រាជធានីភ្នំពេញ ៖ ផលិតករភាពយន្តនៃប្រទេសឆេក គ្រោងនឹងអញ្ជើញអតីតតារាភាពយន្តខ្មែរអ្នកនាង អ៊ុំ សុវណ្ណនី មកប្រទេសកម្ពុជា ដើម្បីរំលឹកឡើងវិញពីស្នាដៃផលិតខ្សែភាពយន្តរឿង«នរក៩ជាន់» ដែលបានថតកាលពីឆ្នាំ១៩៨៥ ។
ប្រធានស្តីទីនៃនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះលោក ប៉ុក រក្ស បានអះអាងថា បន្ទាប់ពីបានចូលជួបសម្តែងការគួសមជាមួយលោកជំទាវរដ្ឋមន្ត្រីភឿង សកុណា កាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ផលិតករភាពយន្តរបស់ប្រទេសឆេក គ្រោងនឹងផលិតខ្សែភាពយន្តឯកសារដែលមានឈ្មោះថា «ដានជើងដែលគេភ្លេច»។ ភាពយន្តឯកសារនេះគ្រោងផលិតនៅកម្ពុជា ជាមួយនឹងការបង្ហាញនូវទីតាំងមួយចំនួនដែលជាសមិទ្ធផលរបស់ប្រទេសឆេកក្នុងប្រទេសកម្ពុជា ដើម្បីរំលឹកនៃចំណងការទូតរវាងប្រទេសទាំងពីរ ។
បើតាមលោក ប៉ុក បូរក្ស ភាពយន្តឯកសារនេះក៏នឹងបង្ហាញពីដំណើរការនៃការថតខ្សែភាពយន្តរឿង«នរក៩ជាន់» កាលពីអំឡុងឆ្នាំ១៩៨៥ ដែលមានការចូលរួមសម្តែងពីអតីតតារាភាពយន្តខ្មែរអ្នកនាងអ៊ុំ សុវណ្ណនី ផងដែរ ។ ផលិតករនៃប្រទេសឆេក បានដាក់សំណើទៅកាន់អ្នកនាងអ៊ុំ សុវណ្ណនី រួច ហើយៗនាងបានទទួលយកសំណើរនេះ ។
តាមគម្រោងផលិតករឆេកគ្រោងនឹងអញ្ជើញអ្នកនាងអ៊ុំ សុវណ្ណនី និងតួឯកប្រុសដែលជាជនជាតិឆេកនៅក្នុងរឿង«នរក៩ជាន់» ដើម្បីមកសម្ភាសន៍ស្តីពីអនុស្សាវរីយ៍នៃការផលិតខ្សែភាពយន្តនេះ។ លោក ប៉ុក បូរក្ស បានឲ្យដឹងបន្ថែមថា ភាពយន្តឯកសារនេះនឹងបង្ហាញការវិវឌ្ឍរបស់ប្រទេសកម្ពុជា តាំងពីអំឡុងឆ្នាំ១៩៨៥ រហូតមកដល់ពេលបច្ចុប្បន្ន ដោយនៅក្នុងនោះក៏បង្ហាញពីការវិវឌ្ឍនៃវិស័យភាពយន្តនៅកម្ពុជាផងដែរ ។
កាលពីអំឡុងពេលនោះខ្សែភាពយន្តរឿង«នរក៩ជាន់» ផលិតឡើងបង្ហាញពីសោកនាដកម្មពីរបបប៉ុលពត ហើយខ្សែវីដេអូឯកសារនេះនឹងបង្ហាញការវិវឌ្ឍថ្មី ក្រោយពីរបបដ៏ខ្មៅងងឹតនោះ ។ នៅពេលដែលវីដេអូឯកសារបានផលិតចប់ វីដេអូនេះនឹងចាក់ផ្សាយនៅក្នុងប្រទេសឆេក ដែលជាប្រទេសមួយនៅក្នុងទ្វីបអឺរុ៉ប ហើយប្រជាជននៅក្នុងតំបន់នោះនឹងបានដឹងព័ត៌មានកាន់តែច្បាស់ពីភាពរីកចម្រើននៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងពេលដែលកន្លងមកព័ត៌មានពីប្រទេសកម្ពុជានៅក្នុងទ្វីបអឺរ៉ុបមិនត្រូវបានផ្សព្វផ្សាយទូលំទូលាយនោះឡើយ ។ ការផ្សព្វផ្សាយនូវភាពយន្តឯកសារនេះត្រូវបានរំពឹងថា នឹងមានឥទ្ធិពលជាមួយនឹងការទាក់ទាញភ្ញៀវទេសចរនៅទ្វីបអ៊ឺរ៉ុប និងនៅក្នុងពិភពលោកមកប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ បានស្នើសុំក៏ដូចជាការលើកទឹកចិត្តទៅលើផ្នែកនានា ដើម្បីឲ្យផលិតករនៃប្រទេសឆេកមកថតខ្សែភាពយន្ត ថ្មីៗបន្ថែមទៀតក្នុងប្រទេសកម្ពុជា ។
តារាឯកស្រីក្នុងរឿង«នរក៩ជាន់»អ្នកនាង អ៊ុំ សុវណ្ណនី បច្ចុប្បន្នកំពុងតែរស់នៅក្នុងទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ជាមួយនឹងកូនប្រុសស្រីរបស់អ្នកនាងចំនួន៣នាក់ និងម្តាយចាស់ជរាផងដែរ ។ បើទោះបីជាបានចាកឆ្ងាយពីប្រទេសកម្ពុជា និងឃ្លាតឆ្ងាយពីការសម្តែងភាពយន្តក៏ដោយ ប៉ុន្តែនៅលើទឹកដីថ្មីដែលអ្នកនាងសុវណ្ណនីកំពុងតែផ្ញើវាសនានាពេលបច្ចុប្បន្ន អ្នកនាងហាក់ទៅណាមិនឆ្ងាយពីសិល្បៈទេ ពោលគេតែងតែឃើញវត្តមាននៃការរាំច្រៀងរបស់អ្នកនាងជាមួយអតីតតារាភាពយន្តលោកយស បូវណ្ណៈ ជា រឿយៗ ៕