Samsung នឹង​បកស្រាយ​ពី​មូលហេតុ​មានការ​ផ្ទុះ Galaxy Note 7

0
803

ប្រទេស​កូរ៉េ​ខាងត្បូង ៖ Samsung បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ឆ្លើយ​តប​សំណួរ​ទាក់ទិន​នឹង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ Galaxy Note 7 ផ្ទុះ និង​ឆាបឆេះ ។

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លើ​ពិភពលោក មួយ​នេះ នឹង​មានកម្ម​វិធី​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក ។
នេះ​គឺជា​ការ​ព្យាយាម​បកស្រាយ​លើក​ទី​២​ហើយ​របស់​ក្រុមហ៊ុន​ទាក់ទិន​នឹង​បញ្ហា​ទូរស័ព្ទ​ខាងលើ ។ ការ​បកស្រាយ​ដំបូង ក្រុមហ៊ុន​បាន​បន្ទោស​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្ម​ទូរស័ព្ទ​របស់​ខ្លួន​ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​ពួក​គេ​មិន​អាច​បញ្ឈប់​ទូរស័ព្ទ​ដែល​បន្ត​ឆាបឆេះ​រាល់ពេល​សាក​ថ្ម​ឡើយ​។

លោក Bryan Ma អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ឧបករណ៍​ក្នុង IDC និយាយ​ថា ៖ « ពួក​គេ​ត្រូវ​តែ​ឆ្លើយ​ឲ្យ​ត្រូវ​លើក​នេះ ព្រោះ​កាលពី​លើក​មុន ពួក​គេ​បាន​ខុស​ដោយ​អៀនខ្មាស​ម្តង​រួច​មក​ហើយ » ។

កម្មវិធី​នេះ​នឹង​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ​របស់ Samsung ផង​ដែរ និង​មានការ​តាមដាន​យ៉ាង​ដិត​ដល់​ពី​វិនិយោគិន ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ដ៏​ស្មោះត្រង់​របស់ Samsung ។
ក្រុមហ៊ុន​និយាយ​ថា អ្នកជំនាញ​ឯករាជ្យ​ដែល​បាន​ស៊ើបអង្កេត​ដាច់​ដោយឡែក ក៏​នឹង​បង្ហាញ​ពី​លទ្ធផល​របស់​ពួក​គេ​នា​ថ្ងៃ​ចន្ទ​ផង​ដែរ ។

ដើម្បី​ចៀសវាង​ការ​ខូច​កិត្តិយស​របស់​ខ្លួន​ទៀត Samsung​និយាយ​ថា ពួក​គេ​នឹង​និយាយ​ពី​មធ្យោបាយ​ថ្មី​នា​ថ្ងៃ​ចន្ទ ក្នុង​ការ​ធានា​ថា នឹង​គ្មាន​បញ្ហា​នេះ​កើតឡើង​ទៀត ។ ផ្ទុយ​ទៅ​វិញ អ្នកជំនាញ​និយាយ​ថា ក្រុមហ៊ុន​នៅ​មិន​ទាន់​អាច​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​អតិថិជន​វិញ​ទេ ។

ដំណោះស្រាយ​បញ្ហា​នេះ​ធ្វើ​ឲ្យ​អតិថិជន​ជា​ច្រើន​ខឹងសម្បា សូ​ម្បី​តែ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក្តី ។ ប្រជាជន​កូរ៉េ​រាប់រយ​នាក់​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ពី Samsung ទៀត​ផង ។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាត់បង់​ប្រាក់​ចំណូល​ជា​ច្រើន​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៦ ។ ពួក​គេ​ក៏​ត្រូវ​បាន​មនុស្ស​លើ​អុ​ី​ន​ធើ​រ​ណេ​ត​លេងសើច​ផង​ដែរ ប៉ុន្តែ​បញ្ហា​នេះ​មិនមែន​ជា​រឿង​ឈឺក្បាល​តែ​មួយ​របស់​ក្រុមហ៊ុន​ទេ ។

អគ្គនាយករង​របស់​ក្រុមហ៊ុន លោក Lee Jae-Yong ក៏​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ករណី​រឿងអាស្រូវ​ពុក​រលួយ​ដ៏​ធំ​មួយ​ផង​ដែរ ប៉ុន្តែ​លោក Lee និង Samsung បាន​បដិសេធ​ថា មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ ៕