រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងសំឡេងពីរោះដែលរងការលំបាកក្នុងជីវិតចុងក្រោយប៉ុន្មានឆ្នាំនេះ ព្រោះតែជំងឺ និងភារៈចិញ្ចឹមគ្រួសារលោក ចាន់ សម័យ បានត្រូវខ្មែរនៅស្រុកបារាំង រៀបចំឱ្យទៅសម្តែងនៅទីនោះនាដើមខែវិច្ឆិកានេះដែលដូចជាជួយឱ្យមានពន្លឺឡើងវិញ។ ដំណឹងដ៏ប្រសើរនេះ ជាការរីករាយរបស់អ្នកអាណិតស្រឡាញ់លោក ហើយសំខាន់ការទៅប្រទេសបារាំងមានលក្ខណៈច្រើនខែផងដែរ។
កន្លងមកគេឃើញថា មហាជនមួយចំនួនបានបង្ហាញទឹកចិត្តនៃការចេះជួយយកអាសា ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ឬហៅដោយសាមញ្ញថា សង្គមធម៌។ ដូច្នេះ យើងត្រូវចេះបណ្តុះពូជ គឺទឹកចិត្តរបស់យើង ដើម្បីជួយខ្វល់ខ្វាយ ជួយសង្គ្រោះដល់អ្នកដទៃ, តាំងសេចក្ដីប្រាថ្នាល្អចំពោះមនុស្សទូទៅ ដោយចាប់ផ្តើមពីខ្លួនយើងតទៅ ទោះតិចក៏ដោយ ឬច្រើនក៏ដោយ។
គ្រប់គ្នាប្រហែលជាល្បីឈ្មោះ លោក ចាន់ សម័យ ជំនាន់បទ «មិនស្រលាញ់អូនមិនបាន», «មិនអាចគ្មានអូន», «ស្ដង់ដាស្រីស្អាត» និងបទ «សុំមេមាន់មួយ» ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ លោកបានធ្លាក់ខ្លួនដោយជួលផ្ទះរស់នៅជាមួយប្រពន្ធ និងកូន៥នាក់ ទាំងជីវភាពលំបាកបំផុត ដោយសារមានបញ្ហាសុខភាពមិនអាចបន្តច្រៀងទៀតបាន ហើយពេលថ្មីៗនេះ គេបានឃើញលោកដើរស្ទូចត្រីដើម្បីធ្វើម្ហូបដោយខ្លួនឯងទៀតផង។
លោក ចាន់ សម័យ បានបញ្ជាក់ថា លោកបានលាឈប់ពីផលិតកម្មនានាតាំងពីឆ្នាំ ២០០៦។ ក្រោយមក លោកបានបើកហាង២ ប៉ុន្តែត្រូវបរាជ័យផ្ទួនៗ ខាតដើមឡុងចុងរហូត។ មិនត្រឹមតែប៉ុណ្ណោះ លោកធ្លាប់បានចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកដែរ ប៉ុន្តែក្រោយត្រលប់មកវិញ ក៏ត្រូវចោរឆក់យកកាបូបទៅបាត់អស់ ធ្វើឲ្យលុយដែលលោករកបានទាំងប៉ុន្មាន រលាយបាត់ត្រឹមមួយប៉ប្រិចភ្នែក។
ចាប់តាំងពីពេលនោះមក លោកក៏ត្រូវធ្លាក់ខ្លួនដើរច្រៀងតាមហាង និងតាមកម្មវិធីនានា គ្រាន់បានប្រាក់ផ្គត់ផ្គង់គ្រួសារ ដែលមានកូន៥នាក់ក្នុងបន្ទុក ចំណែកប្រពន្ធលោកមិនអាចធ្វើអ្វីបានឡើយ ក្រៅពីមើលថែកូនក្នុងនាមជាមេផ្ទះ។ ដូចនេះហើយ លោកត្រូវរ៉ាប់រងទាំងស្រុង ទាំងថ្លៃចំណាយជួលផ្ទះ និងថ្លៃកូនរៀនទាំង៥នាក់ នេះជាអម្រែកដ៏ធំមួយសម្រាប់លោកផ្ទាល់។
លោកនិយាយទៀតថា ការណ៍ពិតលោកបានចេញទៅច្រៀងប្រទេសក្រៅជាច្រើនដងដែរ ប៉ុន្តែឱកាសបានទៅសម្តែងលើទឹកដីបារាំងលើកនេះ ដូចជាជួយពង្រីកស្នាដៃសិល្បៈ និងជួយកិច្ចការក្នុងគ្រួសារ។ ឱកាសទៅប្រទេសបារាំងមានរយៈពេលចាប់ពី៦ខែទៅ៩ខែ តែជាក់ស្តែងមិនដឹងថា អាចតស៊ូសម្តែងឱ្យអស់ពេលឬយ៉ាងណាទេ។
លោកបន្តថា ជើងដែលដើរបានពេលនេះ គឺបានសប្បុរជនឱ្យថ្នាំ ខ្លះចេះតែប្រាប់ឱ្យរកថ្នាំនេះ ថ្នាំនោះ ញ៉ាំតាមទើបអាចដើរបាន។ ហើយបំណងរបស់លោកខំរកលុយបន្តទៀតព្រោះបានដីគេជួយហើយ និងថវិកាសប្បុរជន និងសម្តេចតេជោជួយដែរ ធ្វើផ្ទះតូចល្មមឱ្យកូន និងប្រពន្ធនៅ។
ម្ចាស់បទ «មិនស្រលាញ់អូនមិនបាន» បានបន្តទៀតថា កូនទាំង៥នាក់របស់លោក កើត ៣ដងប៉ុណ្ណោះ។ កូនបងគឺភ្លោះប្រុសទាំង២នាក់ អាយុ១៧ឆ្នាំ ឯកូនស្រីកណ្ដាលអាយុ១៥ឆ្នាំ និងកូនស្រីភ្លោះ២នាក់ទៀត អាយុ៧ឆ្នាំ។ សព្វថ្ងៃពួកគេកំពុងរៀនទាំងអស់ ហើយលោកក៏មិនឲ្យពួកគេបោះបង់ការសិក្សាឡើយ ទោះបីត្រូវពិបាកប៉ុណ្ណាក៏ដោយ។
ស្ថានភាពគ្រួសារកាន់តែយ៉ាប់យឺនខ្លាំងទៅៗ នៅពេលដែលលោក ចាន់ សម័យ ធ្លាក់ខ្លួនឈឺ ពោលគឺមានខ្លាញ់រុំបេះដូង និងរបេងឆ្អឹង ដែលមិនអាចឲ្យលោកហ៊ានហារមាត់ទទួលយកផលិតកម្មណាមួយ ដើម្បីជ្រកធ្វើជាទ្រនំបន្តអាជីពបានទេ។ ជើងម្ខាងរបស់លោកឈឺជាមិនទៀត ដើរក៏មិនត្រង់ ពេលខ្លះឈឺងើបពីគ្រែរួច។ ហើយចំណូលសព្វថ្ងៃ បានមកពីការច្រៀងតាមកម្មវិធីតិចតួច សម្រាប់ការច្រៀងតាមហាង គឺលោកលែងធ្វើទៀតហើយ ដោយសារពិបាកប្រកែកនឹងភ្ញៀវឲ្យផឹក ហើយត្រូវបើកបរយប់ព្រលប់
លោក ចាន់ សម័យ បានជួលផ្ទះគេរស់នៅអស់រយៈពេល៧ឆ្នាំមកហើយ។ ក្នុងវ័យ៤០ឆ្នាំ ស្ថានភាពសុខភាពលោក ចាន់ សម័យ កាន់តែដុនដាបចំពោះជំងឺរបេងឆ្អឹងរ៉ាំរ៉ៃ។ លោកបន្តចុងក្រោយថា ការនិយមស្ទួចត្រីអាចថា ជាការរកត្រីជួយគ្រួសារផង និងបំបាត់ស្ត្រេសផង ព្រោះលោកពិបាកចិត្តរមែងទៅស្ទួចត្រីគ្រាន់ស្ងប់ចិត្ត ស្ងប់អារម្មណ៍ ហើយវាអាចជួយរកអាហារប្រចាំថ្ងៃផងដែរ។