ភី យ៉ា អរ​ចង់​គាំង ពេល​ប្រកាស​ក្លាយជា​ម្ចាស់​ពាន​លេខ​១

0
607

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រស់​សោភា ភី​យ៉ា បាន​ព្យាយាម​ខិតខំ​រក​គំនិត​ច្នៃប្រឌិត​យ៉ាង​ផ្ចិតផ្ចង់ ដើម្បី​បាន​ចូលរួម​ការ​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ​របស់​គ្រួសារ​តារា​កម្ពុជា​។ ឆ្លងកាត់​ការ​ប្រកួត​ពី​បេក្ខជន​ជិត​៦០​រូប ស្រី​ស្អាត ភី​យ៉ា ត្រូវ​បាន​ប្រកាស​ឲ្យ​ក្លាយជា​ម្ចាស់​ពាន​លេខ​១​ដែល​បាន​គ្រង​ឈុត «​ស្រី​ទេព​»​ធ្វើ​ឲ្យ​សាមីខ្លួន​អរ​ចង់​គាំង​។

នេះ​ជា​ព្រឹត្តិការណ៍ «​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ​ឆ្នាំ​២០១៩» និង​ជា​ព្រឹត្តិការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំ​ឆ្នាំ​២០១៩​។ តារា​ចូលរួម​សុទ្ធ​សឹង​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា និង​ជា​ការ​អបអរ​ខួប​គម្រប់​៣​ឆ្នាំ នៃ​ការ​បង្កើត​ក្រុម​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​។

តារា​សម្តែង ភី យ៉ា បាន​ឆ្លងកាត់​ការ​ប្រកួត​៣​ដំណាក់កាល​ដោយ​ឈ្នះ​ជុំ​ទី​១ ជ្រើសរើស​៦​រូប​ផ្នែក​នារី បុរស​​៦​រូប​។ លុះ​ជ្រើសរើស​ចំណាត់ថ្នាក់​ឆ្នើម​៣​រូប (​ផ្នែក​បុរស​៣ ផ្នែក​នារី​៣) ចុង​ក្រោយ​នាង​ជាប់​លេខ​១ ប្រចាំឆ្នាំ​២០១៩ ដោយ ភី​យ៉ាង អរ​រំភើប ព្រោះ​នាង​ព្យាយាម​ចូល​ប្រកួត​២​លើក​មក​ហើយ ទើបតែ​ឈ្នះ​ដាច់​គេ​។ ការ​វាយតម្លៃ​អ្នក​ជាប់​មានការ​ដើរ​សម ទឹកមុខ​ជឿជាក់ ឯ​ឈុត​សម្លៀក​បំពាក់​មាន​ភាព​ប្រណីត​ដាច់​គេ​។

ចំពោះ​ចំណាត់ថ្នាក់​លេខ​១ ប្រុស លោក ឌួ​ង តារា​ផា​ឌី​ន តារាចម្រៀង​សំលេង​២ ដែល​គ្រង​ឈុត​ព្រះ​គ្រូ​ព្រា​ហ្ម​បុរោហិត ដែល​ជា​គ្រូ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះ​អង្គ ក្នុង​ពេល​កម្ពុជា​គោរព​ព្រហ្មញ្ញសាសនា​។ លេខ​១ ស្រី កញ្ញា ភី​យ៉ា តារា​សម្ដែង​គ្រង​ឈុត​ស្រី​ទេព ដោយ​ឈុត​ដែល​នាង​គ្រង គឺជា​ការ​ច្នៃ​ថ្មី​ចេញពី​ជញ្ជាំង​ប្រាសាទ​អង្គរ ហើយ​រក្សា​ទម្រង់​ដើម​ផ្នែក​បុរាណ​។

លេខ​២ ប្រុស លោក បញ្ញា សិទ្ធ តារាចម្រៀង​គ្រង​ឈុត​ទេពតា​។ លេខ​២​ស្រី កញ្ញា វ​ណ្ណា វ​ត្តី​តារាចម្រៀង គ្រង​ឈុត​ព្រះ​នាង​ទេព​អប្សរា​មកុដ​កំពូល​៣ មិន​ធ្លាប់​មាន ជា​ឈុត​ស្រាវជ្រាវ​ថ្មី គ្រឿង​ថ្មី តែ​រក្សា​រចនា​បទ​ដើម​លើ​ជញ្ជាំង​ប្រាសាទ​។

លេខ​៣ ប្រុស លោក ដា វិសាល បុរសឯក​លេខ​១ វាយ​ន​ភណ្ឌ​២០១៩ និង​ជា​ក្រុម​បង្ហាញ​ម៉ូ​ដ​BN គ្រង​ឈុត​ព្រះ​លក្ខណ៍ ក្នុង​រឿង​រាមកេរ្តិ៍​។ និង​លេខ​៣ ស្រី កញ្ញា ពេជ្រ ចរណៃ តារា​សម្ដែង គ្រង​ឈុត​ល្ខោនខោល​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)