នាយ​ចឺម ដកខ្លួន​ចេញពី​ក្រុម​កំប្លែង​ហើយ

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​សើច​សប្បាយ​នា​ពេល​កន្លង​មក ពេល​នេះ​តារា​កំប្លែង​នាយ​ចឺម បាន​ប្រកាស​ដកខ្លួន​ចេញពី​ក្រុម​កំប្លែង បន្ទាប់​ពី​ងាក​ទៅ​ចាប់​អាជីព​ចម្រៀង​ហាក់​ទទួល​បានការ​គាំទ្រ ។

ការ​ប្រកាស​ដកខ្លួន​របស់​នាយ​ចឺម នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាយ​ចាប់ផ្តើម​អវត្ត​មាន​សម្តែង​កំប្លែង​ជាមួយ​ក្រុម​នៅ​ស៊ី​ធី​អ៊ិ​ន​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ។

អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត និង​ជា​អ្នកដឹកនាំ​ក្រុម​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​លោក​​​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា វិច​ទ័​រ បាន​ទទួលស្គាល់​ពី​ដំណឹង​នៃ​ការ​ចាក​ចេញពី​ក្រុម​កំប្លែង​របស់​នាយ​ចឺម​នេះ ។ នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​បាន​លើក​ឡើង​ថា ការ​ដកខ្លួន​ពី​ក្រុម​កំប្លែង​ពី​នាយ​ចឺម នា​ពេល​នេះ​គឺ​មិនមែន​កើតឡើង​ដោយសារ​មាន​បញ្ហា​នៅ​ក្នុង​ក្រុម​នោះ​ឡើយ ពោល​គឺ​មួយ​រយៈ​នេះ​នាយ​រវល់​លើ​ការងារ​ចម្រៀង​ច្រើន​ជាង ។

បើ​តាម​លោកតា​វិច​ទ័​រ រហូត​មក​ដល់​ពេល​នេះ​លោក​នៅ​មិន​ទាន់​ទទួល​ដំណឹង​ច្បាស់​លាស់​ណាមួយ​ពី​តារា​កំប្លែង​នាយ​ចឺម នៅឡើយ​ទេ ។

នាយ​ចឺម លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​ចាក​ចេញពី​ក្រុម​កំប្លែង​នា​ពេល​នេះ មិនមែន​នាយ​ឈប់​ទាំងស្រុង​ឡើយ ប៉ុន្តែ​ដោយសារ​នាយ​ចង់​ពង្រឹង​អាជីព​ចម្រៀង​ឲ្យ​បាន​រឹង​មាំ​ក្នុង​ផលិតកម្ម​សាន់​ដេ​ប៉ុណ្ណោះ ។

នាយ​មាន​ថ្ងៃនេះ​ដោយសារ​តែ​ការ​លេង​កំប្លែង ដូច្នេះ​នាយ​នឹង​មិន​ភ្លេច​កំណើត​ដើម​នោះ​ឡើយ ហើយ​បើ​មានឱកាស​ច្រើន​នាយ​នឹង​នៅ​តែ​ចូលរួម​លេង​កំប្លែង​ជូន​ទស្សនិកជន​បាន​ទស្សនា​ដូច​មុន​ដដែល ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​កេរ្តិ៍ឈ្មោះ​របស់​តារា​កំប្លែង​ដែល​វិ​វ​ឍ្ឍ​ខ្លួន​ជា​តារាចម្រៀង​នាយ​ចឺម បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​គួ​សមតា​មរយៈ​បទ​ចម្រៀង​ដែល​កំពុង​តែ​ពេញ​និយម​ពី​យុវវ័យ​ក្នុង​ផលិតកម្ម​សាន់​ដេ ។

ទឹកដម​សំឡេង​របស់​នាយ​ចឺម​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ល្អ​ជាមួយនឹង​បទ​ចម្រៀង​ដែល​ត្រូវ​ចិត្ត​យុវវ័យ​ថែម​ទៀត ខណៈ​ពេល​ដែល​នាយ​ចឺម ទំនងជា​អាច​ជំនួស​តំណែង​លោក​ខេមរៈ សិរីមន្ត ដែល​បាន​ចាក​ចេញពី​សាន់​ដេ ទៅ​នៅ​ផលិតកម្ម​ហង្ស​មាស​នោះ ៕