ធម្មតាញ៉ាំអាហារច្រើននៅពេលយប់ នឹងធ្វើឲ្យយើងឡើងគីឡូបានយ៉ាងងាយ តែបើដឹងតិចនិកញ៉ាំឲ្យបានត្រឹមត្រូវ មិនចាំបាច់ភ័យរឿងធាត់ទៀតទេ។ ថ្ងៃយើងនឹងចែករំលែកតិចនិកងាយៗ សម្រាប់អ្នកចូលចិត្តញ៉ាំយប់ឡើង ជាពិសេសស្រីៗ មិនចាំបាច់ខ្លាចធាត់ទៀតទេ៖
១. ញ៉ាំអាហារដែលមានកាឡូរីឲ្យបានច្រើនមុនពេលចូលគេង
វិធីសាស្ត្រនេះអាចជួយអ្នកដែលចូលចិត្តញ៉ាំអាហារយប់ៗបានច្រើន។ ការដែលញ៉ាំអាហារដែលសម្បូរកាឡូរីឲ្យសមល្មម និងមិនលើសបរិមាណដែលរាងកាយត្រូវការក្នុងមួយថ្ងៃ នឹងមិនធ្វើឲ្យយើងធាត់ទេ។ ដូចនេះបើចង់ញ៉ាំអាហារពេលយប់ៗ យើងគួរតែបែងចែកអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងពេលល្ងាច ឲ្យបានសមល្មម ទើបរាងកាយនៅតែទទួលបានថាមពលទោះពេលគេងក៏ដោយ។
២. កំណត់ចំនួនអាហារឲ្យបានត្រឹមត្រូវ
បើយើងចាំបាច់ត្រូវអាហារពេលយប់ៗ យើងគួរតែកំណត់ចំនួនញ៉ាំឲ្យបានត្រឹមត្រូវ កុំញ៉ាំច្រើនពេក កុំញ៉ាំរហូតដល់ឆ្អែត ដោយសារតែញ៉ាំឆ្អែតពេកមុនពេលគេង នឹងធ្វើឲ្យពិបាករំលាយ គួរតែព្យាយាមញ៉ាំតែបន្តិចបានហើយ ឬអាចញ៉ាំជាផ្លែឈើ និងយ៉ាអួជាដើម ឬអាចបន្ថែមនំប៉័ងស្រូវសាលី មួយជំនិតគឺគ្រប់គ្រាន់សម្រាប់ក្រពះយើងហើយ និងធ្វើឲ្យយើងគេងលក់បានស្រួល។
៣. ញ៉ាំឲ្យបាន ៣ ម៉ោងមុនពេលចូលគេង
រឿងសំខាន់មួយទៀត គឺត្រូវចាំថាគួរតែញ៉ាំឲ្យបាន ៣ ម៉ោងមុនពេលចូលគេង ដោយសារតែបើយើងញ៉ាំហើយភ្លាមចូលគេងភ្លាម វានឹងប៉ះពាល់ដល់ការរំលាយអាហារ។ ដូចនេះហើយត្រូវចាំឲ្យអាហាររំលាយអស់សិនមុនចូលគេង ឬយើងអាចរើសយកអាហារណាដែលងាយរំលាយ និងមិនផ្តល់ថាមពលច្រើនពេក។