រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ តារាសម្តែងពីរដួងគឺលោកឆឹម សក្កដា និងអ្នកនាងទូច ស្រីលក្ខណ៍ បង្កើតស្នាដៃចម្រៀងជាបន្តបន្ទាប់វាយលុកទីផ្សារធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេជាច្រើនចាប់អារម្មណ៍នៅពេលបង្ហោះ តាមហ្វេសប៊ុក និងយូធូប ។
តារាប្រុសស្រីមួយគូនេះសម្រុកផលិតចម្រៀងថ្មី ពីរោះបង្កប់ន័យគួរឲ្យទាក់ចិត្ត ។ ជួបជាមួយអ្នកយកព័ត៌មានកាលពីពេល ថ្មីៗកន្លងមកលោកឆឹម សក្កដា ដៃគូផ្អែមល្ហែមរបស់ពេជ្រ សោភា ទាំងក្រៅឆាក និងពេលសម្តែងបានឲ្យដឹងថា បើទោះជាលោកមានការពិបាកបែបណាក្តីក៏លោកគ្មានចិត្តចង់ងាកចេញ ឬដកថយឈប់ផលិតចម្រៀងថ្មី ព្រោះជាការលើកមុខមាត់ស្នាដៃចម្រៀងខ្មែរយើងកុំឲ្យប្រទេសជិតខាងគេមើលស្រាល។ ទោះជាយើងផលិតបានតិច ឬច្រើន បំណងរបស់ខ្ញុំចង់ឲ្យស្នាដៃដែលចេញដោយគំនិតកូនខ្មែរ យុវជនខ្មែរមានអ្នកគាំទ្រលើកស្ទួយ រិះគន់ស្ថាបនាកុំបង្អាប់ នោះហើយចេះតែមានទឹកចិត្តរុលទៅមុខបន្តទៀត ។ រហូតមកទល់ពេលនេះខ្ញុំ និងអ្នកនាងពេជ្រ សោភា បានរួមគ្នាផលិតចម្រៀងបានច្រើនបទមកហើយ ដោយ ថ្មីៗនេះទៀតនៅមានចម្រៀងស្នាដៃកូនខ្មែរយើងមួយចំនួនទៀតកំពុងតែត្រៀមបង្ហាញស្របពេលឥឡូវនេះចម្រៀងខ្មែរផលិតដោយកូនខ្មែរកំពុងតែពេញនិយមបើយើងចម្លងគេច្បាស់ជាយុវវ័យតាមបណ្តាញសង្គមគេតិះដៀលផ្កាប់មុខជាមិនខាន» ។
ចំណែកអ្នកនាងទូច ស្រីលក្ខណ៍និយាយថា«លំបាកណាស់ទម្រាំបានចេញផ្សាយចម្រៀងមួយបទៗ គឺត្រូវដេកទ្រាំនៅក្នុងបន្ទប់ផ្សាយបន្ទប់ថតបាត់ពេលវេលាខកខានជួបកូនជួបប្តីក៏មាន ។ ប៉ុន្តែអ្វីទាំងនេះគឺនាងខ្ញុំសប្បាយចិត្តព្រោះក្នុងនាមអ្នកសិល្បៈដែលប្រឡូកដើម្បីប្រជាជនខ្មែរត្រូវតែមានអ្វីដែលជាស្នាដៃជូនអ្នកគាំទ្របានប្លែកចិត្ត ប្លែកភ្នែកប្លែកអារម្មណ៍ ។ ជាក់ស្តែងនាងមានកម្លាំងចិត្តបានបង្កើតស្នាដៃចម្រៀងបានមួយបទទៅមួយបទពេលនេះក៏ព្រោះតែបានពុកម៉ែ បងប្អូនជាអ្នកជួយគាំទ្រស្រឡាញ់រួមគ្នាស្តាប់ ព្រោះក្រោយបង្ហាញបទនាងខ្ញុំនៅលើបណ្តាញហ្វេសប៊ុក ឬយូធូប គឺផ្ទុះការគាំទ្រតាំងពីបទទី១មក ទាំងនេះជាមូលហេតុសំខាន់ដែលខ្មែរគួរតែលើកទឹកចិត្តអ្វីដែលជារបស់ខ្មែរឲ្យបរទេសបានដឹងបន្តទៀត »។
អ្នកនាងទូច ស្រីលក្ខណ៍ បានចេញចម្រៀងនៅលើទីផ្សារ៣បទមកហើយដែលសុទ្ធសឹងតែមានការគាំទ្រ ។ បទទី១របស់នាងគឺ«សុភមង្គលមិនមែនស្ថិតនៅលើលុយតែមួយមុខ» «ភ្ជុំបិណ្ឌឆ្នាំនេះ» និងបទ«ទៅលេងបុណ្យអុំទូក» ។ ចុងក្រោយនេះទូច ស្រីលក្ខណ៍ មានបទថ្មី២ទៅ៣បទទៀតត្រៀមបង្ហាញនាពេល ឆាប់ៗខាងមុខ ៕