Urb-E Sport ជាកង់អគ្គិសនីបែបបុរាណដែលអាចនាំអ្នកទៅកាន់គោលដៅ ខ្លីៗ ក្នុងសហគមន៍របស់អ្នកដោយមិនបាច់ត្រូវការប្រើប្រាស់រថយន្ត ។ យើងធ្លាប់បានដឹងមកហើយថាមានផលិតផលជាច្រើនដែលបម្រើសេវាដឹកជញ្ជូនបែបធម្មជាតិ ដើម្បីការពារបរិស្ថានផងដែរ ។ ផលិតផលទាំងនោះមានក្តារស្គីអគ្គិសនី ឬ Scooter អគ្គិសនីជាដើម តែ Urb-E Sport ជាកង់អគ្គិសនីខុសប្លែកពីគេ ។ ឧបករណ៍នេះត្រូវបានគេកែច្នៃតាមបែបបុរាណ មានកែបសម្រាប់អង្គុយយ៉ាងស្រួល ហើយត្រូវគេលក់ក្នុងតម្លៃ៨៩៩ដុល្លារក្នុងសហរដ្ឋអាមេរិក ប្រសិនបើដឹកជញ្ជូនដល់ចក្រភពអង់គ្លេសត្រូវបន្ថែមលុយ១០០ដុល្លារទៀត ។
ចំណុចពិសេសរបស់ Urb-E Sport គឺអាគុយរបស់វាអាចដោះបាន និងអាចសាកថ្មដល់គ្រឿងអគ្គិសនី ផ្សេងៗបានដូចជាទូរស័ព្ទជាដើម ។ អាគុយសម្រាប់ដំណើរការកង់អគ្គិសនីមានរន្ធ USB ប្រភេទ២.០ ចំនួន៤ និងរន្ធUSB ប្រភេទC ចំនួនមួយ ។ នៅពេលអាគុយពេញ វាមានសមត្ថភាពសាកថ្មIphone បានចំនួន៤០ដង ឬ សាកថ្មសម្រាប់MacBook ចំនួន៥ដង ។ ចំណុចពិសេសមួយនេះគ្មានគូប្រជែងពាណិជ្ជកម្មណាមួយធ្វើដូចបាននៅឡើយទេ ។
Urb-E Sport អាចរត់ក្នុងល្បឿនជាមធ្យមចន្លោះ២២Kmក្នុងមួយម៉ោងទៅ២៨Kmក្នុងមួយម៉ោង និងអាចរត់បានចំងាយ២៥Kmសម្រាប់ការសាកថ្មម្តង ។ ឧបករណ៍នេះត្រូវបានដំឡើងដោយដៃនៅក្នុង ទីក្រុង Pasadena រដ្ឋកាលីហ្វ័រនីញ៉ា ដោយធ្វើឡើងពីកាបូនហ្វៃប៊័រ និងដែកអាលុយមីញ៉ូម សម្រាប់ធ្វើយន្តហោះផងដែរ ។ មួយវិញទៀតកង់ប្រើអាគុយនោះជាកង់អាចបត់បាន ហើយវាប្រហែលជាកង់ដែលជាទីពេញនិយមបំផុតសម្រាប់ដើរផ្សារ ព្រោះវាក៏មានកន្ដ្រកសម្រាប់ដាក់អីវ៉ាន់ផងដែរ ៕