បបរមាន់ជាអាហារពេញនិយមសម្រាប់ប្រជាជនខ្មែរយើង អាចញ៉ាំពេលណាក៏បាន មិនថាព្រឹក ថ្ងៃ ល្ងាចអីទេ មិនចេះទាស់ទេ។ ស្រួលមិនស្រួលចេះធ្វើហើយ អាចធ្វើលក់បានទៀត តោះមកមើលវិធីធ្វើទាំងអស់គ្នា៖
គ្រឿងផ្សំ៖
- ខ្ទឹមបារាំង ១ មើម ចិញ្ច្រាំឲ្យល្អិតៗ
- ខ្ទឹមស ១ មើម
- មាន់ ១ គីឡូ (គួរប្រើមាន់ស្រែ)
- ទឹកត្រី ៦ ស្លាបព្រាបាយ
- អំបិល ១ ចុងស្លាបព្រាកាហ្វេ
- ស្ករ ១ ស្លាបព្រាបាយ
- អង្ករ កន្លះកំប៉ុង
- ប្រេងឆា
- ផ្សិត
- សៀង
- ទឹកម្ទេស
- ម្រេចម៉ដ្ឋ
- ស្លឹកខ្ទឹម
- ជីរណារ
- សណ្តែកបណ្តុះ
វិធីធ្វើ៖
១. បំពងខ្ទឹមសជាមួយប្រេងឆា បីបួនស្លាបព្រា រហូតដល់ក្រហម ហើយដួសទុកមួយអន្លើ។ កុំទុកអោយក្រហមជ្រុល នោះខ្ទឹមនឹងមានរសជាតិល្វីង។
២. យកខ្ទឹមបារាំងចិញ្ច្រាំ ទៅបំពងនៅក្នុងឆ្នាំងថ្មីមួយ រហូតដល់ក្រហមក្រមៅ ទើបចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយកូរអោយរហ័ស បន្ទាប់មកទើបចាក់ទឹកចូល ១ពែង ដាំអោយពុះ។
៣. លាងមាន់អោយស្អាត កាត់ជាបួនដុំ ដាក់ចូលក្នុងទឹកពុះ រួចហើយឆាត្រឡប់អោយចូលជាតិរហូតរីងទឹក ទើបចាក់ទឹកចូល ដាំអោយពុះរហូតដល់ឆ្អិនសាច់មាន់។ ពេលស្ងោរសាច់ សូមកុំគ្របឆ្នាំង ដើម្បីកុំអោយទឹកល្អក់ ហើយកុំដួសពពុះចេញ។ រំងាស់ភ្លើងក្តៅល្មម ពពុះនឹងបាត់អស់វិញ ហើយទឹកនឹងរងថ្លាក្រហមស្អាត។ បន្ទាប់មក ទើបស្រង់មាន់ឡើង ទុកអោយត្រជាក់ ទើបបេះសាច់ចេញ។
៤. លាងអង្ករហើយ ដាក់ខ្ទះឆាឆ្អិនល្មម រួចដាក់បង់ចូលទៅក្នុងទឹកស៊ុប រំងាស់អោយបែកគ្រាប់អង្ករ។ បើចង់ខាប់ សូមបន្ថយទឹក។ រួចដាក់ផ្សិតចូល។បើសិនចង់រាវ សូមចាក់ទឹកចូលបន្ថែម។
៥. សូមភ្លក្សថែមថយទឹកត្រី ឬ គ្រឿងប្រៃផ្អែមតាមចំណូលចិត្ត នៅពេលចាក់សាច់មាន់ចូលក្នុងបបរវិញ។
៦. នៅពេលញ៉ាំ យើងអាចថែមល្បោយ និងគ្រឿងដូចជា៖ ខ្ទឹមបំពង សណ្តែកបណ្តុះ សៀង ជីរវ៉ាន់ស៊ុយ ជីររណារ ម្រេចបុក ជ្រក់ម្ទេស ក្រូចឆ្មារជាដើម៕