ក្រៅពីការធ្វើដំណើរកំសាន្តទស្សនាប្រាសាទបុរាណ ខេត្តសៀមរាបក៏មានកន្លែងកម្សាន្តជាច្រើនទៀត ជាក់ស្តែងដូចជាកសិដ្ឋានសូត្រអង្គរ ស្ថិតនៅស្រុកពួក (ធ្វើដំណើរចេញពីក្រុងសៀមរាបរយៈពេល២០នាទី) កសិដ្ឋានសូត្រមួយនេះ ផ្តល់ឱ្យលោកអ្នក
បានទស្សនាស្វែងយល់ពីការដាំដើមមន រហូតដល់ការផលិតក្រណាត់សូត្រ និងផលិតផលបន្ទាប់បន្សំ ធ្វើពីសូត្រ ដែលធ្វើការបង្ហាញដោយមានមគ្គុទ្ទេសក៍។ កសិដ្ឋានសូត្រមានទំហំ៨ហិកតាដែលក្នុងនោះ៥ហិកតាត្រូវបាន ប្រើសម្រាប់ដាំដើមមន លោកអ្នកនឹងរីករាយជាមួយកន្លែងដ៏ស្រស់ស្អាតនេះ ព្រមទាំងបានដឹងអំពីដំណើរការផលិត សូត្រដែលមានលក្ខណៈអស្ចារ្យ។
ក្នុងកំឡុងពេលទស្សនារបស់លោកអ្នក មគ្គុទ្ទេសក៍នឹងរៀបរាប់ជំរាបដោយលម្អិតអំពីពូជមន ការចិញ្ចឹមដង្កូវនាង ការស្រាវសំបុកដង្កូវនាង ការរៀបចំសរសៃសូត្រ បច្ចេកទេសចងកៀត (ចង-ជ្រលក់ពណ៌សរសៃសូត្រ) និងការត្បាញសូត្រ។ ហើយ លោកអ្នកនឹងជក់ចិត្តដិតអារម្មណ៍ជាមួយភាពប៉ិនប្រសប់របស់សិប្បកររបស់យើងក្នុងការធ្វើការជាមួយសរសៃសូត្រ។
កសិដ្ឋានសូត្រអង្គរ ក៏មានហាងធំមួយផងដែរ នៅទីនោះលោកអ្នកអាចជាវផលិតផលធ្វើអំពីសូត្រមានគុណភាពខ្ពស់ ដែលត្រូវបានផលិតនៅក្នុងរោងសិប្បកម្មដែលលោកអ្នកទើបបានទស្សនារួច។មិនត្រឹមតែប៉ុណ្ណោះ សិប្បករអង្គរក៏មានរថយន្តជូនលោកអ្នកទៅទស្សនាកសិដ្ឋានសូត្រអង្គរដោយឥតគិតថ្លៃផងដែរ ដែលមានការចេញដំណើរជារៀងរាល់ថ្ងៃពីហាងសិប្បករអង្គរនៅសៀមរាប នៅម៉ោង ៩:៣០ ព្រឹក និង ម៉ោង ១:៣០រសៀល។ ការកក់ទុកកន្លែងជាមុន អាចធ្វើនៅហាងសិប្បករអង្គរនៅសៀមរាបដោយផ្ទាល់ ។
ប្រសិនលោកអ្នកចង់ទៅទស្សនាកសិដ្ឋានសូត្រដោយមធ្យោបាយផ្ទាល់ខ្លួន លោកអ្នកអាចប្រាប់អ្នកបើកបររថយន្តឬរ៉ឺម៉កឱ្យជូនលោកអ្នកទៅកសិដ្ឋានសូត្រដែលស្ថិតនៅក្នុងស្រុកពួក ជាទីតាំងដែលប្រជាជនខ្មែរទូទៅស្គាល់ច្បាស់។ កសិដ្ឋានសូត្រ មានទីតាំងស្ថិតនៅក្បែរផ្លូវជាតិលេខ៦ (ឆ្ពោះទៅប៉ោយប៉ែត) នៅខាងស្តាំដៃដែលមានផ្ទាំងសញ្ញាធំមួយបង្ហាញប្រាប់ពីផ្លូវចូល។