រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃ ដោយប្តឹងទៅលើគណនេយ្យហ្វេសប៊ុកមួយ ដែលបានបង្ហោះសារជេរប្រមាថមកលើរូបនាងយ៉ាងធ្ងន់ធ្ងរ ។
បើទោះបីជានៅមិនទាន់ដឹងច្បាស់ និងកំណត់អត្តសញ្ញាណពីគណនេយ្យហ្វេសប៊ុក ដែលធ្វើការជេរប្រមាថមកលើរូបនាងថា ជាអ្នកណាក៏ដោយ ប៉ុន្តែដំណើរនៃការប្តឹងបានកំពុងធ្វើ ដែលមានលោក ហេង ឡុង ជាអ្នកចាត់ការ។
នារីម្នាក់ ដែលបានប្រើប្រាស់គណនេយ្យហ្វេសប៊ុកឈ្មោះថា Mey Mey បានធ្វើការបង្ហោះរូបភាពរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដោយបានភ្ជាប់សារជាមួយនឹងការមើលងាយ និងការជេរប្រមាថយ៉ាងធ្ងន់ធ្ងរមកលើតារារូបនេះ។
អ្វីដែលសំខាន់នោះ គណនេយ្យហ្វេសប៊ុកខាងលើនេះក៏បានចោទប្រកាន់មកលើរូបនាងថា ជាមនុស្សដែលចូលចិត្តដណ្តើមប្តីគេផងដែរ ។
គួរបញ្ជាក់ថា ការជេរប្រមាថពីលើតារាសម្តែងអ្នកនាង ចនចន្ទលក្ខិណា នាពេលនេះ មិនមែនជាលើទីមួយទេ ពោលគឺវាបានកើតមានជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមហ្វេសប៊ុក ។ យ៉ាងណាជារឿយៗ គេសង្កេតឃើញអ្នកនាងតែងតែចេញមុខតតាំងជាបន្តបន្ទាប់ផងដែរ មិនថា តាមរយៈផ្នែកច្បាប់ ឬតាមរយៈសារឆ្លើយតបតាមគណនេយ្យហ្វេសប៊ុករបស់នាងផ្ទាល់ ។ (សម្រួលដោយ៖ ស្រីណា)