រាជធានីភ្នំពេញ ៖ អ្នកនាងពេជ្រ សោភា និងលោកឆឹម សក្កដា បានសហការគ្នាផលិតបទចម្រៀងថ្មីដើម្បីបំពេញចិត្តអ្នកគាំទ្រ និងប្រិយមិត្តអ្នកស្លាប់ទូទៅ ។
រហូតមកទល់ពេលនេះ បើទោះបីមជ្ឈដ្ឋានជាច្រើន រួមទាំងអ្នកសិល្បៈផងនៅតែគិតថា ស្នេហារបស់នាងពេជ្រ សោភា ជាមួយលោកឆឹម សក្កដា ជាស្នេហាក្លែងក្លាយក្ដី ពួកគេនៅតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នា ។ លោកសក្កដា និយាយកាលពីពេល ថ្មីៗកន្លងមកថា លោកចង់ច្រៀងឆ្លងឆ្លើយជាមួយម្ចាស់ស្នេហ៍ដើម្បីបំបែកទីផ្សារ ។ លោកសក្កដា បានទទួលស្គាល់ថា ក្រោយពេលចងសម្ព័ន្ធស្នេហ៍ជាមួយអ្នកនាងពេជ្រ សោភា មក អាជីពសិល្បៈរបស់លោក ស្ទុះឡើងល្អប្រសើរជាងមុន ។
ទន្ទឹមនោះលោកចង់ចាប់ដៃគូច្រៀងជាមួយពេជ្រ សោភា ដើម្បីទាញសំឡេងគាំទ្រ ខណៈអ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេចេញបទចម្រៀងឆ្លងឆ្លើយរួមគ្នា ។ លោកឆឹម សក្កដានិយាយថា «បើហង្សមាស បើកភ្លើងខៀវ ខ្ញុំ និងអ្នកនាងពេជ្រ សោភា នឹងធ្វើបទ Original song បំបែកទីផ្សារ ហើយខ្ញុំរំពឹងថា នឹងដណ្ដើមបានការគាំទ្រខ្លាំងទៀតផង ។ ចាប់តាំងពីសម្ដែងឈុតខារ៉ាអូខេ ថតភាពយន្ត និងចាប់ដៃគូច្រៀងជាមួយអ្នកនាងសោភា តាមកម្មវិធីមួយចំនួនកន្លងមកនេះ គឺស៊ីចង្វាក់គ្នាល្អ និងទទួលបានគាំទ្រគួរឲ្យកត់សម្គាល់ ដូច្នេះបើបានចេញបទស្នាដៃថ្មីរួមគ្នារួមគ្នាទៀតនោះច្បាស់ជាជួយឲ្យទីផ្សារសិល្បៈរបស់ខ្ញុំកាន់តែស្ទុះឡើងបន្ថែមទៀត» ។
ចាប់តាំងពីអ្នកនាងពេជ្រ សោភា ប្រកាសថា រវាងនាង និងលោកឆឹម សក្កដា ពិសោធន៍ចិត្តគ្នាជាគូស្នេហ៍មក គេសង្កេតឃើញទីផ្សារសិល្បៈរបស់លោកសក្កដា ស្ទុះឡើងគួរឲ្យកត់សម្គាល់ ទាំងផ្នែកសម្ដែង និងចម្រៀង ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ គេឃើញលោកសក្កដា ឧស្សាហ៍លេចមុខច្រៀងរួមគ្នាជាមួយអ្នកនាងពេជ្រ សោភា នៅក្នុងកម្មវិធីមួយចំនួនជាបន្តបន្ទាប់ ៕