បច្ចុប្បន្នដំណើរកំសាន្តចុងសប្ដាហ៍តាមខេត្ត គឺជារឿងដ៏ពេញនិយមមួយ ដើម្បីគេចពីបរិយាកាសដដែលៗក្នុងក្រុង។ នៅពេលដែលដើរលេងតាមខេត្តម្ដងៗ អាចធ្វើអោយអ្នកគ្រប់គ្នាលំហែរអារម្មណ៍ជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត ស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ធ្វើអោយមានភាពស្រស់ស្រាយ ដើម្បីបំបាត់ភាពតានតឹង និងភាពនឿយហត់ពីការងារ។ សម្រាប់ថ្ងៃនេះផងដែរ Admin និងប្រាប់តិចនិកចំណាយត្រឹមតែ ២០ម៉ឺនរៀល ក្នុងម្នាក់សម្រាប់អ្នកដែលចង់ទៅលេងទឹកដីខេត្តកំពត ចំនួន២ថ្ងៃ១យប់ ធានាថាសប្បាយទាំងកាយ សប្បាយទាំងចិត្ត និងឆ្អែតទាំងក្រពះម៉ាអ៊ែម។
ដើម្បីអោយការចំណាយអស់កាន់តែតិច ចំពោះការធ្វើដំណើរ យើងមាន២ជម្រើសសម្រាប់អ្នកដូចខាងក្រោម៖
ករណីដើរលេងរត់ចោលស្រុកបែប សូឡូ និយាយរួមម្នាក់ឯងអ្នកគួរជ្រើសរើសការធ្វើដំណើរតាមរយៈរថភ្លើង ដោយចំណាយថ្លៃសំបុត្រម្នាក់ត្រឹមតែ 7$ តែប៉ុណ្ណោះ ទិញតាមអនឡាញងាយស្រួល ចុចទីនេះ សម្រាប់ទីតាំងទិញដោយផ្ទាល់ ចុចទីនេះ។ តាមផ្លូវយើងចំណេញដោយអាចគយគន់សម្រស់ធម្មជាតិតាមវាលស្រែដ៏ខៀវស្រងាត់ក្នុងរដូវវស្សា ជិះកាត់តាមជើងភ្នំជាច្រើនជាពិសេសគឺ សម្រស់ដ៏ស្រស់ស្អាតរបស់ភ្នំកំពង់ត្រាច ដែលតែងទាក់ទាញភ្នែកអ្នកដំណើរអោយងាកមើល ទាញទូរស័ព្ទថតរូបភ្លាម។
នៅពេលទៅដល់ទឹកដីកំពត អ្នកចាំបាច់ត្រូវតែជួលម៉ូតូ ដើម្បីជាផ្នែកមួយសម្រួលក្នុងការចំណាយ ថ្លៃសេវាធ្វើដំណើរពីកន្លែងកម្សាន្តមួយទៅកន្លែងកម្សាន្តមួយទៀត។ ដោយក្នុងម៉ូតូមួយគ្រឿងតម្លៃ ៥$ ក្នុងមួយថ្ងៃ បើលោកអ្នកធ្វើការកក់មុន នោះគេនឹងយកមកអោយដល់ស្ថានីយរថភ្លើងតែម្ដង ដោយយើងមិនត្រូវចំណាយក្នុងការជិះតាក់ស៊ីទៅដល់កន្លែងគេនោះទេ។
សម្រាប់កន្លែងគេងលោកអ្នកអាចជ្រើសរើសយកការគេងតង់ ដូចនៅ Yellow Sun Hostel, កាយ៉ាក់ផាក, ផែសមុទ្រកំពត និងសម្រស់ដែនទឹកវិល ជាដើមដែលទីតាំងទាំងនេះមានតម្លៃសមរម្យ និងស្ថិតនៅជាប់មាត់ព្រែក អំណោយផលខ្លាំងសម្រាប់ក្រោកមើលថ្ងៃរះ ថ្ងៃលិច ដោយពន្លឺព្រះអាទិត្យចាំងជះប៉ះជាមួយជួរភ្នំ បង្កើតបានសម្រស់ដ៏ស្រស់ស្អាត ធានាថាប្លែកភ្នែកប្លែកអារម្មណ៍។ ចំពោះអ្នកដែលគេងនៅ កាយ៉ាក់ផាក គឺកាន់តែចំណេញថែមទៀតដោយអាចជិះកាយ៉ាក់ លេងតាមដងព្រែកដោយសេរីមិនមានគិតថ្លៃសេវានោះទេ។ សម្រាប់តម្លៃការជួលតង់នៅ កាយ៉ាក់ផាក ក្នុងមួយតង់តម្លៃ ១០ដុល្លា អាចគេងបាន ២នាក់ ហើយសម្រាប់ទីតាំងផ្សេងទៀតតម្លៃប្រហាក់ប្រហែលគ្នាទេ។
ចំពោះកន្លែងលេងដែលអ្នកគួរតែទៅមិនគួររំលងនោះគឺ រមណីយដ្ឋានដូងទេរ ជាកន្លែងដែលសំបូរមនុស្សទៅលេង ដោយសារតែការចូលលេងនៅទីនោះគ្មានគិតលុយសំបុត្រថ្លៃចូលលេងនោះទេ។ ហើយអ្វីដែលពិសេសថែមទៀតនោះ គឺថាបើមិនចង់ចំណាយអីសោះក៏បាន ចូលថតរូបបានម៉ាស៊េរី តែបើចង់សប្បាយម៉ាទំហឹង យើងកាន់លុយតែ ៥ដុល្លារ ទិញសំបុត្រទូកកាយ៉ាកជិះលេងជាមួយមិត្តភ័ក្រ្ត ធានាហ្មងថាសប្បាយណាស់នៅទីនោះ ណាមួយមានសុវត្ថិភាពណាស់ មានអាវការពារសុវត្ថិភាព មានទូកល្បឿនលឿនចាំមើលការពារទៀត ចឹងមានអីបារម្ភទៀត បានសប្បាយហើយ សុវត្ថិភាពទៀតចឹងអី។ ចេញពីដូងទេ យើងអាចឆ្លៀតទៅឧទ្យានដងព្រែក មើលគេជិះខ្សែរ៉តឆ្លងដងព្រែក យ៉ាងស្រៀវស្រាលផងដែរ។
បន្ទាប់ពីគយគន់ និងថតរូបនៅឧទ្យានដងព្រែកអស់ចិត្តអស់ចង់ហើយ ពេលល្ងាចម៉ោងជិត៥ យើងអាចទៅទិញសំបុត្រជិះទូកមើលសត្វអំពិលអំពែកតាមដងព្រែក និងដើមកោងកាងដុះយ៉ាងស្រស់ត្រកាល ដោយចំណាយត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ នោះនិងទទួលបានអារម្មណ៍ស្រស់ថ្លាជាក់ជាមិនខាន។ ពេលជិះទូក យើងមិនមែនបានត្រឹមតែសត្វអំពិលអំពែក ប៉ុណ្ណោះទេយើងក៏អាចមើលថ្ងៃលេច ក៏ដូចជាសម្រស់ដងព្រែកក្រុងកំពតជាមួយ និងភ្លើងបំភ្លឺចម្រុះពណ៌យ៉ាងស្រស់ស្អាតថែមទៀតផង។
បើនិយាយពីរឿងញ៉ាំវិញ សម្រាប់គ្រឿងសមុទ្រ យើងអាចក្រោកពីព្រលឹម ដើម្បីទៅទិញគ្រឿងសមុទ្រនៅឯផែក្ដាម ព្រោះនៅទីនោះមានគ្រឿងសមុទ្រស្រស់ៗ ចំពោះតម្លៃក៏ធូរថ្លៃ។ វារាងពិបាកបន្តិចដោយត្រូវក្រោកពីព្រលឹម ត្រូវទៅដល់ផែក្តាមយ៉ាងហោចណាស់មុនម៉ោង ៥ព្រឹក ព្រោះថាបើអ្នកទៅយឺតពេលនោះ ខាងឈ្មួញកណ្តាលគេនឹងទិញយកគ្រឿងសមុទ្រល្អៗ អស់ អ្នកគ្មានឪកាសបានរបស់ល្អឡើយ ហើយទូកក៏នឹងចេញពីផែអស់ដែរបើទៅយឺតពេលខ្លាំង។
ប្រសិនបើចង់ញ៉ាំម្ហូបធម្មតាៗ សាមញ្ញអាចចូលទៅផ្សាកំពត(សាមគ្គី) ដែលមានរបស់ញ៉ាំមិនចេះខ្វះ មានទាំងនំ និងបង្អែមស្ទើរគ្រប់មុខ ឯតម្លៃក៏សមរម្យ។ ហើយបើថាចាយរាងជ្រុលដៃហើយ កុំភ្លេចសារេមីកំប៉ុងទុកយប់ព្រលប់ និងសម្រាប់ឆុងញ៉ាំពេលព្រឹក ក្រោកមើលថ្ងៃរះ ព្រោះថា Admin ឆ្លងកាត់រួចហើយ ក្រោកពីព្រលឹមឆុងមីកំប៉ុងញ៉ាំមើលថ្ងៃរះ ជីវិតមានក្ដីសុខណាស់ ហើយបើបានជាមួយមនុស្សស្រលាញ់ទៀត ជីវិតពោរពេញទៅដោយថាមពលតែម្ដងហើយ។
ចំណុចទាំងអស់នេះហើយដែល Admin បានធ្វើ គឺថាចំណាយអស់តិចហើយសប្បាយរីករាយម៉ាអ៊ែមទៀត តែផ្ដាំហើយផ្ដាំទៀតណា មុនដកលុយចាយគិតផងថាចំគោលដៅដែលយើងចង់បាន រឺអត់ ប្រយ័ត្នដកៗបែកធុងលុយអស់ពីកាបូបហើយអត់បានទៅណាសោះ៕
យុទ្ធសាស្រ្តទី២ ដើរលេងជាក្រុម ៤ទៅ៦នាក់ ចំនុចខាងលើ យើងទុកដដែលទាំងអស់ដូរតែការធ្វើដំណើរមួយទេ ដោយប្រើប្រាស់រថយន្ទផ្ទាល់ខ្លួនមួយគ្រឿង ចាក់សាំងចែកលុយគ្នាចេញ ធ្វើចឹងក៏សន្សំបានច្រើនព្រោះដើរជាក្រុម។ ជាចុងក្រោយប្រសិនបើអ្នកមានយុទ្ធសាស្រ្តសន្សំល្អជាងនេះសូមជួយ ខមិនប្រាប់ផងដើម្បីចំនេញទាំងអស់គ្នា។