លោក Patrick Hardison វ័យ 42ឆ្នាំ ជាមន្ត្រីផ្នែកពន្លត់អគ្គីភ័យ ដោយសារតែអំឡុងពេល បំពេញបេសកម្មការងារ ចូលខ្លួនជួយសង្គ្រោះនារីម្នាក់ ដែលបានជាប់គាំងក្នុងផ្ទះមួយកន្លែង អំឡុងពេលអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ស្ថិតក្នុងទីក្រុង Senatobia រដ្ឋ Mississippi សហរដ្ឋអាមរិក នៅក្នុងឆ្នាំ2001 ទើបបណ្តាលឲ្យជីវិតរបស់គាត់ បានផ្លាស់ប្តូរ ដោយនៅពេលនោះរូបលោកជួបគ្រោះថ្នាក់ ដ៏សែនអាក្រក់មួយ និងមិននឹកស្មានដល់ បាក់ដំបូលផ្ទះ ដែលបានបណ្តាលឲ្យផ្ទៃមុខរបស់គាត់ រងការឆាបឆេះ សឹងមើលលែងយល់។
អស់រយៈពេលជាង 14ឆ្នាំកន្លងមកហើយ ដែលលោក Hardison បានរស់នៅជាមួយនឹងទុក្ខព្រួយ រងភាពអាម៉ាស់យ៉ាងខ្លាំង ដោយមនុស្សនៅជុំវិញខ្លួនលោក មួយចំនួន មិនហានមើលមុខគាត់ឡើយ ដោយផ្ទៃមុខដ៏គួរឲ្យខ្លាច របស់លោក ។
នៅក្នុងឆ្នាំ2015 រហូតមកទល់ពេលបច្ចុប្បន្ននេះ លោក Hardison បានទទួលការព្យាបាល វះកាត់ផ្លាស់ប្តូរមុខមាត់ថ្មី ដែលមានគ្រូពេទ្យជំនាញ បូករួមជាមួយនឹង បុគ្គលិកជំនួយការពេទ្យ ជាច្រើននាក់ ដែលចំណាយពេលវេះកាត់អស់ប្រមាណជា ២៦ម៉ោង ដើម្បីបញ្ចប់ក្នុងប្រត្តិបត្តិការនេះ នៅមន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ទទួលបានជោគជ័យដែលមិនគួរឲ្យជឿ។
លោក Hardison បាននិយាយថា «ចាប់ពីពេលនេះទៅ ខ្ញុំលែងមានអារម្មណ៍ថា ខ្មាសគេដូចមុនហើយ ខ្ញុំមិននឹកស្មានដល់ដែរ ថាវានឹងអាចត្រឡប់ម្តងទៀត យ៉ាងដូច្នេះសោះ។ ឥឡូវនេះ ខ្ញុំក្លាយជាមនុស្សថ្មីម្នាក់ ដែលមុខមាត់ស្អាតបាត ដូចគេដូចឯង ហើយក៏អាចដើរចេញ ទៅណាមកណា បានផងដែរ» ។