LG G6 បង្ហាញ​មុខជា​ផ្លូវការ​នៅ MWC

0
983

ក្នុង​ឱកាស​តាំងពិព័រណ៍​បច្ចេកវិទ្យា​ទូរស័ព្ទ​លំដាប់​ទី​មួយ​ពិភពលោក​MWC នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ក្រុមហ៊ុន​កូរ៉េ​LG បាន​ដាក់​បង្ហាញ​ទូរស័ព្ទ​ម៉ូ​ដែល​ចុង​ក្រោយ​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​LG G៦ សម្រាប់ ឆ្នាំ​២០១៧ ហើយ​វា​ជា​ជំនាន់​ថ្មី​របស់​G៥ ។

បើ​ទោះជា​LG G៦​ជា​ជំនាន់​ថ្មី​របស់​LG G៥​ក្តី​ក៏​ក្រុមហ៊ុន​បាន​ច្នៃ​ម៉ូ​ដ​ហាក់​ខុស​គ្នា​ទាំងស្រុង​ធៀប​នឹង​ជំនាន់​ចាស់ ។ អ្វី​ដែល​ស្រ​ដៀង​នោះ​គឺ​វា​មាន​កាមេរ៉ា​ផ្នែក​ខាងក្រោយ​ពី​ដូច​គ្នា​តែ​ទាំង​ទំហំ​អេ​ក្រង់​ថ្ម​ធំ​ជាង​មុខ និង​កម្មវិធី​មួយ​ចំនួន​ខុស​គ្នា​ទាំងស្រុង ។

ភាព​ទាក់ទាញ​បំផុត​សម្រាប់​ម៉ូ​ដែល​មួយ​នេះ​គឺ​វា​មាន​អេ​ក្រង់​ធំ​៥,៧​អីុ​ញ តួ​មាន​ភាពរឹងមាំ មិន​ចូល​ទឹក​១០០%​ក្នុង​ជម្រៅ​១​ម៉ែត្រ ក្នុង​រយៈពេល​៣០​នាទី កញ្ចក់​ការពារ​ឆ្កូត​ពី​ធូលី​ប្រភេទ​Corning Gorilla Glass3 នៅ​ផ្នែក​ខាង​មុខ និង​ខាងក្រោយ ជា​កញ្ចក់​ការពារ​ធូលី​ឆ្កូត​Corning Gorilla Glass5 ថ្ម​ធំ​ជាង​មុន​មាន​កម្លាំង​៣៣០០mAh​នឹង​មាន​ទម្រង់​អេ​ក្រង់​ថ្មី ដែល​ផ្នែក​ខាង​មុខ​របស់​ទូរស័ព្ទ​ស្ទើរតែ​ជា​អេ​ក្រង់​ទាំងអស់ កាមេរ៉ា​ថត​បាន​ច្បាស់​ទំហំ​១៣MP​ផ្នែក​ខាង ក្រោយ​ចំនួន​ពីរ​ជាប់​គ្នា និង​មាន​កាមេរ៉ា​ផ្នែក​ខាង​មុខ​ទំហំ​៥MP​មាន​ទម្ងន់​១៦៣g​មាន​បំពាក់​បច្ចេកវិទ្យា​សំឡេង​ក្រុមហ៊ុន​Dolby​មាន​បំពាក់​Chip set​ប្រភេទ​MSM៨៩៩៦Snapdragon៨២១ នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android៧.០Nougat ។

ម៉ូ​ដែល​នេះ​ជា​ប្រភេទ​ស៊ី​ម​ពីរ និង​ស៊ី​ម​មួយ មាន​អង្គ​ចង​ចាំ​ក្នុង​តួ​ម៉ាស៊ីន​ប្រភេទ​៣២GB​និង​៦៤GB ហើយ​អាច​បន្ថែម​រហូត​ដល់​២៥៦GB មាន​បី​ពណ៌ សម្រាប់​ជ្រើសរើស គឺ​ពណ៌​ស ខ្មៅ និង​ពណ៌​បា្ល​ទី​ន សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ ប៉ុន្តែ​បាន​តែ​ផលិតផល​ដែល​លក់​នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ។ បន្ថែម​លើស​ពី​នេះ​LG G៦​មាន​រន្ធ​USB-C មាន​Resolution១៤៤០x២៨៨០ និង​មាន​ដង់ស៊ីតេ​ភិ​ក​សែ​ល​៥៦៤ppi ដែល​មាន​សមត្ថភាព​បង្ហាញ​រូបភាព​បាន​ច្បាស់​ល្អ និង​អាច​លេង​ហ្គេ​ម ដែល​មាន​ក្រាហ្វិក​ទំហំ​ធំ និង​អាច​មើលឃើញ​ច្បាស់​ល្អ​ទោះបី​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ​ក្តី ។ LG G​នឹង​ជួប​គូប្រជែង​ដែល​មាន​សញ្ជាតិ​ដូច​គ្នា​គឺ​Samsung GalaxyS៨ ដែល​ចេញ​មុខ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ។

ចំណុច​ពិសេស​នោះ​គឺ​LG G៦​កាត់​បន្ថយ​បាន​៣០%​ដល់​ថ្ម​ក្នុង​ពេល​ប្រើប្រាស់ និង​មាន​រ៉េ​ម​៤GB​ផង​ដែរ ។ ក្រុមហ៊ុន​LG​គ្រោង​និង​បង្ហាញ​ឆ្នាំង​សាក​ថ្មី​ដែល​សាក​ថ្ម​បាន​លឿន​ដោយ​គ្រាន់តែ​ចំណាយពេល​៣០​នាទី អាច​សាក​ថ្ម​បាន​៥០% ។

ម៉ូ​ដែល​មួយ​នេះ ក្រុមហ៊ុន​LG​នៅ​មិន​ទាន់​បង្ហាញ​តម្លៃ​ជា​ផ្លូវការ​នៅឡើយ​ទេ តែ​គេ​សង្ឃឹមថា វា​ប្រហែល​មាន​តម្លៃ​ចន្លោះ​ពី​៥00​ដុល្លារ ទៅ​៧00​ដុល្លារ ហើយ​ក្រុមហ៊ុន​ក៏​មិន​ទាន់​បញ្ជាក់​ពី​ថ្ងៃ​ដែល​មាននៅ​លើ​ទីផ្សារ​ពិភពលោក​ដែរ ៕