ក្រុមហ៊ុនLG បានប្រកាសជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនពីរម៉ូដែល ដែលមានឈ្មោះថា Tone Studio និង Tone Free នៅក្នុងវិធីតាំងពិព័រណ៍ផលិតផលបច្ចេកវិទ្យាសម្រាប់ឆ្នាំ ២០១៧ នៅសហរដ្ឋអាមេរិកCES ។
ឧបករណ៍បំពងសំឡេងTone Studio ត្រូវបានគេច្នៃម៉ូដជារាងក្រចកសេះ ហើយមានឧបករណ៍បំពងសំឡេងនៅខាងក្រៅ ។ វាអាចភ្ជាប់ជាមួយឧបករណ៍មួយផ្សេងទៀតតាមរយៈបច្ចេកវិទ្យាBluetooth ។ បន្ថែមលើសពីនេះក្រុមហ៊ុនបានបង្កើតកាសត្រចៀកនៅក្នុងTone Studio ផងដែរ ។
ចំណែកTone Freeវិញ ត្រូវក្រុមហ៊ុនLG ច្នៃម៉ូដជារាងស្រដៀង នឹងក្រចកសេះដូចគ្នា តែចំណុចខុសគ្នាគឺTone Free គ្មានឧបករណ៍ បំពងសំឡេងខាងក្រៅឡើយ តែវាមានកាសត្រចៀកឥតខ្សែទៅវិញ ។ នៅលើTone Free ក៏មានកន្លែងសម្រាប់ដាក់កាសឥតខ្សែផងដែរ សម្រាប់ទុកដាក់នៅពេលយើងមិនប្រើប្រាស់វា។ កាឥតខ្សែក៏អាចសាកថ្មនៅពេលអ្នកដាក់ភ្ជាប់Tone Free ដែរ ។ Tone Free គឺជាផលិតផលដំបូងរបស់ក្រុមហ៊ុនLG ដែលមានកាសឥតខ្សែ។ ឧបករណ៍ទាំងពីរនេះអ្នកអាចពាក់នៅលើ.ក ហើយស្តាប់តន្ត្រីដោយគ្មានក្តីបារម្ភ ។ អ្នកប្រើប្រាស់នឹងទទួលអារម្មណ៍ដូចនៅក្នុងរោងភាពយន្ត ប្រសិនភ្ជាប់វាក្នុងពេលមើលខ្សែភាពយន្តលើទូរស័ព្ទ ឬទទួលបានអារម្មណ៍តន្ត្រីពិតៗពីឧបករណ៍ទាំងពីរ ។
ឧបករណ៍ទាំងពីរនេះក៏ត្រូវបានគេបំពាក់បច្ចេកវិទ្យារំញ័រសម្រាប់សារជូនដំណឹងនានា។ ក្រៅពីការបង្ហាញពីផលិតផលទាំងពីរនេះ ក្រុមហ៊ុនLG ក៏បានបង្ហើបពីផលិតផលពីរផ្សេងទៀត ដែលកើតឡើងពីកិច្ចសហប្រតិបត្តិការរវាងខ្លួន និងក្រុមហ៊ុនJBL ដែលជាក្រុមហ៊ុនផលិត ឧបករណ៍បំពងសំឡេងដ៏ល្បីល្បាញនៅក្នុងពិភពលោក ។ ផលិតផលទាំងពីរនោះមានឈ្មោះថា Tone Infinim និងTone Ultra៕