ដូចដឹងហើយ ណែមត្រីគ្មានអ្នកខេត្តណាធ្វើឆ្ងាញ់ជាងអ្នកខេត្តបាត់ដំបងទេ។ ឲ្យតែបានទៅបាត់ដំបងម្តងៗ ដឹងតែសង្វាតទិញមុនគេមុនឯងហើយណែមហ្នឹង បើ admin វិញទិញផ្ញើរអ្នកជិតខាងទៀត ព្រោះមានរបស់ឆ្ងាញ់ត្រូវចែកគ្នានោះអី។ ដល់ឥឡូវអាកូវីដអីហ្នឹងមក ពិបាកទិញរបស់ខាងក្រៅញ៉ាំណាស់ ជាពិសេសនឹងរសជាតិណែមត្រីអ្នកបាត់ដំបងហ្នឹងហ្មង។ តែមិនអីទេ មិនបានទៅទិញញ៉ាំផ្ទាល់ក៏បានរៀនធ្វើខ្លួនឯងនៅផ្ទះញ៉ាំបានដែរ បើចង់ញ៉ាំដែរ កុំភ្លេចធ្វើរៀនធ្វើណា៖
គ្រឿងផ្សំ៖
- ត្រីរ៉ស់ ឬ ត្រីឆ្លាត ១ គីឡូ
- ស្ករស ២ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាបាយ
- រំដេង ៣ មើម
- ខ្ទឹមស ១ មើម
- ម្ទេស
- ស្លឹកកន្ទួត (បើមាន)
- ស្លឹកចេក (បើមាន) ទុកខ្ចប់
- ថង់ប្លាសស្ទិចទុកច្រក
វិធីធ្វើ៖
១. បុក ឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ដ្ឋ
២. ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ដ្ឋដែរ
៣. លាយសាច់ត្រីម៉ដ្ឋហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ដ្ឋសាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់
៤. ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់
៥. ទុក ២ ថ្ងៃ ២ យប់ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន។