សាកធ្វើម៉ាំល្ហុងទុកពិតជាមិនខុសទេ ញ៉ាំជាមួយបាយក្ដៅក៏ត្រូវ បាយកកក៏ត្រូវឆ្ងាញ់អស់ទាស់

ម៉ាំល្ហុងឆ្ងាញ់ជក់មាត់ជីពៗ

0
12169

តោះ អ្នកគេងផ្ទះទៅណាមិនរួច ចង់ធ្វើរបស់ញ៉ាំណាឆ្ងាញ់ៗបែបស្រុកស្រែ តែអាចរក្សាទុកបានយូរ ពេលនឹកឃ្លានបាយកកអីដាក់បានម៉ាអ៊ែមត្រូវជាតិខ្លាំងហ្មង។ ម៉ោះ បែបនេះមករៀនធ្វើម៉ាំល្ហុងទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំក៏ងាយរក ធ្វើហើយអាចរក្សាទុកបានញ៉ាំច្រើនថ្ងៃទៀត ដូច្នេះមិនចេះធ្វើដូចជាមិនសម។

គ្រឿងផ្សំដែលត្រូវមាន៖

  • ល្ហុង ១ ផ្លែ ចិតជាចំណិតៗទ្រវែងប្រហែលជិត ៣ ថ្នាំងដៃ
  • រំដេង ១ ស្លាបព្រាបាយហាន់ឲ្យល្អិតៗ
  • អង្ករលីញ ២ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាបាយ
  • ស្ករស ២ ស្លាបព្រាបាយកន្លះ
  • ម៉ាំ ២ ស្លាបព្រាបាយ រឺប្រហុកក៏បាន
Khat Pisey
រូបភាព Khat Pisey

របៀបធ្វើ៖

  • យកទឹកឆ្អិនដែលដាំពុះប្រហែលជា ៥០០ មីលីលីត្រដាក់អំបិលចូល ១ ស្លាបព្រាបាយកូរវាឲ្យរលាយចូលគ្នាហើយក៍ទុកវាឲ្យត្រជាក់សិន។
  • យកល្ហុងដែលបានចិតរួចហើយដាក់ចូលទៅក្នុងទឹកអំបិលរក្សាទុកមួយយប់សិន។
  • យកល្ហុងដែលបានត្រាំទឹកអំបិល លាងទឹកអំបិលចេញទុកដោយឡែកសិន។
  • ត្រូវកូរស្ករ ស្ករស ២ ស្លាបព្រាបាយ និងទឹក ១ ស្លាបព្រាបាយ កូររហូតទាល់តែស្ករឡើងក្រហម។
  • យកស្ករដែលបានកូរយកមកប្រឡាក់ជាមួយល្ហុងពេលដែលប្រឡាក់សប់ហើយទើបដាក់ ម៉ាំ, រំដេង, អង្ករលីង, ស្ករសរ កន្លះស្លាបព្រាបាយច្របល់ចូលគ្នាឲ្យសប់រួចដាក់ចូលកែវរក្សាទុក ១ ថ្ងៃទើបអ្នកអាចញាំបាន។
Khat Pisey
រូបភាព Khat Pisey

សាកធ្វើទុកញ៉ាំទាំងអស់គ្នា ជាពិសេសទុកញ៉ាំបាយកកពេលរសៀល និយាយពីថាឆ្ងាញ់អើយឆ្ងាញ់ គ្រាន់តែនឹកគិតស្ទើរស្រក់ទឹកមាត់បាត់ទៅហើយ៕

រូបភាព Na Leng
រូបភាព Na Leng