រាជធានីភ្នំពេញ ៖ បវរកញ្ញាពីប្រទេសប្រេស៊ីលកញ្ញា Barbara Vitorelli បានគ្រងមកុដបវរកញ្ញាMiss Global 2017 ។ ចំពោះបេក្ខនារីកម្ពុជាដែលជាម្ចាស់ផ្ទះបាត់បង់ឱកាសដោយបានត្រឹមតែតំណែង «កញ្ញាឯកស្រាបៀរហ្គេងស៍ប៊ឺក» ប៉ុណ្ណោះ ។
កញ្ញាយស ប៉ូលីណា បេក្ខនារីតំណាងកម្ពុជាធ្លាប់បានបង្ហាញអារម្មណ៍ថានាងមិនសូវមានរំពឹងលើការគ្រងមកុដទេ ដោយសារតែបវរកញ្ញាពីប្រទេស ផ្សេងៗសុទ្ធតែមានសមត្ថភាពខ្លាំង និងមានរូបសម្រសផូរផង់់ ។
ការប្រកួតMiss Global International 2017 ដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា គឺកញ្ញាតំណាងឲ្យប្រទេសកម្ពុជាបានឡើងដល់វគ្គជម្រុះសល់១១នាក់តាមរយៈការបោះឆ្នោតគាំទ្រពីអ្នកប្រើប្រព័ន្ធទូរស័ព្ទសែលខាត ។ ចុងក្រោយបំផុតនាងបានគ្រងតំណែងកិត្តិយសជា«កញ្ញាឯករបស់ក្រុមហ៊ុនហ្គេងស៍ប៊ឺក» ខណ:ដែលបេក្ខនារីតំណាងប្រទេសប្រេស៊ីល បានក្លាយជាម្ចាស់មកុដMiss Global International 2017 ។ កញ្ញាប្រេស៊ីលបានឆ្លងកាត់វគ្គជម្រុះ៦០នាក់ យក២០នាក់ មក១១នាក់ចុងក្រោយ និងជាប់ក្នុងចំណោម៥នាក់នាវគ្គផ្តាច់ព្រ័ត្រ ហើយក្លាយជាអ្នកគ្រងមកុដថ្នាក់ពិភពលោកតែម្តង ។
ម្ចាស់ជ័យលាភីបានឆ្លងសំណួរពីរដំណាក់កាល ។ វគ្គទី១វគ្គត្រឹម១១នាក់ នាងបានឆ្លើយថា ស្ត្រីក៏អាចបំពេញភារកិច្ចជូនពិភពលោក ស្ត្រីអាចមានជីវិត និងចេះដឹងដើម្បីជួយពិភពលោក ។ ចំណែកចម្លើយវគ្គទី២ក្នុងដំណាក់កាល៥នាក់ចុងក្រោយនាងបានឆ្លើយថាដើម្បីជួយបរិស្ថានគឺនាងនឹងជួយដល់ព្រៃអាម៉ាហ្សូនមុនគេដែលជាប្រទេសនាងគ្រាដែលយល់ថាព្រៃមួយនេះខូចខាតច្រើន ។
ម្ចាស់ជ័យលាភីទាំង៥នាក់រួមមាន៖ ចំណាត់ថ្នាក់លេខ១បានទៅបេក្ខនារីប្រេស៊ីល ។ លេខ២ ប្រទេសបាហាម៉ា ។ លេខ៣ប្រទេសអាឡឺម៉ង់ ។ លេខ៤ ប្រទេសសូម៉ាលីលែន។ លេខ៥ប្រទេសចិន ។
ចំពោះពានរង្វាន់ថតរូបស្អាតបានលើប្រទេសវៀតណាម ពានរង្វាន់មិត្តភាព ប្រទេសកុងហ្គោ ពានរង្វាន់ប្រជាប្រិយប្រទេសឥណ្ឌូណេស៊ី ។ បេក្ខនារីកម្ពុជាបានតំណែង«កញ្ញាឯកស្រាបៀហ្គេងស៍ប៊ឺត ។ បវរកញ្ញាចក្កវាឡកម្ពុជាគ្រងឈុតតំណាងជាតិឈ្មោះថា«មហាហង្សបាពួន» ដ៏ប្រណីតត្រៀមប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៧ កញ្ញាប៊ី សុធារី គឺជានារីកំពូលសម្រស់កម្ពុជាដំបូងគេបង្អស់ដែលបានចូលរួមការប្រកួតបវរកញ្ញាចក្រវាល ឬហៅថា Miss Universe 2017 ដែលកម្មវិធីនេះនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី២៦ វិច្ឆិកានៅ ទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ។
កម្មវិធី Miss Universe នេះគឺជាកម្មវិធីប្រកួតប្រជែងកំពូលសម្រស់ដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក ហើយវាគឺជាឱកាសដ៏សំខាន់មួយដែលកញ្ញាប៊ី សុធារី ក្លាយជានារីទីមួយរបស់កម្ពុជា ដែលនឹងមានឱកាសនាំជូនប្រទេសរបស់ខ្លួននូវកេរ្តិ៍ឈ្មោះដែលនាងចង់បានបំផុត នោះគឺជាបវរកញ្ញាចក្រវាល ។
ឈុតតំណាងជាតិដែលកញ្ញាប៊ី សុធារី នឹងគ្រងបង្ហាញលើឆាកអន្តរជាតិនេះរចនាឡើងយ៉ាងស្រស់ស្អាត ទាក់ទាញ និយាយរួមគឺស្អាតកប់តែម្តង ។ ឈុតតំណាងជាតិកម្ពុជាសម្រាប់ការប្រកួតបវរកញ្ញាចក្រវាលនេះមានឈ្មោះថា «មហាហង្សបាពួន» ។
«មហាហង្ស» គឺជាឈ្មោះបក្សីមាសដ៏ពិសិដ្ឋដែលតំណាងឱ្យទ្រព្យសម្បត្តិ មាសពេជ្រកែវពិទូសូរ្យកាន ឬក៏រតនវត្ថុដែលមនុស្សគ្រប់គ្នាប្រាថ្នា ។ ប្រាសាទបាពួន គឺជាឈ្មោះប្រាសាទខ្មែរដ៏ល្បីល្បាញដែលបានកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ និងត្រូវបានឧទ្ទិសដល់សាសនាហិណ្ឌូ ។ សម្រាប់ការរចនាសំពត់នេះត្រូវបានបំផុសគំនិតពីសំណាកទេពអប្សរា នៃប្រាសាទនេះដោយរចនាឡើងរបៀបទំនើបកម្មនាសម័យបច្ចុប្បន្ន ។
កញ្ញាសុធារី ធ្លាប់បានធ្វើដំណើរទៅប្រទេសហ្វ៊ីលីពីន ដើម្បីហ្វឹកហាត់ជាមួយអ្នកជំនាញដើរបង្ហាញម៉ូដ អ្នកជំនាញផាត់មុខ អ្នកជំនាញនិយាយជាសាធារណៈ ដើម្បីរៀបចំរូបរាងកាយ និងអត្តចរិតរបស់នាងត្រៀមសម្រាប់សកម្មភាពរយៈពេលបីសប្ដាហ៍រហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រនារាត្រីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៧នេះ ។ ផ្ទាំងទស្សនីយភាពដ៏ចែងចាំងនេះនឹងត្រូវប្រារព្ធធ្វើនៅសណ្ឋាគារ Planet Hollywood Resort & Casino នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ដែលការប្រឡងបវរកញ្ញានេះនឹងបញ្ចាំងនៅទូទាំងពិភពលោកជាមួយនឹងទស្សនិកជនទស្សនាសរុបប្រមាណ៦០០លាននាក់។
តើកញ្ញាប៊ី សុធារី ដែលតំណាងកម្ពុជា នឹងក្លាយជាបវរកញ្ញាដែលគ្រងមកុដ Miss Universe 2017 ឬទេ ?
កញ្ញាប៊ី សុធារី ដែលកំពុងស្ថិតនៅទឹកដីប្រទេសមហាអំណាចអាមេរិកបាននិយាយថានាងមានអារម្មណ៍រំភើបដែលអាចពាក់ឆៀងមានឈ្មោះថា Miss Universe Cambodia សម្រាប់ការប្រកួតកំពូលសម្រស់លើឆាកអន្តរជាតិមួយនេះ ។
កញ្ញាប៊ី សុធារី និយាយថា៖ «នៅទីបំផុតខ្ញុំបានពាក់ឆៀងបវរកញ្ញចក្រវាលផ្លូវការ ដែលមានឈ្មោះថាកម្ពុជា ។ វាជាកិត្តិយសណាស់សម្រាប់រូបនាងខ្ញុំ ដែលតំណាងឱ្យប្រទេសរបស់ខ្ញុំក្នុងការប្រកួតបវរកញ្ញាចក្រវាល (Miss Universe) ជាលើកដំបូង ។ ប៉ុន្តែវាជាកិត្ដិយសដ៏ធំធេងមួយ ក្នុងការឈរបង្ហាញខ្លួននៅលើឆាកបវរកញ្ញាចក្រវាល ដោយដឹងថាប្រទេសទាំងមូលកំពុងអបអរសាទររូបខ្ញុំ» ។
នារីឥណ្ឌាគ្រងតំណែងបវរកញ្ញាពិភពលោក2017
សារព័ត៌មានបរទេស កាលពីពេល ថ្មីៗកន្លងមកបានបង្ហាញលទ្ធផលការប្រកួតបវរកញ្ញាពិភពលោក ឬMiss World លើកទី៦៧ប្រចាំឆ្នាំ២០១៧ នៅទីក្រុងSanya ខេត្តហាយណាន ប្រទេសចិន កាលពីយប់ថ្ងៃទី១៨ វិច្ឆិកា ដោយមានបេក្ខនារីចូលរួមចំនួន១៣០ ប្រទេស ។
កញ្ញា Manushi Chhillar បវរកញ្ញាពីឥណ្ឌា អាយុ២០ឆ្នាំ ជានិស្សិតពេទ្យ នៅមហាវិទ្យាល័យក្នុងរដ្ឋ Haryana និងជាអ្នកចូលចិត្តរាំបែបប្រពៃណីជាអ្នកឈ្នះបានគ្រងមកុដបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៧ ។
ចំណែកចំណាត់ ថ្នាក់ទី២បានទៅនាង Andrea Meza ជនជាតិម៉ិកស៊ិក ។ ចំណាត់ថ្នាក់ទី៣គឺនាង Stephanie Hill ជនជាតិអង់គ្លេស ។
ជ័យជម្នះនៅឆ្នាំ២០១៧នេះធ្វើឱ្យប្រទេសឥណ្ឌាមានបវរកញ្ញាពិភពលោកដល់ទៅ៦នាក់ ស្មើនឹងប្រទេសវ៉េណេស៊ុយអេឡា ។
បវរកញ្ញាឥណ្ឌាដែលទទួលពានរង្វាន់នេះនៅក្នុងឆ្នាំ២០០០ គឺនាង Priyanka Chopra ។
ស្រីស្អាតឥណ្ឌូណេស៊ីគ្រងមកុដបវរកញ្ញាអន្តរជាតិ២០១៧ AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា នាង Kevin Lilliana បវរកញ្ញាឥណ្ឌូណេស៊ីបានគ្រងមកុដបវរកញ្ញាអន្តរជាតិ ២០១៧ ឬ «Miss International 2017 » ក្នុងចំណោមបេក្ខនារីពី៧១ប្រទេសនៅលើពិភពលោកចូលរួមប្រកួត ។ ពិធីនេះបានរៀបចំឡើងជាលើកទី៥៧ នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី១៤ វិច្ឆិកា ២០១៧ ។
ចំណាត់ថ្នាក់ទី២ បានទៅលើបវរកញ្ញា Chanelle Wilhelmina ពីកោះគូរ៉ាកៅ ។ លំដាប់ទី៣ បានទៅស្រីស្អាតវ៉េណេស៊ុយអេឡា។ លំដាប់ទី៤ ស្រីស្អាតអូស្ត្រាលី ។ ទី៥ បានទៅលើនាង Natsuk: Tsutsui ប្រទេសជប៉ុន ។
កញ្ញា Kevin Lilliana ជាអ្នកក្រុងបានឌុង ជ្វាខាងលិច ។ នាងមានឈ្មោះ Kevin ដូចឈ្មោះបុរស ព្រោះពេលនៅក្នុងពោះឳពុកម្តាយគិតថាជាកូនប្រុស ក៏ត្រៀមដាក់ឈ្មោះបែបប្រុស ប៉ុន្តែនៅពេលសម្រាលបែរជាកូនស្រីទៅវិញ ទើបបន្ថែមឈ្មោះ Lilliana ឱ្យសមឈ្មោះជាស្រី ៕