រាជធានីភ្នំពេញ ៖ តារាសម្តែងស្រស់សោភា ភីយ៉ា បានព្យាយាមខិតខំរកគំនិតច្នៃប្រឌិតយ៉ាងផ្ចិតផ្ចង់ ដើម្បីបានចូលរួមការប្រកួតឈុតបុរាណប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា។ ឆ្លងកាត់ការប្រកួតពីបេក្ខជនជិត៦០រូប ស្រីស្អាត ភីយ៉ា ត្រូវបានប្រកាសឲ្យក្លាយជាម្ចាស់ពានលេខ១ដែលបានគ្រងឈុត «ស្រីទេព»ធ្វើឲ្យសាមីខ្លួនអរចង់គាំង។
នេះជាព្រឹត្តិការណ៍ «ទិវាវប្បធម៌បេតិកភណ្ឌជាតិឆ្នាំ២០១៩» និងជាព្រឹត្តិការណ៍ប្រកួតឈុតបុរាណប្រចាំឆ្នាំ២០១៩។ តារាចូលរួមសុទ្ធសឹងជាសមាជិកគ្រួសារតារាកម្ពុជា និងជាការអបអរខួបគម្រប់៣ឆ្នាំ នៃការបង្កើតក្រុមគ្រួសារតារាកម្ពុជាផងដែរ។
តារាសម្តែង ភី យ៉ា បានឆ្លងកាត់ការប្រកួត៣ដំណាក់កាលដោយឈ្នះជុំទី១ ជ្រើសរើស៦រូបផ្នែកនារី បុរស៦រូប។ លុះជ្រើសរើសចំណាត់ថ្នាក់ឆ្នើម៣រូប (ផ្នែកបុរស៣ ផ្នែកនារី៣) ចុងក្រោយនាងជាប់លេខ១ ប្រចាំឆ្នាំ២០១៩ ដោយ ភីយ៉ាង អររំភើប ព្រោះនាងព្យាយាមចូលប្រកួត២លើកមកហើយ ទើបតែឈ្នះដាច់គេ។ ការវាយតម្លៃអ្នកជាប់មានការដើរសម ទឹកមុខជឿជាក់ ឯឈុតសម្លៀកបំពាក់មានភាពប្រណីតដាច់គេ។
ចំពោះចំណាត់ថ្នាក់លេខ១ ប្រុស លោក ឌួង តារាផាឌីន តារាចម្រៀងសំលេង២ ដែលគ្រងឈុតព្រះគ្រូព្រាហ្មបុរោហិត ដែលជាគ្រូអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ ក្នុងពេលកម្ពុជាគោរពព្រហ្មញ្ញសាសនា។ លេខ១ ស្រី កញ្ញា ភីយ៉ា តារាសម្ដែងគ្រងឈុតស្រីទេព ដោយឈុតដែលនាងគ្រង គឺជាការច្នៃថ្មីចេញពីជញ្ជាំងប្រាសាទអង្គរ ហើយរក្សាទម្រង់ដើមផ្នែកបុរាណ។
លេខ២ ប្រុស លោក បញ្ញា សិទ្ធ តារាចម្រៀងគ្រងឈុតទេពតា។ លេខ២ស្រី កញ្ញា វណ្ណា វត្តីតារាចម្រៀង គ្រងឈុតព្រះនាងទេពអប្សរាមកុដកំពូល៣ មិនធ្លាប់មាន ជាឈុតស្រាវជ្រាវថ្មី គ្រឿងថ្មី តែរក្សារចនាបទដើមលើជញ្ជាំងប្រាសាទ។
លេខ៣ ប្រុស លោក ដា វិសាល បុរសឯកលេខ១ វាយនភណ្ឌ២០១៩ និងជាក្រុមបង្ហាញម៉ូដBN គ្រងឈុតព្រះលក្ខណ៍ ក្នុងរឿងរាមកេរ្តិ៍។ និងលេខ៣ ស្រី កញ្ញា ពេជ្រ ចរណៃ តារាសម្ដែង គ្រងឈុតល្ខោនខោល។ (កែសម្រួលដោយ ៖ បុប្ផា)