សម្រាប់អ្នកដែលមានទិន្នន័យផ្ទាល់ខ្លួន ឬទិន្នន័យសំខាន់ៗលើពិភពអនឡាញ ហាក់មានការបារម្ភជាខ្លាំងក្រោយពីលឺដំណឹងថាពិភពលោកជួបប្រទះហេតុការណ៍លេចធ្លាយទិន្នន័យលើអនឡាញជាច្រើនករណី ដែលធ្វើឲ្យអ្នកប្រើប្រាស់លើប្រព័ន្ធឌីជីថលពាន់លាននាក់លេចធ្លាយទិន្នន័យផ្ទាល់ខ្លួន និងរងការគំរាមកំហែងជាដើមនោះ ពេលនេះសុវត្ថិភាពលើទិន្នន័យបានក្លាយជារឿងដ៏សំខាន់មួយក្នុងពិភពអនឡាញ និងជាចំនុចគួរប្រុងប្រយ័ត្នខ្ពស់។
Viber គឺជាកម្មវិធីផ្ញើសារមួយដ៏មានប្រជាប្រិយភាព និងពេញនិយមមួយ ហើយមានសុវត្ថិភាពខ្ពស់ផងដែរនោះ ក៏បានដឹកនាំបង្កើតនូវកម្មវិធីសន្និសីទដំបូងគេឈ្មោះថា Rakuten Viber Asia Summit ក្នុងគោលបំណងជជែកវែកញែកជុំវិញច្បាប់នៃទិន្នន័យ និងភាពជាឯកជនភាព ចំពោះអ្នកប្រើប្រាស់។
ហើយកម្មវិធីនេះមានការចូលរួមពីសំណាក់នាយកជាន់ខ្ពស់របស់ Viber, មេដឹកនាំក្នុងសហគ្រាស និង អ្នក Creators (អ្នកបង្កើតថ្មីល្បីៗ) ជាច្រើននាក់ នៅរីសត Shangri-La’s Rasa Sentosa Resort & Spa ប្រទេសសិង្ហបុរី ដើម្បីពិភាក្សាអំពីទំនោរបច្ចេកវិទ្យានាពេលបច្ចុប្បន្ននៅអាស៊ី និងប្រធានបទទាក់ទងនឹងការការពារទិន្នន័យលើអនឡាញជូនអ្នកប្រើប្រាស់។
លោក Djamel Agaoua នាយកប្រតិបត្តិ Viber បានថ្លែងក្នុងសន្និសីទថា ៖ “អាស៊ីគឺជាមជ្ឈមណ្ឌលឌីជីថលដ៏រីកចម្រើនមួយក្នុងលោក ហើយសម្រាប់អ្នកប្រើប្រាស់ឌីជីថលនៅអាស៊ី គឺស្ថិតក្នុងចំណោមអ្នកប្រើដែលភាពសកម្មខ្លាំងបំផុតលើពិភពអនឡាញ។ Viber បានផ្ដល់ការសន្យាពេញទីដល់អ្នកប្រើប្រាស់ និងភាពជាឯកជនភាពរបស់ពួកគេ។ ហើយតាមការបោះជំហានដ៏សំខាន់ក្នុងការការពារទិន្នន័យ យើងមានក៏មានគោលបំណងលើកទឹកចិត្តក្រុមហ៊ុនដទៃ ឲ្យធ្វើដូចគ្នា និងធ្វើការបោះជំហានដើម្បីការពារអ្នកប្រើប្រាស់ដូចគ្នា។”
កម្មវិធីសន្និសីទនេះបានចាប់ផ្ដើមឡើងដោយបណ្ឌិត Meri Rosich នាយកប្រតិបត្តិផ្នែកទិន្នន័យ និងអ្នកដឹកនាំផ្នែក Data Science របស់ក្រុមហ៊ុន Visa ដែលគាត់បាននិយាយអំពីវិធីដែលអង្គភាពមួយ អាចជោគជ័យបានតាមរយៈ AI ដែលមានក្រមសីលធម៌។ ហើយក្រោយមកទៀតក៏មានការចូលរួមពី អ្នកគ្រប់គ្រងផ្នែកដៃគូរបស់ Rakuten Ventures លោក Saemin Ahn, លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Plus និង Shehan Selvanayagam អគ្គនាយកនៃ Loops។
អ្នកជំនាញផ្នែកសម្រស់និងសុខភាព Nancy Nhung Bui មកពីវៀតណាម សហគ្រិន Lifestyle ឈ្មោះ Christina Lim មកពីមីយ៉ាន់ម៉ា តារាភាពយន្តប្រទេសស្រីលង្កា Yureni Noshika និងតារានេប៉ាល់ Priyanka Karki ដែលពិភាក្សាអំពីការការពារទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេលើអនឡាញពេលធ្វើការជាមួយម៉ាកសញ្ញាណាមួយ ហើយសម្រាប់កម្ពុជាយើងក៏មានវត្តមានតារាសម្តែង កញ្ញា មាន សូនីតា និង ពិធីការនីដែលមានរហ័សនាមថា DJ Nana ក៏បានចូលរួមក្នុងសន្និសីទនេះ ដោយពួកគាត់ទាំងពីរនាក់ បាននឹងកំពុងមាន Community ផ្ទាល់ខ្លួននៅលើ Viber ផងដែរព្រោះថា Viber ជាកម្មវិធី ដែលមានសុវត្ថិភាពខ្ពស់ ដែលពួកគាត់អាចណែនាំអោយអ្នកទាំងអស់គ្នាប្រើប្រាស់ Viber បានដោយទំនុកចិត្តដូចគ្នា៕