ក្នុងកំឡុងខែនេះចំនួនអ្នកមើលកុនរឿង Finding Dory កើនឡើងជាលំដាប់ហួសពីការរំពឹងទុក។ ជាដំបូងឡើយគេគិតថាមានតែកូនក្មេងទេដែលមើលរឿងនេះ ដោយសារតែវាជារឿងតុក្តតា។ តែវាផ្ទុយស្រឡះខុសពីការរំពឹងទុក។ អ្នកទៅមើលនោះភាគច្រើនជាមនុស្សវ័យកណ្តាលដែលសុទ្ធតែធ្លាប់បានមើលរឿង Finding Nemo រួចមកកាលពីនៅវ័យកុមារ។
យោងទៅតាមវីឌីអូរបស់ National Geographic Page បានឲ្យដឹងថាដោយសារការល្បីរន្ទឺរបស់រឿងនេះហើយធ្វើឲ្យមានការព្រួយបារម្ភពីអ្នកវិទ្យាសាស្ត្រ ដែលថាអាចនឹងមានតម្រូវការចាប់យកត្រីប្រភេទដូចតួត្រីក្នុងរឿងនេះ (Dory) យកទៅចិញ្ចឹមលើសកំណត់។
វានឹងធ្វើឲ្យមានការចាប់យកត្រីប្រភេទនេះពីធម្មជាតិ ដែលជាកត្តាធ្វើឲ្យមានការគំរាមកំហែងទៅលើចំនួនរបស់វាក្នុងសមុទ្រ។ គេបានដឹងថា គ្រាន់តែរឿងតុក្តតានេះចេញភ្លាម អត្រាការលក់ត្រីប្រភេទដូច Dory កើនឡើងដល់៤០ភាគរយ។
បើនៅឥណ្ឌូនេស៊ី និង ភីលីពីនវិញ ពួកត្រីពូជនេះត្រូវបានគេនេសាទយកដោយលើសកំណត់ ដែលបានធ្វើឲ្យចំនួនវាថយចុះគួរឲ្យកត់សម្គាល់។
នេះមិនមែនជាលើកទីមួយទេ ដែលរឿងបែបនេះជះឥទ្ធិពលដល់ចំនួនសត្វមួយចំនួន។ ពោលគឺមានប្រភេទរឿងច្រើនហើយដែលបានប៉ះពាល់បែបនេះ។
ក្នុងនោះមាន៖
- រឿងឆ្កែ១០១ ដែលបានធ្វើឲ្យមានការកើនឡើងតម្រូវការសត្វឆ្កែពពាលប្រភេទDalmatian។
- រឿងHarry Potter ដែលបានធ្វើឲ្យមានការកើនឡើងតម្រូវការសត្វទីទុយ។
- រឿងនិនចារអណ្ដើក (Teenage Mutant Ninja Turtles) ដែលបានធ្វើឲ្យមានការកើនឡើងការលក់សត្វអណ្តើក។
តើលោកអ្នកបានទស្សនារឿងនេះហើយឬនៅ?
https://www.youtube.com/watch?v=_JJmDavBXrw
ប្រែសំរួលដោយ៖ គង់ រិទ្ឋរីណា