រាជធានីភ្នំពេញ ៖ តារាសម្តែងពេជ្រ ចរណៃ ដែលមានជំងឺបេះដូងធ្ងន់ និងនាយវីតាមីនសេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសថៃ ទទួលបានអំណោយមួយចំនួនពីលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។ ការទទួលបានអំណោយនេះកាលពីរាត្រីថ្ងៃទី២០ ខែវិច្ឆិកា ២០១៧ ដោយសារអ្នកសិល្បៈទាំងពីរនាក់ត្រូវការប្រាក់ជាចាំបាច់ដើម្បីព្យាបាល ។
ពេជ្រ ចរណៃ មានជំងឺដាច់សរសៃប្រឹសបេះដូង ហើយត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃកាលពីពេលកន្លងទៅ ប៉ុន្តែដោយមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ នាងបានវិលមកសម្រាកព្យាបាលនៅក្នុងស្រុកវិញ ។
លោកពេជ្រ កែវមុនី និងភរិយា បានជួបសំណះសំណាល សាកសួរសុខទុក្ខ តារាសម្តែង ពេជ្រ ចរណៃ ទាំងយប់ក្រោយពីទទួលដំណឹងថានាងបានធ្វើដំណើរវិលមកសម្រាកព្យាបាលជំងឺនៅប្រទេសកម្ពុជាវិញ។ លោកអភិបាលខណ្ឌ បានលើកទឹកចិត្ត និងជំរុញឲ្យនាង និងក្រុមគ្រួសារត្រូវតស៊ូព្យាយាមជម្នះរាល់ការលំបាកនានា និងថែរក្សាសុខភាពឲ្យបានល្អ ។
នៅថ្ងៃដដែលនោះដែរលោកអភិបាលខណ្ឌ មានជ័យ និងភរិយា បានជួបជាមួយអ្នកនាងប៉េងប៉ោង ដើម្បីផ្តាំសាកសួរសុខទុក្ខនាយវីតាមីនសេ ជាឪពុករបស់នាងដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃ ។
នាយវីតាមីនសេ មានជំងឺធ្វើទុក្ខច្រើនថ្ងៃមកហើយ គឺជំងឺដុះដុំសាច់ក្នុងថ្លើម និងមានជំងឺដំបៅក្រពះផង បន្ថែមពីលើជំងឺលើសឈាម និងទឹកនោមផ្អែម ។
លោកអភិបាលខណ្ឌបានផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់នាយវីតាមីនសេ និងលើកទឹកចិត្តឲ្យក្រុមគ្រួសារបន្តព្យាយាមជួយនាយវីតាមីនសេឲ្យអស់ពីលទ្ធភាព ។
លោកពេជ្រ កែវមុន្នី និងភរិយា បានប្រគល់ជូនប្រាក់មួយចំនួនជូនដល់អ្នកនាងប៉េង ប៉ោង ដើម្បីបន្តជួយសម្រួលចំពោះបញ្ហាលំបាកចំពោះមុខ ហើយបើទោះបីជាមិនច្រើនក្តី ជាការរួមចំណែកលើកទឹកចិត្តដល់ក្រុមគ្រួសារសិល្បករ ពិសេសនាយវីតាមីនសេដែលកន្លងមកបានចូលរួមសកម្មភាពសិល្បៈជួយដល់សង្គមជាច្រើនដែរ ។
ក្រៅពីលោកអភិបាលខណ្ឌមានជ័យ មានសិល្បករមួយចំនួនដូចជាលោកអ៊ឹម ជីវ៉ា កញ្ញា នីតា តារាចម្រៀងត្រកូលឱក ជាដើម បានចូលរួមសាកសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ប្រាក់ផ្ទាល់ខ្លួនជាការចែករំលែកទុក្ខលំបាកអ្នកសិល្បៈដូចគ្នា ៕