រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះតារាចម្រៀងលោក សួស សងវាចា នៅតែបន្តការព្យាបាលជំងឺធ្ងន់របស់លោកនៅឡើយ ហើយបានសម្តែងការអស់សង្ឃឹមក្នុងការវិលមកកាន់ក្បាលមេក្រូច្រៀងជាថ្មីឡើងវិញ ។
លោកសួស សងវាចា មានជំងឺលើសឈាម បណ្តាលឲ្យស្ពឹកមួយចំហៀងខ្លួន ដូច្នេះហើយលោកមិនអាចចាប់អាជីពចម្រៀងអស់រយៈពេលជាង២ឆ្នាំមកហើយ ។
លោកសួស សងវាចា បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែវិច្ឆិកា ២០១៧ថា បច្ចុប្បន្នអាការជំងឺរបស់លោកនៅតែបន្តការព្យាបាលទៅតាមវេជ្ជបញ្ជានៅឡើយ ។ បើទោះបីជាពេលនេះលោកកំពុងសម្រាកព្យាបាលនៅគេហដ្ឋានក្នុងសង្កាត់ពងទឹក រាជធានីភ្នំពេញក៏ដោយ ប៉ុន្តែលោកនៅតែទៅជួបគ្រូពេទ្យតាមកាលកំណត់ នៅពេលដែលអាការជំងឺធ្វើទុក្ខ ម្តងៗ ។
លោកសួស សងវាចា ចាប់ផ្តើមពើបប្រទះជំងឺលើសជាតិស្ករ និងឈាម ក្នុងអំឡុងឆ្នាំ២០១៥ ដែលគិតមកដល់ពេលនេះមានរយៈពេលជាង២ឆ្នាំមកហើយ ។ ជំងឺមួយនេះធ្វើឲ្យលោកឃ្លាតឆ្ងាយទាំងស្រុងពីអាជីពចម្រៀង ។ជំងឺលើសឈាមបានធ្វើឲ្យលោកដួលសន្លប់ និងត្រូវក្រុមគ្រូសារដឹកយកទៅសង្គ្រោះបន្ទាន់ ។
បើទោះបីជាលោកអាចឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ប៉ុន្តែលោកសួស សងវាចា បានបាត់បង់កាយសម្បទាមួយចំហៀងខ្លួន ពោលគឺមិនអាចកម្រើកបាន ក្នុងពេលដែលលោកអាចទៅណាបានលុះត្រាតែមានអ្នកគ្រា ឬរទេះរុញ ។
ក្នុងវ័យជាង៥០ឆ្នាំលោកសួស សងវាចា បានសម្តែងការតូចចិត្តដែលជំងឺដ៏កាចសាហាវយាយីដល់អាជីពរបស់លោក ដែលជាផ្នែកមួយដ៏សំខាន់នៃប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ។
លោកសួស សងវាចា និយាយថា «ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលបាត់បង់អាជីពចម្រៀង ក្នុងពេលដែលខ្ញុំនៅមានកម្លាំងសម្រាប់បន្តអាជីពមួយនេះទៀត ។ បើទោះបីជាពេលនេះខ្ញុំអាចនិយាយបាន តែនៅតែគ្មានសង្ឃឹមនឹងបានវិលមកកាន់ក្បាលមេក្រូច្រៀងបន្តទៀតឡើយ ដោយសារតែអាការជំងឺរបស់ខ្ញុំគឺទាមទារឲ្យមានការសម្រាលព្យាបាលរយៈពេលយូរ »។
ក្នុងនាមជាអ្នកសិល្បៈមួយរូបលោកសួស សងវាចា មិនមានកូន ឬសាច់សាលោកហិតណាម្នាក់អាចទទួលបទពិសោធន៍ និងចំណេះដឹងផ្នែកចម្រៀងពីលោកទេ ខណៈពេលដែលលោកក៏មិនមានបំណងផ្ទេរចំណេះដឹងនេះទៅអ្នកណាម្នាក់ដែរ ។ កត្តានេះត្រូវលោកសួស សងវាចា បញ្ជាក់ថា ក្មេងៗយុវវ័យសម័យនេះហាក់ពេញនិយមខ្លាំងទៅលើបទចម្រៀង ថ្មីៗបែបទំនើប ចំណែកបទចម្រៀងពីដើមហាក់មិនសូវចាប់អារម្មណ៍ទេ ។
ហេតុនេះលោកចង់ឲ្យសាច់សាលោហិតរបស់លោកចាប់យកការសិក្សាចំណេះទូទៅឲ្យបានច្រើនជាងការចាប់យកអាជីពចម្រៀងបែបសម័យដើមដែលមិនសូវមានការពេញនិយម និងមិនសូវមានទីផ្សារសម្រាប់រកចំណូល ៕