Tuesday, November 26, 2024
spot_img
More

    Latest Posts

    ស្រី​ស្អាត​៣​ប្រទេស​គ្រង​មកុដ​សម្រស់​ ចំណែក​ស្រី​ស្អាត​កម្ពុជា​ត្រៀម​ដណ្តើម​មកុដ​បវរកញ្ញា​​ចក្រវាល

    រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​ពី​ប្រទេស​ប្រេ​ស៊ីល​កញ្ញា Barbara Vitorelli បាន​គ្រង​មកុដ​បវរកញ្ញា​Miss Global 2017 ។ ចំពោះ​បេ​ក្ខ​នារី​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​បាត់បង់​ឱកាស​ដោយ​បាន​ត្រឹមតែ​តំណែង «​កញ្ញាឯក​ស្រា​បៀរ​ហ្គេ​ង​ស៍​ប៊ឺ​ក​» ប៉ុណ្ណោះ ។

    កញ្ញា​យស ប៉ូ​លី​ណា បេ​ក្ខ​នារី​តំណាង​កម្ពុជា​ធ្លាប់​បាន​បង្ហាញ​អារម្មណ៍​ថា​នាង​មិនសូវ​មាន​រំពឹង​លើ​ការ​គ្រង​មកុដ​ទេ ដោយសារ​តែ​បវរកញ្ញា​ពី​ប្រទេស ផ្សេង​ៗ​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង និង​មាន​រូប​សម្រស​ផូរផង់់ ។

    ការ​ប្រកួត​Miss Global International 2017 ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​កញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន​ឡើង​ដល់​វគ្គ​ជម្រុះ​សល់​១១​នាក់​តាម​រយៈ​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​អ្នក​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​សែ​ល​ខាត ។ ចុង​ក្រោយ​បំផុត​នាង​បាន​គ្រង​តំណែង​កិត្តិយស​ជា​«​កញ្ញាឯក​របស់​ក្រុមហ៊ុន​ហ្គេ​ង​ស៍​ប៊ឺ​ក​» ខណ​:​ដែល​បេ​ក្ខ​នារី​តំណាង​ប្រទេស​ប្រេ​ស៊ី​ល បាន​ក្លាយជា​ម្ចាស់​មកុដ​Miss Global International 2017 ។ កញ្ញា​ប្រេ​ស៊ីល​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​៦០​នាក់ យក​២០​នាក់ មក​១១​នាក់​ចុង​ក្រោយ និង​ជាប់​ក្នុង​ចំណោម​​​៥​នាក់​នា​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ក្លាយជា​អ្នក​គ្រង​មកុដ​ថ្នាក់​ពិភពលោក​តែ​ម្តង ។

    ម្ចាស់​ជ័យ​លា​ភី​បាន​ឆ្លង​សំណួរ​ពីរ​ដំណាក់កាល ។ វគ្គ​ទី​១​វគ្គ​ត្រឹម​១១​នាក់ នាង​បាន​ឆ្លើយ​ថា ស្ត្រី​ក៏​អាច​បំពេញភារកិច្ច​ជូន​ពិភពលោក ស្ត្រី​អាច​មានជីវិត និង​ចេះ​ដឹង​ដើម្បី​ជួយ​ពិភព​លោក ។ ចំណែក​ចម្លើយ​វគ្គ​ទី​២​ក្នុង​ដំណាក់កាល​៥​នាក់​ចុង​ក្រោយ​នាង​បាន​ឆ្លើយ​ថា​ដើម្បី​ជួយ​បរិស្ថាន​គឺ​នាង​នឹង​ជួយ​ដល់​ព្រៃ​អា​ម៉ា​ហ្សូ​ន​មុនគេ​ដែល​ជា​ប្រទេស​នាង​គ្រា​ដែល​យល់​ថា​ព្រៃ​មួយ​នេះ​ខូចខាត​ច្រើន ។

    ម្ចាស់​ជ័យ​លា​ភី​ទាំង​៥​នាក់​រួម​មាន​៖ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​បេ​ក្ខ​នារី​ប្រេ​ស៊ី​ល ។ លេខ​២ ប្រទេស​បា​ហា​ម៉ា ។ លេខ​៣​ប្រទេស​អា​ឡឺ​ម៉​ង់ ។ លេខ​៤ ប្រទេស​សូ​ម៉ា​លី​លែ​ន។ លេខ​៥​ប្រទេស​ចិន ។

    ចំពោះ​ពានរង្វាន់​ថតរូប​ស្អាត​បាន​លើ​ប្រទេស​វៀតណាម ពានរង្វាន់​មិត្តភាព ប្រទេស​កុង​ហ្គោ ពានរង្វាន់​ប្រជាប្រិយ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ បេ​ក្ខ​នារី​កម្ពុជា​បាន​តំណែង​«កញ្ញាឯក​ស្រា​បៀ​ហ្គេ​ង​ស៍​ប៊ឺ​ត ។ បវរកញ្ញា​ចក្កវាឡ​កម្ពុជា​គ្រង​ឈុត​តំណាង​ជាតិ​ឈ្មោះ​ថា​«​មហាហង្ស​បាពួន​» ដ៏​ប្រណីត​ត្រៀម​ប្រកួត​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៧ កញ្ញា​ប៊ី សុធា​រី គឺជា​នារី​កំពូល​សម្រស់​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​ចូលរួម​ការ​ប្រកួត​បវ​រកញ្ញា​ចក្រវាល ឬ​ហៅ​ថា Miss Universe 2017 ដែល​កម្មវិធី​នេះ​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃ​ទី​២៦ វិច្ឆិកា​នៅ ទីក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក ។

    កម្មវិធី Miss Universe នេះ​គឺជា​កម្មវិធី​ប្រកួតប្រជែង​កំពូល​សម្រស់​ដ៏​មាន​កិត្យានុភាព​បំផុត​របស់​ពិភពលោក ហើយ​វា​គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ដែល​កញ្ញា​ប៊ី សុធា​រី ក្លាយជា​នារី​ទី​មួយ​របស់​កម្ពុជា ដែល​នឹង​មានឱកាស​នាំ​ជូន​ប្រទេស​របស់​ខ្លួន​នូវ​កេរ្តិ៍ឈ្មោះ​ដែល​នាង​ចង់បាន​បំផុត នោះ​គឺជា​បវរកញ្ញា​ចក្រវាល ។

    ឈុត​តំណាង​ជាតិ​ដែល​កញ្ញា​ប៊ី សុធា​រី នឹង​គ្រង​បង្ហាញ​លើ​ឆាក​អន្តរជាតិ​នេះ​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត ទាក់ទាញ និយាយ​រួម​គឺ​ស្អាត​កប់​តែ​ម្តង ។ ឈុត​តំណាង​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​នេះ​មានឈ្មោះ​ថា «​មហាហង្ស​បាពួន​» ។

    «​មហាហង្ស​» គឺជា​ឈ្មោះ​បក្សី​មាស​ដ៏​ពិសិដ្ឋ​ដែល​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ មាស​ពេជ្រ​កែវ​ពិ​ទូ​សូរ្យ​កាន ឬ​ក៏​រតនវត្ថុ​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា ។ ប្រាសាទបាពួន គឺជា​ឈ្មោះ​ប្រាសាទខ្មែរ​ដ៏​ល្បីល្បាញ​ដែល​បាន​កសាង​ឡើង​នៅ​ពាក់កណ្តាល​សតវត្ស​ទី​១១ ក្នុង​រជ្ជកាល​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័ន​ទី​២ និង​ត្រូវ​បាន​ឧទ្ទិស​ដល់​សាសនា​ហិណ្ឌូ ។ សម្រាប់​ការ​រចនា​សំពត់​នេះ​ត្រូវ​បាន​បំផុសគំនិត​ពី​សំណាក​ទេព​អប្សរា នៃ​ប្រាសាទ​នេះ​ដោយ​រចនា​ឡើង​របៀប​ទំនើប​កម្មនា​សម័យ​បច្ចុប្បន្ន ។

    ​កញ្ញា​សុធា​រី ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដើម្បី​ហ្វឹកហាត់​ជាមួយ​អ្នកជំនាញ​ដើរ​បង្ហាញ​ម៉ូ​ដ អ្នកជំនាញ​ផាត់មុខ អ្នកជំនាញ​និយាយ​ជា​សាធារណៈ ដើម្បី​រៀបចំ​រូប​រាង​កាយ និង​អត្ត​ចរិត​របស់​នាង​ត្រៀម​សម្រាប់​សកម្មភាព​រយៈពេល​បី​ស​ប្ដា​ហ៍រ​ហូត​ឈាន​​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៧​នេះ ។ ផ្ទាំងទស្សនីយភាព​ដ៏​ចែងចាំង​នេះ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ Planet Hollywood Resort & Casino នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក ដែល​ការ​ប្រឡង​បវរកញ្ញា​នេះ​នឹង​បញ្ចាំង​នៅ​ទូ​ទាំង​ពិភពលោក​ជាមួយនឹង​ទស្សនិកជន​ទស្សនា​សរុប​ប្រមាណ​៦០០​លាន​នាក់​។
    តើ​កញ្ញា​ប៊ី សុធា​រី ដែល​តំណាង​កម្ពុជា នឹង​ក្លាយជា​បវរកញ្ញា​ដែល​គ្រង​មកុដ Miss Universe 2017 ឬទេ ?

    កញ្ញា​ប៊ី សុធា​រី ដែល​កំពុង​ស្ថិត​នៅ​ទឹកដី​ប្រទេស​មហាអំណាច​អា​មេ​រិ​កបាន​និយាយ​ថា​នាង​មាន​អារម្មណ៍​រំភើប​ដែល​អាច​ពាក់​ឆៀង​មានឈ្មោះ​ថា Miss Universe Cambodia សម្រាប់​ការ​ប្រកួត​កំពូល​សម្រស់​លើ​ឆាក​អន្តរជាតិ​មួយ​នេះ ។

    កញ្ញា​ប៊ី សុធា​រី និយាយ​ថា​៖ «​នៅ​ទីបំផុត​ខ្ញុំ​បាន​ពាក់​ឆៀង​បវរ​ក​ញ្ញ​ចក្រវាល​ផ្លូវការ ដែល​មានឈ្មោះ​ថា​កម្ពុជា ។ វា​ជា​កិត្តិយស​ណាស់​សម្រាប់​រូប​នាង​ខ្ញុំ ដែល​តំណាង​ឱ្យ​ប្រទេស​របស់ខ្ញុំ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Universe) ជា​លើក​ដំបូង ។ ប៉ុន្តែ​វា​ជា​កិត្ដិយស​ដ៏​ធំធេង​មួយ ក្នុង​ការ​ឈរ​បង្ហាញខ្លួន​នៅ​លើ​ឆាក​បវរកញ្ញា​ចក្រវាល ដោយ​ដឹង​ថា​ប្រទេស​ទាំងមូល​កំពុង​អបអរសាទរ​រូប​ខ្ញុំ​» ។

    នារី​ឥណ្ឌា​គ្រង​តំណែង​បវរកញ្ញា​ពិភពលោក​2017
    សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​លទ្ធផល​ការ​ប្រកួត​បវរ​កញ្ញា​ពិភពលោក ឬ​Miss World លើក​ទី​៦៧​ប្រចាំឆ្នាំ​២០១៧ នៅ​ទីក្រុង​Sanya ខេត្ត​ហា​យ​ណា​ន ប្រទេស​ចិន កាលពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ដោយ​មាន​បេ​ក្ខ​នារី​ចូលរួម​ចំនួន​១៣០ ប្រទេស ។

    កញ្ញា Manushi Chhillar បវរកញ្ញា​ពី​ឥណ្ឌា អាយុ​២០​ឆ្នាំ ជា​និស្សិត​ពេទ្យ នៅ​មហាវិទ្យា​ល័យ​ក្នុង​រដ្ឋ Haryana និង​ជា​អ្នក​ចូល​ចិត្ត​រាំ​បែប​ប្រពៃណី​ជា​អ្នក​ឈ្នះ​បាន​គ្រង​មកុដ​បវរកញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ។

    ចំណែក​ចំណាត់ ថ្នាក់​ទី​២​បាន​ទៅ​នាង Andrea Meza ជនជាតិ​ម៉ិ​ក​ស៊ិ​ក ។ ចំណាត់ថ្នាក់​ទី​៣​គឺ​នាង Stephanie Hill ជនជាតិ​អង់គ្លេស ។

    ជ័យជម្នះ​នៅ​ឆ្នាំ​២០១៧​នេះ​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​មាន​បវរកញ្ញា​ពិភពលោក​ដល់​ទៅ​៦​នាក់ ស្មើនឹង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ។

    បវរកញ្ញា​ឥណ្ឌា​ដែល​ទទួល​ពានរង្វាន់​នេះ​នៅ​ក្នុង​ឆ្នាំ​២០០០ គឺ​នាង Priyanka Chopra ។
    ស្រី​ស្អាត​ឥណ្ឌូ​ណេ​ស៊ី​គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ​២០១៧ AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Kevin Lilliana បវរកញ្ញា​ឥណ្ឌូ​ណេ​ស៊ី​បាន​គ្រង​មកុដ​បវរកញ្ញា​អន្តរ​ជាតិ ២០១៧ ឬ «Miss International 2017 » ក្នុង​ចំណោម​បេ​ក្ខ​នារី​ពី​៧១​ប្រទេស​នៅ​លើ​ពិភពលោក​ចូលរួម​ប្រកួត ។ ពិធី​នេះ​បាន​រៀបចំ​ឡើងជា​លើក​ទី​៥៧ នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៧ ។

    ចំណាត់ថ្នាក់​ទី​២ បាន​ទៅ​លើ​បវរកញ្ញា Chanelle Wilhelmina ពី​កោះ​គូ​រ៉ា​កៅ ។ លំដាប់​ទី​៣ បាន​ទៅ​ស្រី​ស្អាត​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​។ លំដាប់​ទី​៤ ស្រី​ស្អាត​អូស្ត្រាលី ។ ទី​៥ បាន​ទៅ​លើ​នាង Natsuk: Tsutsui ប្រទេស​ជប៉ុន ។

    កញ្ញា Kevin Lilliana ជា​អ្នកក្រុង​បាន​ឌុ​ង ជ្វា​ខាងលិច ។ នាង​មានឈ្មោះ Kevin ដូច​ឈ្មោះ​បុរស ព្រោះ​ពេល​នៅ​ក្នុង​ពោះ​ឳ​ពុក​ម្តាយ​គិត​ថា​ជា​កូនប្រុស ក៏​ត្រៀម​ដាក់​ឈ្មោះ​បែប​ប្រុស ប៉ុន្តែ​នៅ​ពេល​សម្រាល​បែរជា​កូនស្រី​ទៅ​វិញ ទើប​បន្ថែម​ឈ្មោះ Lilliana ឱ្យ​សម​ឈ្មោះ​ជា​ស្រី ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.