អ្នកភ្នំពេញយើង ចង់ដឹងពីរបៀបចាប់ចង្រិតអត់?

ការចាប់ចង្រិត

0
5461
ចង្រិត

ប្រភព សាយ ករុណា ៖  ចង្រឹតគឺជាប្រភេទសត្វល្អិតម៉្យាងដែលមនុស្សភាគច្រើន មិនថា ចាស់ក្មេងប្រុសស្រី តែងចូលចិត្តយកទៅបំពងដាក់គ្រឿង ទុកគ្រាន់បរិភោគលេងនាពេលទំនេរកំដរមាត់ ឬក្នុងពិធីជួបជុំក្នុងគ្រួសារជាដើម។

ជារៀងរាល់ឆ្នាំនៅខេត្តមណ្ឌលគិរី ឲ្យតែដល់រដូវភ្លៀង(ដើមខែតុលា រហូតដល់ដើមខែវិច្ឆិកា) គេតែងឃើញអ្នកភូមិក្មេងៗនិងមនុស្សចាស់មួយចំនួន បានដើរចាក់ចង្រឹតតាមរន្ធតាមព្រៃរបោះតូចៗ ដែលភាគច្រើនចង្រឹតទាំងនោះ ពួជចង្រឹតដូង មានមាឌធំៗនិងរស់នៅតាមបែបធម្មជាតិ។

ចង្រិត

អ្នកភូមិរស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ បានឲ្យដឹងថា ដើម្បីបានចង្រឹតដូងដែលរស់នៅតាមរន្ធ គេត្រូវប្រើវិធីងាយៗដូចជា មុនដំបូងចាប់សង្អា(ដូចអង្ក្រងតែមានសម្បុរខ្មៅ និងមានពិសខ្លាំងប្រហែលឃ្មុំ)ឲ្យបានច្រើនដាក់ក្នុងដងសិន។នៅពេលដែលប្រមូលសង្អាបានច្រើនគួរសមហើយ អ្នកប្រម៉ាញ់សត្វចង្រឹតត្រូវការជាចាំបាច់នោះ គឺផ្ការស្មៅកន្ទុយឆ្កែ ដាក់ឲ្យសង្អាតោងដើម្បីចាក់ចូលទៅរន្ធចង្រឹត(បើមិនធ្វើចឹងទេ ច្បាស់ជាត្រូវសត្វសង្អាខាំឈឺចាប់ខ្លាំងណាស់) នៅពេលដែលគេយកសត្វសង្អាដាក់ចូលទៅក្នុងរន្ឋរួច បន្តិចក្រោយមកចង្រឹង និងវាចេញពីក្នុងរន្ធ ព្រោះតែវាមិនអាចទ្រាំនិងការខាំរបស់សត្វសង្អាបាន។

ក្រុមអ្នករកសត្វចង្រឹតធម្មជាតិបានបន្តថា បើសិនជាគេដាក់សត្វសង្អាច្រើនហើយ ចង្រឹតនៅតែមិនព្រមចេញពីរន្ធ គេនៅមានវិធីម៉្យាងទៀត គឺយកចបកាប់រន្ឋនោះតែម្តង ប៉ុន្តែវិធីនេះត្រូវការពេលយូរនិងកម្លាំងច្រើនបន្តិច ត្បិតរន្ឋរបស់សត្វចង្រឹតមានជម្រៅជ្រៅគួរសម។

បើតាមការបញ្ជាក់ពីអ្នកភូមិបានឲ្យដឹងថា ក្នុងមួយថ្ងៃគាត់អាចរកចង្រឹតបានពី៥០ទៅ១៥០ក្បាល ទៅតាមទីតាំងនិងពេលវេលា ព្រោះរដូវភ្លៀង ពេលខ្លះចេញរកបានបន្តិចក៏ធ្លាក់ភ្លៀងមិនអាចរកចង្រឹតបានទេ។ពួកគាត់ថា នៅពេលទំនេរចង្រឹតមិនត្រឹមតែពួកគាត់រកសម្រាប់ទទួលទានក្នុងគ្រួសារទេ គឺអាចលក់បានកម្រៃទៀតផង ដោយក្នុងចង្រឹតមួយក្បាលមានអ្នកទទួលទិញតម្លៃ២៥០៛ ហើយគេយកទៅលក់បន្តក្នុងផ្សារតម្លៃ៣០០៛ទៅ៣៥០៛ក្នុងមួយក្បាល។

ចង្រិត

ចង្រឹតដូងដែលអ្នកភូមិរកបានសព្វថ្ងៃគឺមានរសជាតិឆ្ងាញ់ពិសារ ជាងសត្វចង្រឹតដែលគេធ្វើលក់នៅតាមដងផ្លូវឬកម្មវិធីនានាដែលសម្បូរមនុស្សចូលរួម ព្រោះចង្រឹងដែលគេដាក់លក់ស្រាប់ៗនោះភាគច្រើនគឺជាសត្វចង្រឹតចិញ្ចឹម។

ខេត្តមណ្ឌលគិរីដែលសម្បូទៅដោយព្រៃព្រឹក្សា និងសត្វព្រៃធំៗ តែគេសង្កេតឃើញថា អ្នករស់នៅតំបន់នេះ នៅតែមានការនិយមរកសត្វចង្រឹតតាមបែបធម្មជាតិ ទៅតាមរដូវកាលដើម្បីជាការកម្សាន្ត និងដើម្បីយកទៅទទួលទានយ៉ាងឆ្ងាញ់ពិសារ តាមគ្រួសារនិមួយៗ៕