយផ្លូវជិតសរុបទាំងទៅនិងមកជិត៨០០គីឡូម៉ែត្រ ។
ព្រឹត្តិការណ៍នេះធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដោយចេញដំណើរពីរាជធានីភ្នំពេញម៉ោងជាង៨ព្រឹក តាមផ្លូវជាតិលេខ ៦ ឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ចាមកាត់តាមផ្លូវជាតិលេខ៧ ដើម្បី ជួបជុំជាមួយក្រុមម៉ូតូធំមកពីវៀតណាម នៅទីរួមខេត្តកំពង់ចាម និងទទួលទានអាហារថ្ងៃត្រង់រួមគ្នានៅទីនោះ ។ ក្រោយពីអាហារថ្ងៃត្រង់រួចរាល់ ក្រុមម៉ូតូធំ Ducati កម្ពុជា និងវៀតណាម ក៏បានចេញដំណើរជាក្បួនឆ្ពោះទៅកាន់ខេត្តសៀមរាបបន្ត ដោយឆ្លងកាត់ផ្លូវជាតិ៧១ ឆ្ពោះទៅកំពង់ធំឆ្លងកាត់តាមផ្លូវជាតិ៦វិញ ។
លោក Yeur Rorseth ដែលជាតំណាងក្រុមហ៊ុនម៉ូតូធំ Ducati នៅកម្ពុជាបានឱ្យដឹងថាកម្មវិធីនេះ ធ្វើឡើងដើម្បីឲ្យអតិថិជនរបស់យើងទទួលភាពសប្បាយរីករាយ រំភើប ឡូយឆាយ ស៊ីវីល័យ ក្នុងការជិះម៉ូធូធំជាក្បួនតាមដងផ្លូវ ការប្រើប្រាស់ឧបករណ៍សុវត្ថិភាពដូចជា មួកសុវត្ថិភាព អាវការពារ ខោការពារ ស្រោមដៃ និងស្បែកជើងការពារ ការបង្ហាញពីម៉ូដែលម៉ូតូធំដែលមានលក់នៅលើទីផ្សារកម្ពុជា ក៏ដូចជាបង្ហាញឱ្យប្រជាពលរដ្ឋតាមដងផ្លូវមើលឃើញពីភាពស្រស់ស្អាតនៃម៉ូតូធំ Ducati ផងដែរ។ លោកបានបន្តថា៖« ដូចឃើញស្រាប់ក្រុមម៉ូតូធំដែលជិះនៅតាមដងផ្លូវ មានឡានបើកផ្លូវ មានរបៀបត្រឹមត្រូវ និងមានការសហការគ្នា បានល្អ ព្រោះការជិះម៉ូតូធំបើមិនមានការសហការគ្នា ពួកគេមិនអាចជិះបានលឿន និងបានល្អនោះទេ » ។
បើតាមការសង្កេតជាក់ស្ដែង ក្រុមម៉ូតូធំទៅដល់ទីណា មានការភ្ញាក់ផ្អើល និងចោមរោមមើលពីសំណាក់ប្រជាពលរដ្ឋ ហើយកោតសរសើរពីភាពស្រស់ស្អាត និងកំលាំងដ៏អស្ចារ្យរបស់ម៉ូតូទាំងនោះ ។ ម្យ៉ាងវិញទៀតអ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺក្រុមវៀតណាម និងកម្ពុជា ហាក់ដូចជាដឹងពីគ្នានិងតែងផ្ដល់សញ្ញាឱ្យគ្នាបានយ៉ាងល្អ នៅពេលមានឧបសគ្គនៅខាងមុខ ដូចជាមានមនុស្សបំរុងឆ្លងកាត់ សត្វពាហនៈឆ្លងកាត់ជាដើម ដូចនេះសមាជិកក្រុមទាំងអស់នឹងមិនមានបញ្ហាព្រួយបារម្ភខ្លាចមានឧបសគ្គនោះឡើយ ។
សមាជិកម្នាក់នៅក្នុងក្រុមម៉ូតូធំបាននិយាយថា វាជាបទពិសោធន៍ដ៏ពិសេសមួយ ដែលបានជិះម៉ូតូចំងាយផ្លូវឆ្ងាយពីភ្នំពេញទៅសៀមរាប និងពីសៀមរាប់ ភ្នំពេញវិញ ដោយភាពសប្បាយរីករាយ បើទោះបីជាពួកយើងបានជិះឆ្លងកាត់កំដៅថ្ងៃក៏ដោយ និងប្រើរយៈពេលវែងក៏ដោយ ។
គួរបញ្ជាក់ថា បន្ទាប់ពីសម្រាកនៅខេត្តសៀមរាបមួយយប់រួចមក ក្រុមម៉ូតូធំវៀតណាម និងកម្ពុជា បានបំបែកគ្នាជាពីរក្រុម ដោយក្រុមម៉ូតូធំវៀតណាមបន្តដំណើរទៅកាន់ប្រទេសថៃ តាមច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីទៅចូលរួមកម្មវិធីប្រណាំងម៉ូតូធំពិភពលោក WorldSBK 2017 ហើយក្រុមម៉ូតូធំកម្ពុជាត្រលប់មកកាន់រាជធានីភ្នំពេញវិញដោយសុវត្ថិភាព ភាពរីករាយ និងភាពជិតស្និទ្ធរវាងសមាជិកក្នុងក្រុមទាំងអស់ ៕