រាជធានីភ្នំពេញ ៖ បន្ទាប់ពីចេញទៅពិនិត្យ និងព្យាបាលជំងឺនៅក្នុងប្រទេសថៃជិត២
សប្តាហ៍កន្លងទៅ តារាកំប្លែងលោក វីតាមីនសេ បានវិលមកកាន់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី២៨ វិច្ឆិកា នេះ ជាមួយក្តីសង្ឃឹមថ្មី ក្នុងការព្យាបាល ។
កូនស្រីលោកវីតាមីនសេ អ្នកនាង ប៉េង ប៉ោង បានអះអាងថា ក្រោយពីរងចាំស្តាប់លទ្ធផលពីក្រុមគ្រូពេទ្យកាលពីថ្ងៃទី២៧ វិច្ឆិកា រួចមក ក្រុមគ្រូពេទ្យថៃ បានធានានឹងព្យាបាលជំងឺឪពុករបស់អ្នកនាងឲ្យជាសះស្បើយ ។ អ្នកនាងបញ្ជាក់ថា ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនាទីក្រុងបាងកក អាការៈជំងឺរបស់លោក វីតាមីនសេ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ហេតុនេះ គេអាចនឹងធានាក្នុងការព្យាបាល ។
បើតាមអ្នកនាង ប៉េង ប៉ោង ការព្យាបាលជំងឺឪពុករបស់អ្នកនាង គឺធ្វើឡើង២ដងតាមរយៈការចាក់ថ្នាំ ដើម្បីធ្វើឲ្យសាច់ដុះនៅក្នុងថ្លើមរបស់លោកឲ្យរួម ឬក៏អាចរក្សានៅដូចដើម មុនឈានដល់ដំណាក់កាលវះកាត់ចុងក្រោយ ខណៈពេលតម្លៃនៃការចាក់ថ្នាំម្តងគឺមានចំនួន១សែន៥ម៉ឺនបាត បើគិតជាដុល្លារប្រហែលជា៥ពាន់ដុល្លារ ។
អ្នកនាងប៉េង ប៉ោង បានអះអាងបន្ថែមថា តាមរយៈក្រុមគ្រូពេទ្យនៅប្រទេសថៃ ជំងឺឪពុករបស់អ្នកនាងអាចធានា និងអាចព្យាយបាលបានរហូតដល់៧០% ។ អ្នកនាងបញ្ជាក់ថា បើទោះបីជាការចេញទៅព្យាបាលនៅប្រទេសថៃរយៈពេលជិត១០ថ្ងៃនេះ មានរយៈពេលខ្លីក៏ដោយ ប៉ុន្តែក្រុមគ្រួសាររបស់អ្នកនាងត្រូវបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមគ្រូពេទ្យនៅទីនោះ ។
ក្រុមគ្រូពេទ្យបានស្នើកុំឲ្យក្រុមគ្រួសារ ជាពិសេសឪពុករបស់នាងផ្ទាល់ កុំឲ្យមានការអស់សង្ឃឹម ព្រោះក្រុមគ្រូពេទ្យទាំងអស់នឹងខិតខំជួយឲ្យអស់លទ្ធភាព។ យ៉ាងណាក៏ដោយតាមរយៈលទ្ធផលខាងលើនេះ អ្នកនាង និងក្រុមគ្រួសារទាំងមូលពិតជាសប្បាយចិត្តយ៉ាងខ្លាំង បើទោះបីជាការចំណាយលើការព្យាបាលជំងឺលោកវីតាមីនសេ នាពេលនេះអាចនឹងត្រូវចំណាយថវិកាប្រមាណជិត៣ម៉ឺនដុល្លារ ។
ក្នុងនាម អ្នកនាងបម្រើលើផ្នែកសិល្បៈទាំងគ្រួសារ អ្នកនាង ប៉េង ប៉ោង បានស្នើសុំឲ្យមានការជួយឧបត្ថម្ភពីភាគីផ្សេងៗ ដែលមានបំណងជួយដល់ក្រុមគ្រួសាររបស់នាងដែលកំពុងជួបបញ្ហានាពេលនេះ ។ អ្នកនាងក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះបណ្តាអ្នកជួយឧបត្ថម្ភ នាពេលកន្លងមក ជាពិសេសការជួយប្រឹក្សាយោបល់ក្នុនាំយកលោក វីតាមីនសេ ទៅព្យាបាលជំងឺនៅឯក្រៅប្រទេស រហូតទទួលបានលទ្ធផលល្អនាពេលនេះ។
បើតាមគម្រោងលោក វីតាមីនសេ នឹងវិលត្រឡប់ទៅកាន់ប្រទេសថៃ ជាលើកទីពីរ ក្នុងអំឡុងពាក់កណ្តាលខែធ្នូខាងមុខនេះ តាមវេជ្ជបញ្ជាររបស់ក្រុមគ្រូពេទ្យនៅទីនោះ ។