រាជធានីភ្នំពេញ៖ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានប្រតិកម្មតបបុរសម្នាក់ដែលប្រឌិតរឿងចោទប្រកាន់រូបនាងដោយគ្មានមូលដ្ឋានច្បាស់លាស់ ។
បុរសម្នាក់ទំនងជាអាណិកជនខ្មែររស់នៅអាមេរិកបានចេញវីដេអូឃ្លីបជាមួយនឹងសារវាយប្រហារអ្នកនាងម៉េង កែវពេជ្ជតា ទាក់ទិនរឿងរ៉ាវមួយចំនួនដែលបុរសនោះអះអាងថាបានកើតឡើងជាមួយតារាចម្រៀងរូបនេះ ។ បុរសនោះបានភ្ជាប់សារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនថា «តើប្អូនម៉េង កែវពេជ្ជចិន្តា បានឡើងទ្រនំពីអ្នកណា? ហើយអ្នកណាដែលជាអ្នកជួយរកទ្រនំឲ្យ? ប្រវត្តិរបស់ប្អូនស្រីចិន្ដាហើយនិង«កង្កែបបោក»យ៉ាងម៉េចដែរ? ពេលនេះប្អូនស្រីភ្លេចពាក្យសម្បថប្រចាំត្រកូលហើយមែនទេ ? កាលពីឆ្នាំ១៩៩០ស្បថជាមួយនឹងបងកង្កែបបោក (ហៅអ្នកហាន់)យ៉ាងមេចខ្លះ? ពេលនោះបងមានឈ្មោះពិតថា សយ ហាន់ ហើយចិន្ដាតែងតែហៅថា អ្នកហាន់ៗ »។
សារ និងវីដេអូពីបុរសរូបនោះបានធ្វើឲ្យអ្នកនាងម៉េង កែវពេជ្ជតា ចេញសារឆ្លើយតបវិញ ភ្លាមៗ នាពេល ថ្មីៗកន្លងមកដោយបានចាត់ទុកអ្វីដែលលើកឡើងនោះគឺជារឿងប្រឌិតទាំងស្រុង។ តាមរយៈសារដែលអ្នកនាងពេជ្ជតា បញ្ជាក់ថា «បុរសម្នាក់នេះលួចចេញវីដេអូនិយាយពីក្រោយខ្នងខ្ញុំ ហើយ Caption របស់គាត់សរសេរបង្ខូចកិត្តិយសខ្ញុំយ៉ាងសាហាវ តែសុទ្ធជារឿងមិនពិត ។
គាត់ចង់ថាខ្ញុំមានថ្ងៃនេះដោយសារគាត់ មួយទៀតគាត់ចង់បង្អួតពិភពលោកថាខ្ញុំនិងគាត់មានការទាក់ទងពិសេស? ពិតជាអាក្រក់មែន តែគួរឲ្យចង់សើចនៅពេល បងៗខ្ញុំ និងខ្ញុំសួរទៅគាត់ គាត់បែរជាស្លន់ស្លោ ឆ្លើយទាំងរដិបរដុបទៅមុខទៅក្រោយ មិនចំសំនួរ និងលែងក្លាហានដូចកាលនិយាយពីដំបូងព្រោះគាត់ភ្ញាក់ផ្ញើលមិននឹកស្មានថាការនិយាយបោកប្រាស់របស់គាត់ត្រូវអាក់ខានដោយសារបងប្អូនខ្ញុំបានឃើញ ហើយចូលទៅសួរ ចំៗ ។
ខ្ញុំចង់ប្រាប់វិញថា ខ្ញុំមានកិត្តិយសរាល់ថ្ងៃដោយសារឈាមឪពុកម្តាយខ្ញុំ និងការចូលរួមជ្រោមជ្រែងដំបូងបង្អស់ពីលោកជំទាវចាន់ ធី ជាមួយលោកឪពុកខ្ញុំប៉ុណ្ណោះ ។ បន្ទាប់មកមានថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា ថ្នាក់ដឹកនាំនៅក្រសួងវប្បធម៌ និងនាយកដ្ឋានសិល្បៈ ក្នុងឆ្នាំ១៩៨៦ ខ្ញុំអាយុ ១០ឆ្នាំ និងចុងក្រោយបន្ទាប់ពីខ្ញុំមានកិត្តិស័ព្ទល្បីល្បាញទាំងក្នុង និងក្រៅប្រទេសហើយ គឺបណ្តាផលិតកម្មនានា ដែលមិនមែនជាលោកឈ្មោះ«កង្កែបបោក» នេះជាអ្នកជ្រោមជ្រែងឡើយ ។
ឯរឿងថាខ្ញុំមានការទាក់ទងពិសេស និងពាក្យសម្បថអ្វីនោះ គឺជាសាច់រឿងដែលគាត់តាក់តែងឡើងដើម្បីទាក់ទាញមហាជនឲ្យលង់ជឿប៉ុណ្ណោះ។ ដែលខ្ញុំ Share live ពីគាត់មកនេះព្រោះខ្ញុំចង់ឲ្យពិភពលោកបានភ្លឺភ្នែកផងថារាល់ការផុសនិយាយអាក្រក់ពីខ្ញុំសុទ្ធតែមិនពិត ព្រោះរឿងប្រឌិតកាត់តទាំងឡាយផ្តើមចេញពីក្រុមមនុស្សមាត់ស្អុយស៊ីឈ្នួលជេរបញ្ចោរឲ្យបក្សដើម្បីដូរបាយហូបមកដើរតួបន្លំជាទស្សនិកជន គឺមិនមែនចេញពីអ្នកល្អជាឡើយ ។
គាត់ធ្វើការជាក្រុមបំបែកគ្នាលួចធ្វើសកម្មភាពវាយប្រហារពីក្រោយខ្នងកំសាកបំផុត ហើយពួកគេជំនាញខាងជេរបញ្ចោរអាវ៉ាសែដោយយកលេស ផ្សេងៗមកចោទប្រកាន់យ៉ាងថោកទាប ចោទសម្លាប់ ចោទលុះគាត់ក្ស័យដូចសម័យប៉ុល ពតដើម្បីធ្វើយ៉ាងណាបំផ្លាញប្រជាប្រិយភាពខ្ញុំឲ្យបាន និងបានចំណេញនយោបាយផង ។
ជាក់ស្តែងវីដេអូពីបុរសម្នាក់នេះអាចបង្ហាញឲ្យបងប្អូនឃើញច្បាស់មិនពិបាកប្រាប់ថាគាត់កំពុងអង្គុយគូររូបលាបពណ៌ឲ្យខ្ញុំ បងប្អូនក៏មិនបាច់ឆ្ងល់ដែរថាតើនរណាជាអ្នកបំផ្លាញខ្មែរ ? នរណាជាអ្នកសម្លាប់ខ្មែរ ? ហើយនរណាជាអ្នកបំផ្លាញធនធានសិល្បៈខ្មែរ? រាល់ពេលតែងស្រែកថាស្រលាញ់យុត្តិធម៌ ការពារសិល្បៈខ្មែរ តែពេលគេមិនតាមចិត្តខ្លួនក៏ចោទថាជាខ្មាំង ជាជនក្បត់ជាតិ លក់ជាតិ លក់ក្បាល លក់ទាំងខ្លួន និងប្រើវិធីបំផ្លាញគ្រវែងចោលយ៉ាងព្រៃផ្សៃ ។ «បើខ្លួនយករបស់ហ្នឹងមិនបានទេ ក៏គ្មានអាណាយកបានដែរ» នេះជាគោលការណ៍របស់គាត់ ។
ក្នុងនាមខ្ញុំជាជនរងគ្រោះ ខ្ញុំសូមអំពាវនាវដល់បណ្តាមហាជនទាំងឡាយ សូមលោកមេត្តាពិចារណាលើគ្រប់អំពើរបស់ពួកគាត់នេះឲ្យមែនទែន មិនត្រូវជឿអ្វីដែលឃើញ ជឿអ្វីដែលត្រឹមតែឮ ហើយមកស្អប់ខ្ញុំដោយខ្វះការពិចារណាទេ ។ ខ្ញុំសូមបញ្ជាក់ជូនថា ពេជ្ជតា ជាតារាត្រូវការក្តីស្រលាញ់ពីទស្សនិកជនណាស់រឿងអីដែលខ្ញុំត្រូវជេរទស្សនិកជន ? មិនអាចទៅរួចទេ ! នាងខ្ញុំតែងគោរពទឹកចិត្តទស្សនិកជន មិនរើសអើងអ្នកមានអ្នកក្រ ពណ៌សម្បុរ ឬនិន្នាការអ្វីទាំងអស់ ។
ខ្ញុំតែងបានធ្វើអំពើល្អគ្រប់គ្រាន់ មិនបាច់ខ្ញុំបរិយាយ គឺមានមនុស្សជុំវិញខ្លួនខ្ញុំជាសាក្សី ហើយមួយជីវិតនេះខ្ញុំតែងលះបងការពារសិល្បៈវប្បធម៌ខ្មែរមិនដែលទុកចោលឡើយ ។ ប៉ុន្តែមូលហេតុដែលធ្វើឲ្យខ្ញុំតបឆ្លើយនោះ រឿងហេតុដំបូងវាកើតចេញពីការចូលមក Comment ជេរបញ្ចោរខ្ញុំដោយសម្តីបាតផ្សារមាក់ងាយអាក្រក់ហួសវិស័យពីមនុស្សពីរ បីនាក់ក្នុងពេលខ្ញុំកំពុង live ច្រៀងលេងតែខ្ញុំសោះ ។ បើជាលោកអ្នក ក៏គង់តែក្រេវក្រោធចៀសមិនផុត ។ ខ្ញុំធ្វើអ្វីសុទ្ធតែមានហេតុផល តែពួកឆ្លៀតឱកាសចង់បំបាក់ប្រជាប្រិយភាពខ្ញុំ គេផ្តាច់ការណាស់ គ្មានហេតុផលទេ ។
ខ្ញុំមិនបានជេរអ្នកល្អទេ សូមកុំរើសដាក់ខ្លួន តែជាការតបឆ្លើយទៅមនុស្សអាក្រក់ទាំងនោះប៉ុណ្ណោះ ដូច្នេះថ្ងៃនេះខ្ញុំសុំប្រកាសយ៉ាង ច្បាស់ៗថា ពេជ្ជតាមិនសូមទោសចំពោះមនុស្សធុននេះជាដាច់ខាត ! មិនសុំទោសទេ ! កុំសង្ឃឹម !»៕