Urb-E Sport កង់​អា​គុយ​អាច​សាក​ថ្ម​ Iphone 40​ដង

0
1262

Urb-E Sport ជា​កង់​អគ្គិសនី​បែប​បុរាណ​ដែល​អាច​នាំ​អ្នក​ទៅ​កាន់​គោលដៅ ខ្លី​ៗ ក្នុង​សហគមន៍​របស់​អ្នក​ដោយ​មិនបាច់​ត្រូវការ​ប្រើប្រាស់​រថយន្ត ។ យើង​ធ្លាប់​បានដឹង​មក​ហើយ​ថា​មាន​ផលិតផល​ជា​ច្រើន​ដែល​បម្រើសេវា​ដឹក​ជញ្ជូន​បែប​ធម្មជាតិ ដើម្បី​ការពារ​បរិស្ថាន​ផង​ដែរ ។ ផលិតផល​ទាំងនោះ​មាន​ក្តារ​ស្គី​អគ្គិសនី ឬ Scooter អគ្គិសនី​ជាដើម តែ Urb-E Sport ជា​កង់​អគ្គិសនី​ខុស​ប្លែក​ពី​គេ ។ ឧបករណ៍​នេះ​ត្រូវ​បាន​គេ​កែ​ច្នៃ​តាម​បែប​បុរាណ មាន​កែប​សម្រាប់​អង្គុយ​យ៉ាង​ស្រួល ហើយ​ត្រូវ​គេ​លក់​ក្នុង​តម្លៃ​៨៩៩​ដុល្លារ​ក្នុង​សហរដ្ឋអាមេរិក ប្រសិនបើ​ដឹក​ជញ្ជូន​ដល់​ចក្រភព​អង់គ្លេស​ត្រូវ​បន្ថែម​លុយ​១០០​ដុល្លារ​ទៀត ។

ចំណុច​ពិសេស​របស់​ Urb-E Sport គឺ​អា​គុយ​របស់​វា​អាច​ដោះ​បាន និង​អាច​សាក​ថ្ម​ដល់គ្រឿងអគ្គិសនី ផ្សេង​ៗ​បាន​ដូច​ជា​ទូរស័ព្ទ​ជាដើម ។ អា​គុយ​សម្រាប់​ដំណើរការ​កង់​អគ្គិសនី​មាន​រន្ធ USB ប្រភេទ​២.០ ចំនួន​៤ និង​រន្ធ​USB ប្រភេទ​C ចំនួន​មួយ ។ នៅ​ពេល​អា​គុយ​ពេញ វា​មាន​សមត្ថភាព​សាក​ថ្ម​Iphone បាន​ចំនួន​៤០​ដង ឬ សាក​ថ្ម​សម្រាប់​MacBook ចំនួន​៥​ដង ។ ចំណុច​ពិសេស​មួយ​នេះ​គ្មាន​គូប្រជែង​ពាណិជ្ជកម្ម​ណាមួយ​ធ្វើ​ដូច​បាន​នៅឡើយ​ទេ ។

Urb-E Sport អាច​រត់​ក្នុង​ល្បឿន​ជា​មធ្យម​ចន្លោះ​២២Km​ក្នុង​មួយ​ម៉ោង​ទៅ​២៨Km​ក្នុង​មួយ​ម៉ោង និង​អាច​រត់​បាន​ចំងាយ​២៥Km​សម្រាប់​ការ​សាក​ថ្ម​ម្តង ។ ឧបករណ៍​នេះ​ត្រូវ​បាន​ដំឡើង​ដោយ​ដៃ​នៅ​ក្នុង ទីក្រុង Pasadena រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដោយ​ធ្វើ​ឡើង​ពី​កាបូន​ហ្វៃ​ប៊័រ និង​ដែក​អាលុយមីញ៉ូម សម្រាប់​ធ្វើ​យន្តហោះ​ផង​ដែរ ។ មួយវិញទៀត​កង់​ប្រើ​អា​គុយ​នោះ​ជា​កង់​អាច​បត់​បាន ហើយ​វា​ប្រហែលជា​កង់​ដែល​ជាទី​ពេញ​និយម​បំផុត​សម្រាប់​ដើរ​ផ្សារ ព្រោះ​វា​ក៏​មាន​កន្ដ្រក​សម្រាប់​ដាក់​អីវ៉ាន់​ផង​ដែរ ៕