តោះ អ្នកគេងផ្ទះទៅណាមិនរួច ចង់ធ្វើរបស់ញ៉ាំណាឆ្ងាញ់ៗបែបស្រុកស្រែ តែអាចរក្សាទុកបានយូរ ពេលនឹកឃ្លានបាយកកអីដាក់បានម៉ាអ៊ែមត្រូវជាតិខ្លាំងហ្មង។ ម៉ោះ បែបនេះមករៀនធ្វើម៉ាំល្ហុងទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំក៏ងាយរក ធ្វើហើយអាចរក្សាទុកបានញ៉ាំច្រើនថ្ងៃទៀត ដូច្នេះមិនចេះធ្វើដូចជាមិនសម។

គ្រឿងផ្សំដែលត្រូវមាន៖
- ល្ហុង ១ ផ្លែ ចិតជាចំណិតៗទ្រវែងប្រហែលជិត ៣ ថ្នាំងដៃ
- រំដេង ១ ស្លាបព្រាបាយហាន់ឲ្យល្អិតៗ
- អង្ករលីញ ២ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាបាយ
- ស្ករស ២ ស្លាបព្រាបាយកន្លះ
- ម៉ាំ ២ ស្លាបព្រាបាយ រឺប្រហុកក៏បាន

របៀបធ្វើ៖
- យកទឹកឆ្អិនដែលដាំពុះប្រហែលជា ៥០០ មីលីលីត្រដាក់អំបិលចូល ១ ស្លាបព្រាបាយកូរវាឲ្យរលាយចូលគ្នាហើយក៍ទុកវាឲ្យត្រជាក់សិន។
- យកល្ហុងដែលបានចិតរួចហើយដាក់ចូលទៅក្នុងទឹកអំបិលរក្សាទុកមួយយប់សិន។
- យកល្ហុងដែលបានត្រាំទឹកអំបិល លាងទឹកអំបិលចេញទុកដោយឡែកសិន។
- ត្រូវកូរស្ករ ស្ករស ២ ស្លាបព្រាបាយ និងទឹក ១ ស្លាបព្រាបាយ កូររហូតទាល់តែស្ករឡើងក្រហម។
- យកស្ករដែលបានកូរយកមកប្រឡាក់ជាមួយល្ហុងពេលដែលប្រឡាក់សប់ហើយទើបដាក់ ម៉ាំ, រំដេង, អង្ករលីង, ស្ករសរ កន្លះស្លាបព្រាបាយច្របល់ចូលគ្នាឲ្យសប់រួចដាក់ចូលកែវរក្សាទុក ១ ថ្ងៃទើបអ្នកអាចញាំបាន។

សាកធ្វើទុកញ៉ាំទាំងអស់គ្នា ជាពិសេសទុកញ៉ាំបាយកកពេលរសៀល និយាយពីថាឆ្ងាញ់អើយឆ្ងាញ់ គ្រាន់តែនឹកគិតស្ទើរស្រក់ទឹកមាត់បាត់ទៅហើយ៕

