ញ៉ាំស្ទើររាល់ថ្ងៃ តែមិនដឹងថាសៀវម៉ៃគេធ្វើអ៊ីចឹងសោះ

វិធីធ្វើសៀវម៉ៃ

0
2763

ចូលចិត្តញ៉ាំណាស់ ជាពិសេសនៅហាងសៀវម៉ៃរាត្រី ដាក់ឆាខ្វៃមក មេឃភ្លៀងរលឹមៗអ៊ីចឹងអី ញ៉ាំហើយបែកញើសជោគហ្មង។ តាមពិតទៅសៀវម៉ៃក៏មិនពិបាកធ្វើណាស់ណាដែរ ចង់ធ្វើញ៉ាំខ្លួនឯងនៅផ្ទះក៏បានដែរ មើលតែរូបមន្ត និងគ្រឿងផ្សំនៅខាងក្រោមនេះទៅចេះធ្វើហើយ៖

គ្រឿងផ្សំ៖

  • បង្គាស្រស់ ៣ ខាំ ហាន់ជាគ្រាប់ៗ
  • មឹកបំពង់ ៣ ខាំ ហាន់ជាគ្រាប់ៗ
  • សាច់ជ្រូកចិញ្រ្ចាំ ៣ ខាំ
  • ផ្សិតខ្មៅ (ផ្សិតតុងកូវ) ២ ខាំ កាត់ដើមវាចេញ យកតែក្បាល
  • ការ៉ុត ១ ខាំ ហាន់ជាគ្រាប់ៗ
  • ទំពាំងកំប៉ុង ១ ខាំ ហាន់ជាគ្រាប់ៗ
  • ខ្ញីចិញ្រ្ចាំ កន្លះខាំ
  • ស្លឹកខ្ទឹមកាត់ខ្លីៗ
  • អំបិល ១ ចុងស្លាបព្រាកាហ្វេ
  • ម្រេចម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
  • ស្ករស ១ ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ ស្លាបព្រាបាយ
  • ប្រេងល្ងរ ១ ស្លាបព្រាកាហ្វេ
  • ម្សៅឆា ២ ស្លាបព្រាបាយ
  • សម្បកគាវព៌ណលឿង
  • ប្រេងឆា

វិធីធ្វើ៖

១. ដាំទឹកឲ្យពុះដាក់ស្រុះ បង្គារ មឹក ផ្សិតខ្មៅ ការ៉ុត និងទំពាំង ប្រហែលជា ២ នាទី សឹមស្រង់វាយកទៅដាក់ក្នុងទឹកត្រជាក់វិញ រួចពូតទឹកចេញឲ្យអស់ ចាក់ចូលចានជាមួយសាច់ជ្រូក ខ្ញី និង ស្លឹកខ្ទឹម

២. ផ្សំរសជាតិដោយ អំបិល ស្ករ ម្រេច ម្សៅស៊ុប ប្រេងខ្យង ប្រេងល្ងរ និងម្សៅឆាច្របល់ចូលគ្នាអោយសព្វ រួចយកសម្បកគាវមកខ្ចប់


៣. យកស្លឹកចេក ឬក្រដាសទ្រាប់នំ លាបប្រេងឆាបន្តិច តំរៀបលើចានចំហុយ រួចយកសៀវម៉ៃតំរៀបពីលើ
៤. ដាំទឹកឲ្យពុះ រួចដាក់សៀវម៉ៃចំហុយរហូតដល់ឆ្អិន ទទួលទានសៀវម៉ៃជាមួយទឹកស៊ុប ទឹកស៊ីអ៊ីវ សរសៃខ្ញី និងទឹកសៀងផ្អែម ឬទឹកម្ទេស តាមចំណូលចិត្ត។