គ្រប់គ្នាធ្លាប់តែដឹងថា ផ្សិតជាអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមនិងមានកាឡូរីទាប ប៉ុន្តែក្រុមអ្នកស្រាវជ្រាវអាមេរិកបានពិសោធឃើញកាលពីពេលថ្មីៗនេះថា វាក៏អាចប្រើប្រឆាំងនឹងជំងឺមហារីកបានផងដែរ ។
សារធាតុដែលចម្រាញ់ពីផ្សិតឈ្មោះ «ស៊ីអីុតាកិ» នៅប្រទេសជប៉ុនបានបង្ហាញនូវប្រសិទ្ធភាពរបស់ខ្លួនក្នុងការសម្លាប់មេរោគ HPV ដែលអាចបង្កឱ្យទៅជាមហារីកមាត់ ស្បូន។ HPV ជាប្រភេទមេរោគដែលអត្រាឆ្លងមានកម្រិតខ្ពស់បំផុត ។ វាវាយប្រហារទៅលើស្បែក និងភ្នាសសើមៗផ្នែកខាងក្នុងរាងកាយក្នុងនោះមានដូចជា មាត់ស្បូន មាត់ និងបំពង់កជាដើម។ ស្ត្រីច្រើនជាង៣/៤ឆ្លងមេរោគនេះអំឡុងជីវិតរស់នៅ ហើយក្នុងចំណោមនោះ មួយចំនួនបានកើតមហារីកមាត់ស្បូន ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រតិចសាស់ សហរដ្ឋអាមេរិកបានពិសោធឃើញថា សមាសធាតុសកម្ម AHCCមាននៅក្នុងផ្សិត «ស៊ីអុីតាកិ» ដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺមហារីកដែលបង្កដោយមេរោគ HPV ។ វាធ្វើការក្នុងនាមជា Immunotherapy គឺជាវិធីព្យាបាលដែលប្រើប្រាស់ប្រព័ន្ធការពារផ្ទាល់របស់រាងកាយវាយប្រហារប្រឆាំងនឹងជំងឺ ។ សមាសធាតុសកម្ម AHCC នេះគឺជាឱសថអាហារូបត្ថម្ភមួយប្រភេទបានមកពីអាហារ ហើយក្រុមអ្នកស្រាវជ្រាវគិតថា វាអាចប្រើជំនួសវ៉ាក់សាំង HPV បាន ។
សមាជិកក្រុមស្រាវជ្រាវវេជ្ជបណ្ឌិត Judith Smith បានថ្លែងថា លទ្ធផលនៃការសិក្សាលើកនេះគឺជាការលើកទឹកចិត្តមួយយ៉ាងធំធេង។ ការសិក្សាដែលបានចាប់ផ្តើមនៅឆ្នាំ២០០៨បង្ហាញថា ត្រឹមតែ AHCC តែម្នាក់ឯងគឺមានកម្លាំងគ្រប់គ្រាន់ព្យាបាលជំងឺឆ្លងបង្កដោយមេរោគ HPV»។ ក្រៅពីមហារីកមាត់ស្បូន មេរោគ HPV ក៏អាចបង្កឱ្យកើតមហារីកផ្សេងៗទៀតក្នុងនោះ មហារីករន្ធគូទ៩៥ភាគរយ មហារីកបំពង់ក៦០ភាគរយ មហារីកមាត់ស្បូន ៦៥ភាគរយ ៕