ប្រទេសកូរ៉េខាងត្បូង ៖ Samsung បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការឆ្លើយតបសំណួរទាក់ទិននឹងមូលហេតុដែលធ្វើឲ្យទូរស័ព្ទ Galaxy Note 7 ផ្ទុះ និងឆាបឆេះ ។
ក្រុមហ៊ុនស្មាតហ្វូនធំជាងគេលើពិភពលោក មួយនេះ នឹងមានកម្មវិធីមួយនៅថ្ងៃចន្ទនេះ ដើម្បីបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែកន្លងមក ។
នេះគឺជាការព្យាយាមបកស្រាយលើកទី២ហើយរបស់ក្រុមហ៊ុនទាក់ទិននឹងបញ្ហាទូរស័ព្ទខាងលើ ។ ការបកស្រាយដំបូង ក្រុមហ៊ុនបានបន្ទោសលើក្រុមហ៊ុនផ្គត់ផ្គង់ថ្មទូរស័ព្ទរបស់ខ្លួនប៉ុន្តែការឆ្លើយតបរបស់ពួកគេមិនអាចបញ្ឈប់ទូរស័ព្ទដែលបន្តឆាបឆេះរាល់ពេលសាកថ្មឡើយ។
លោក Bryan Ma អនុប្រធានផ្នែកស្រាវជ្រាវឧបករណ៍ក្នុង IDC និយាយថា ៖ « ពួកគេត្រូវតែឆ្លើយឲ្យត្រូវលើកនេះ ព្រោះកាលពីលើកមុន ពួកគេបានខុសដោយអៀនខ្មាសម្តងរួចមកហើយ » ។
កម្មវិធីនេះនឹងផ្សាយផ្ទាល់លើគេហទំព័ររបស់ Samsung ផងដែរ និងមានការតាមដានយ៉ាងដិតដល់ពីវិនិយោគិន ក៏ដូចជាអ្នកប្រើប្រាស់ដ៏ស្មោះត្រង់របស់ Samsung ។
ក្រុមហ៊ុននិយាយថា អ្នកជំនាញឯករាជ្យដែលបានស៊ើបអង្កេតដាច់ដោយឡែក ក៏នឹងបង្ហាញពីលទ្ធផលរបស់ពួកគេនាថ្ងៃចន្ទផងដែរ ។
ដើម្បីចៀសវាងការខូចកិត្តិយសរបស់ខ្លួនទៀត Samsungនិយាយថា ពួកគេនឹងនិយាយពីមធ្យោបាយថ្មីនាថ្ងៃចន្ទ ក្នុងការធានាថា នឹងគ្មានបញ្ហានេះកើតឡើងទៀត ។ ផ្ទុយទៅវិញ អ្នកជំនាញនិយាយថា ក្រុមហ៊ុននៅមិនទាន់អាចទទួលបានជំនឿទុកចិត្តពីអតិថិជនវិញទេ ។
ដំណោះស្រាយបញ្ហានេះធ្វើឲ្យអតិថិជនជាច្រើនខឹងសម្បា សូម្បីតែក្នុងប្រទេសកូរ៉េខាងត្បូងក្តី ។ ប្រជាជនកូរ៉េរាប់រយនាក់បានដាក់ពាក្យបណ្តឹងទាមទារសំណងពី Samsung ទៀតផង ។
បញ្ហានេះបានធ្វើឲ្យក្រុមហ៊ុនបាត់បង់ប្រាក់ចំណូលជាច្រើនក្នុងត្រីមាសទី៣ឆ្នាំ២០១៦ ។ ពួកគេក៏ត្រូវបានមនុស្សលើអុីនធើរណេតលេងសើចផងដែរ ប៉ុន្តែបញ្ហានេះមិនមែនជារឿងឈឺក្បាលតែមួយរបស់ក្រុមហ៊ុនទេ ។
អគ្គនាយករងរបស់ក្រុមហ៊ុន លោក Lee Jae-Yong ក៏ជាជនសង្ស័យម្នាក់ក្នុងករណីរឿងអាស្រូវពុករលួយដ៏ធំមួយផងដែរ ប៉ុន្តែលោក Lee និង Samsung បានបដិសេធថា មិនបានធ្វើអ្វីខុសឡើយ ៕