Friday, November 22, 2024
spot_img
More

    Latest Posts

    លោក​ចាន់ សម័យ​យ៉ាង​ណា​ហើយ… ក្រោយ​រឿង​ជីវិត​ដ៏កម្សត់​ច្រើន​ដំណាក់កាល

    រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​សំឡេង​ពី​រោះ​ដែល​រង​ការ​លំបាក​ក្នុង​ជីវិត​ចុង​ក្រោយ​​ប៉ុន្មាន​ឆ្នាំ​នេះ​ ព្រោះតែ​ជំងឺ​ និង​ភារៈ​ចិញ្ចឹម​គ្រួសារ​លោក​ ចាន់ សម័យ​​ បាន​ត្រូវ​ខ្មែរ​នៅ​​​ស្រុក​បារាំង​ រៀបចំ​ឱ្យទៅ​សម្តែង​នៅ​ទី​​នោះ​នា​ដើមខែ​វិច្ឆិកា​នេះដែល​ដូច​ជា​​ជួយ​ឱ្យ​មាន​​ពន្លឺ​ឡើង​វិញ​។ ដំណឹង​ដ៏ប្រសើរ​នេះ​ ជា​ការ​រីករាយ​របស់​អ្នក​អាណិត​ស្រឡាញ់​លោក ​ហើយ​សំខាន់​ការ​ទៅ​ប្រទេស​បារាំង​មាន​លក្ខណៈ​ច្រើន​ខែ​ផងដែរ។

    កន្លង​មក​​គេ​ឃើញ​ថា ​មហាជន​មួយ​ចំនួន​បាន​បង្ហាញ​ទឹកចិត្ត​នៃ​ការ​ចេះ​ជួយ​យកអាសា ជួយ​​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សង្គម​ខ្មែរ ឬ​ហៅ​ដោយ​សាមញ្ញ​ថា សង្គម​ធម៌​។ ដូច្នេះ យើង​​ត្រូវ​ចេះ​បណ្តុះ​ពូជ ​គឺ​ទឹកចិត្ត​របស់​យើង ដើម្បី​ជួយ​ខ្វល់ខ្វាយ​ ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ​, ​តាំង​សេចក្ដី​ប្រាថ្នា​ល្អ​ចំពោះ​មនុស្ស​ទូទៅ ដោយ​ចាប់ផ្តើម​ពី​ខ្លួន​យើង​តទៅ​ ទោះ​តិច​ក៏​ដោយ ឬច្រើន​ក៏​ដោយ​​។

    គ្រប់​គ្នា​ប្រហែលជា​ល្បីឈ្មោះ លោក ចាន់ សម័យ ជំនាន់​បទ «មិន​ស្រលាញ់​អូន​មិន​បាន», «មិន​អាច​គ្មាន​អូន​», «ស្ដង់ដា​ស្រី​ស្អាត» និង​បទ «សុំ​មេមាន់​មួយ» ជាដើម​។ ប៉ុន្តែ​បច្ចុ​ប្បន្ននេះ លោក​បាន​ធ្លាក់ខ្លួន​ដោយ​ជួល​ផ្ទះ​រស់នៅ​ជាមួយ​ប្រពន្ធ និង​កូន​៥​នាក់ ទាំង​ជីវ​ភាព​លំបាក​បំផុត ដោយសារ​មាន​បញ្ហា​សុខភាព​មិន​អាច​បន្ត​ច្រៀង​ទៀត​បាន ហើយ​ពេល​ថ្មី​ៗ​នេះ គេ​បានឃើញ​លោក​ដើរ​ស្ទូចត្រី​ដើម្បី​ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង​ទៀត​ផង​។

    លោក ចាន់ សម័យ បាន​បញ្ជាក់​ថា លោក​បាន​លាឈប់​ពី​ផលិតកម្ម​នានា​តាំងពី​ឆ្នាំ ២០០៦​។ ក្រោយមក លោក​បាន​បើកហាង​២ ប៉ុន្តែ​ត្រូវ​បរាជ័យ​ផ្ទួន​ៗ ខាតដើម​ឡុងចុង​រហូត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ធ្លាប់​បាន​ចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​ដែរ ប៉ុន្តែ​ក្រោយ​ត្រលប់​មក​វិញ ក៏​ត្រូវ​ចោរឆក់​យក​កាបូប​ទៅ​បាត់អស់​ ធ្វើ​ឲ្យ​លុយ​ដែល​លោក​​រកបាន​ទាំង​ប៉ុន្មាន រលាយ​បាត់​ត្រឹម​មួយប៉ប្រិចភ្នែក​។

    ​ចាប់តាំង​ពី​ពេល​នោះ​មក លោក​ក៏​ត្រូវ​ធ្លាក់ខ្លួន​ដើរ​ច្រៀង​តាម​ហាង និង​តាម​កម្មវិធី​នានា គ្រាន់​​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ ដែល​មានកូន​៥​នាក់​ក្នុង​បន្ទុក​ ចំណែក​ប្រពន្ធ​លោក​មិន​អាច​​ធ្វើ​អ្វី​បាន​ឡើយ ក្រៅពី​មើលថែ​កូន​ក្នុង​នាម​ជា​មេផ្ទះ​។ ដូចនេះ​ហើយ លោក​ត្រូវ​រ៉ាប់​រង​​ទាំងស្រុង ទាំង​ថ្លៃ​ចំណាយ​ជួល​ផ្ទះ និង​ថ្លៃ​កូន​រៀន​ទាំង​៥​នាក់ នេះជា​អ​ម្រែ​ក​ដ៏​ធំ​មួយ​សម្រាប់​លោក​ផ្ទាល់​។

    ​លោក​និយាយ​ទៀត​ថា ​ការណ៍​ពិត​លោក​បាន​ចេញ​ទៅ​ច្រៀង​ប្រទេស​ក្រៅ​​ជា​ច្រើន​ដង​ដែរ ​ប៉ុន្តែ​ឱកាស​បាន​ទៅ​សម្តែង​លើ​ទឹកដី​បារាំង​លើក​នេះ ​ដូច​ជា​ជួយ​ពង្រីក​ស្នាដៃ​សិល្បៈ ​និង​ជួយ​កិច្ចការ​ក្នុង​គ្រួសារ​។ ​ឱកាស​ទៅ​ប្រទេស​បារាំង​មាន​រយៈពេល​ចាប់ពី​៦​ខែ​ទៅ​៩​ខែ​ តែ​ជាក់ស្តែង​មិនដឹង​ថា ​អាច​តស៊ូ​សម្តែង​ឱ្យ​អស់​ពេល​ឬ​យ៉ាងណាទេ​។

    ​លោកបន្ត​​ថា ​ជើង​ដែល​ដើរ​បាន​ពេល​នេះ​ គឺ​បាន​សប្បុរ​ជន​ឱ្យ​ថ្នាំ ​ខ្លះ​ចេះ​តែ​ប្រាប់​ឱ្យ​រក​ថ្នាំ​នេះ​ ថ្នាំ​នោះ ​ញ៉ាំតាម​ទើប​អាច​ដើរ​បាន​។ ហើយ​​បំណង​របស់​លោក​ខំ​រក​លុយ​បន្ត​ទៀត​ព្រោះ​បាន​ដី​គេ​ជួយ​ហើយ​ និង​ថវិកា​សប្បុរ​ជន​ និង​សម្តេច​តេ​ជោ​ជួយ​ដែរ​ ធ្វើ​ផ្ទះ​តូច​ល្មម​ឱ្យ​កូន​ និង​ប្រ​ព​ន្ធនៅ​។

    ម្ចាស់​បទ «មិន​ស្រលាញ់​អូន​មិន​បាន​» បាន​បន្ត​ទៀត​ថា កូន​ទាំង​៥​នាក់​របស់​លោក កើត ៣​ដង​​ប៉ុណ្ណោះ​។ កូន​បង​គឺ​ភ្លោះ​ប្រុស​ទាំង​២​នាក់ អាយុ​១៧​ឆ្នាំ ឯ​កូនស្រី​កណ្ដាល​អាយុ​១៥​​ឆ្នាំ និង​កូនស្រី​ភ្លោះ​២​នាក់​ទៀត អាយុ​៧​ឆ្នាំ​។ សព្វថ្ងៃ​ពួក​គេ​កំពុង​រៀន​ទាំងអស់ ហើយ​​លោក​ក៏​មិន​ឲ្យ​ពួក​គេ​បោះបង់​ការ​សិក្សា​ឡើយ ទោះបី​ត្រូវ​ពិបាក​ប៉ុណ្ណា​ក៏​ដោយ​។

    ស្ថានភាព​គ្រួសារ​កាន់តែ​យ៉ាប់​យឺន​ខ្លាំងទៅៗ នៅ​ពេល​ដែល​លោក ចាន់ សម័យ ធ្លាក់​ខ្លួន​ឈឺ ពោល​គឺ​មាន​ខ្លាញ់​រុំ​បេះដូង និង​របេង​ឆ្អឹង ដែល​មិន​អាច​ឲ្យ​លោក​ហ៊ាន​ហារ​មាត់​ទទួលយក​ផលិត​កម្ម​ណាមួយ​ ដើម្បី​ជ្រក​ធ្វើ​ជា​ទ្រនំ​បន្ត​អាជីព​បាន​ទេ។ ជើង​ម្ខាង​របស់​លោក​ឈឺ​ជា​មិន​ទៀត ដើរ​ក៏​មិន​ត្រង់ ពេល​ខ្លះ​ឈឺ​ងើប​ពី​គ្រែ​រួច​។ ហើយ​ចំណូល​សព្វថ្ងៃ បាន​​មក​ពី​ការ​ច្រៀង​តាម​កម្មវិធី​តិចតួច​ សម្រាប់​ការ​ច្រៀង​តាម​ហាង គឺ​លោក​លែង​ធ្វើ​ទៀត​​ហើយ ដោយសារ​ពិបាក​ប្រកែក​នឹង​ភ្ញៀវ​ឲ្យ​ផឹក ហើយ​ត្រូវ​បើកបរ​យប់​ព្រលប់​

    លោក ចាន់ សម័យ បាន​ជួល​ផ្ទះ​គេ​រស់នៅ​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​។ ក្នុង​វ័យ​៤០​ឆ្នាំ ស្ថានភាព​សុខភាព​លោក ចាន់ សម័យ កាន់តែ​ដុនដាប​ចំពោះ​ជំងឺរបេង​ឆ្អឹង​រ៉ាំរ៉ៃ​។ លោក​​បន្ត​ចុង​ក្រោយ​ថា ​ការ​និយម​ស្ទួ​ច​ត្រី​អាច​ថា ​ជា​ការ​រក​ត្រី​ជួយ​គ្រួសារ​ផង ​និង​បំបាត់​ស្ត្រេ​ស​ផង ព្រោះ​លោក​ពិបាកចិត្ត​រមែង​ទៅ​ស្ទួ​ច​ត្រី​គ្រាន់​ស្ងប់ចិត្ត​ ស្ងប់​អារម្មណ៍ ហើយ​វា​អាច​​ជួយ​រក​អាហារ​ប្រចាំ​ថ្ងៃ​​ផង​ដែរ​។

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.