លទ្ធផលនៃការសិក្សាមួយបានអះអាងថា បណ្តាក្មេងស្រីដែលនិយមទទួលទានបន្លែនិងផ្លែឈើសម្បូរដោយ Carotenoids ប្រឈមយ៉ាងតិចតួចបំផុតនឹងហានិភ័យកើតជំងឺគីសក្នុងសុដន់ពេលពួកគេឈានចូលដល់វ័យបន្តពូជ ។
Carotenoids គឺជាក្រុមសមាសធាតុពណ៌ដែលផលិតពណ៌ដូចជា ពណ៌ទឹកក្រូច ពណ៌ក្រហម ឬពណ៌ខៀវចាស់ ។ វាត្រូវគេជឿថា ផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីដកម្មដែលអាចទប់ទល់នឹងជំងឺបាន ។
ការពិសោធលើស្ត្រីវ័យក្មេង៦.៦០០នាក់បានបង្ហាញថា អ្នកដែលទទួលទានបណ្តាបន្លែនិងផ្លែឈើសម្បូរដោយ Carotenoids ក្នុងកម្រិតច្រើន ហានិភ័យកើតមានជំងឺគីសក្នុងសុដន់ត្រូវបានកាត់បន្ថយ ។
អ្នកដឹកនាំការសិក្សា លោកស្រី Caroline Boeke បានថ្លែងថា ៖ «ហានិភ័យកើតមានគីសក្នុងសុដន់ចំពោះអ្នកទទួលទានបេតាការ៉ូតែនច្រើនត្រូវបានកាត់បន្ថយអស់ប្រហែលជាពាក់កណ្តាលធៀបនឹងអ្នកដែលទទួលទានតិចតួច» ។
ទោះជាយ៉ាងនេះក្តី លោកស្រីបានបន្តថា ក្រុមលោកស្រីមិនទាន់ប្រាកដទេថា Carotenoids អាចជួយឱ្យហានិភ័យពីជំងឺខាងដើមថយចុះពាក់កណ្តាលបានឬយ៉ាងណានោះទេ ។ អ្វីដែលលោកស្រីអាចបញ្ជាក់បាន គឺត្រឹមតែពាក្យថា មានការជាប់ទាក់ទងគ្នាមួយប៉ុណ្ណោះ ៕