ការគិតបែបវិជ្ជមានសំដៅទៅលើការគិតរបស់មនុស្សដែលមើលឃើញពិភពលោកក្នុងផ្លូវល្អ។ការគិតបែបនេះមិនត្រឹមតែផ្ដល់អោយខ្លួនឯងនូវក្ដីសុខតែប៉ុណ្ណោះទេ អ្នកជុំវិញខ្លួនអ្នកក៏ទទួលបានដូចគ្នា។ ការគិតបែបវិជ្ជមានក៏បានផ្ដល់អោយសេចក្ដីសុខផ្លូវចិត្ត នឹងសុខភាពផ្លូវកាយល្អដូចគ្នា។ បើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានអោយដឹងថា ការគិតបែបវិជ្ជមានជាកត្តាជំរុញអោយកាន់តែមានភាពជឿជាក់ បង្ការនូវជំងឺលើសសម្ពាធឈាម និងជំងឺបាក់ទឹកចិត្តបានទៀតផង។ ដូច្នេះម៉េចមិនសាកផ្លាស់ប្ដូរការគិតរបស់អ្នក ហើយស្វែងរកសេចក្ដីសុខអោយខ្លួនឯងតាមវិធីខាងក្រោមនេះ
- ចាប់ផ្ដើមថ្ងៃថ្មីតាមរយៈការគិតវិជ្ជមាន គេតែងនិយាយថាបើអ្នកងើបមកពេលព្រឹកតាមអារម្មណ៍បែបណា មួយថ្ងៃនោះអ្នកនឹងមានអារម្មណ៍បែបនោះពេញមួយថ្ងៃ។ តើអ្នកធ្លាប់គិតទេថាមួយថ្ងៃនេះដូចជាមិនល្អទាល់តែសោះនៅពេលដែលអ្នកងើបមកយឺតពេល។ នេះមកពីការគិតបែបអវិជ្ជមានរបស់អ្នកគ្របដណ្ដប់ពេញខួរក្បាលរបស់អ្នកធ្វើអោយអ្នកគិតបែបវិជ្ជមានមិនចេញសោះ។ សាកផ្លាស់ប្ដូរការគិតទៅជាបែបវិជ្ជមានតាមរយៈការនិយាយប្រាប់ខ្លូនឯងនៅមុខកញ្ចក់ ទោះបីជាមើលទៅវាដូចជាមនុស្សឆ្កួតក៏ដោយតែវាជាវិធីមួយផ្លាស់ប្ដូរការគិតរបស់អ្នកចាប់តាំងពីពេលព្រឹកបាន។
- ផ្ដោតទៅលើរឿងល្អៗ ទោះបីវាជារឿងតូចតាច វាមិនដែលមានថ្ងៃល្អរហូតនោះទេ តែវាប្រាកដជាមានរឿងល្អៗតូចតាចមួយចំនូននៅក្នុងថ្ងៃអាក្រក់នោះ។ ចូរកត់សំគាល់រឿងល្អតូចតាចទាំងនោះហើយយកវាមកគិតតាមបែបល្អៗ ហើយផ្លាស់ប្ដូរថ្ងៃអាក្រក់ទាំងនោះទៅជាថ្ងៃល្អតាមរយៈការគិតរបស់អ្នកវិញ។ ឧទាហរណ៍ដូចជាអ្នកជាប់ស្ទះចរាចរណ៍ អ្នកប្រហែលជាមានអារម្មណ៍ធុញថប់ ដូច្នេះបើអ្នកគិតថាអ្នកអាចមានពេលមើលពីមនុស្សជុំវិញខ្លួន ហើយទទួលយកបទពិសោធន៍តាមរយៈការស្ទះចរាចរណ៍នេះ នោះអារម្មណ៍ធុញថប់របស់អ្នកនឹងបានរសាយខ្លះ។
- ប្រែក្លាយកំហុសទៅជាមេរៀន គ្មានអ្នកណាដែលល្អទាំងអស់នោះទេ អ្នកណាក៏បង្កើតកំហុសដែរ។ ជំនួសអោយការគិតពីកំហុសមកជាការគិតពីអ្វីដែលត្រូវធ្វើនៅពេលក្រោយ ក៏ដូចជារៀនទទួលស្គាល់កំហុសហើយប្រែក្លាយកំហុសទាំងនោះទៅជាមេរៀនវិញ។
- ប្ដូរការនិយាយជាមួយខ្លួនឯងពីអវិជ្ជមានទៅជាវិជ្ជមាន ការនិយាយជាមួយខ្លួនឯងនៅក្នុងចិត្តភាគច្រើនតែងតែនាំយកមកនូវការគិតបែបអវិជ្ជមាន អ្នកអាចនិងគិតថាអ្នកអាក្រក់ អ្នកអន់ជាដើម។ បញ្ឈប់ការគិតបែបនេះនៅពេលណាដែលអ្នកកំពុងតែដឹងថាអ្នកកំពុងតែគិតបែបអវីជ្ជមានហើយជំនួសមកវិញនូវការគិតបែបល្អៗ។
- បំភ្លេចអតីតកាល ហើយផ្ដោតទៅលើបច្ចុប្បន្ន ការផ្ដោតទៅលើបច្ចុប្បន្នមិនមែនផ្ដោតទៅលើម៉ោងនេះ ថ្ងៃនេះនោះទេ តែផ្ដោតទៅលើអ្វីដែលកើតឡើងពេលនេះ។ បំភ្លេចចោលនូវអតីតកាលដែលជាស្រមោលអាក្រក់តាមលងអ្នកហើយរស់នៅជាមួយជិវិតដ៏ស្រស់បំព្រងរបស់អ្នកវិញ។
- បង្កើតមិត្តជាមួយអ្នកដែលមានគំនិតវិជ្ជមាន នៅពេលដែលអ្នកនៅជុំវិញដោយមនុស្សដែលមានការគិតបែបវិជ្ជមាន អ្នកនឹងសម្របខ្លូនឯងទៅជាមនុស្សដែលមានការគិតបែបនេះដូចគ្នា។ ស្វែងរកអ្នកដែលមានគំនិតវិជ្ជមានមកបំពេញជិវិតរបស់អ្នកអាចពិបាក ប៉ុន្តែការជំនះខ្លួនឯងអាចនឹងពិបាកជាង។
តើអ្នកចង់ក្លាយជាមនុស្សដែលជួយជំរុញអោយអ្នកដទៃប្រែការគិត និងប្រែគំនិតខ្លួនឯងទៅជាមនុស្សដែលមានការគិតបែបវិជ្ជមានក្នុងពេលតែមួយដែលទេ?