ធ្លាប់តែបង្ហាញពីរបៀបធ្វើម្ហូបបែបខ្មែរ ថៃ វៀតណាម ច្រើនហើយ ថ្ងៃនេះសុំបែបអឺរ៉ុបៗវិញម្តង។ ស្តេកសាច់គោអូស្ត្រាលីនេះ ធ្វើញ៉ាំនៅផ្ទះជប់គ្នា ឬញ៉ាំជាក្លែមស្រាក្រហម ខ្ជិលចេញទៅហាងរឹតតែអែម។
គ្រឿងផ្សំ៖
- សាច់គោអូស្ត្រាលី (បេីយកសាច់គោខ្មែរ ត្រូវយកសាច់ត្រង់គុម្ពករ)
- អំបិល
- ម្រេច
- ទំពាំងបារាំង រឺ ផ្កាខាត់ណាពណ៌ខៀវ
- ការ៉ុត ដំឡូងបារាំង ដំឡូងជ្វាសាច់លឿង ផ្សិត
- ខ្ទឹមបារាំង ១ មើម ចិញ្រ្ចាំអោយតូចល្មម
- ប្រេងអូលីវ
- ស្លឹក Rosemary (បេីគ្មានអាចប្រេីជីវ៉ាន់ស៊ុយរឺមិនបាច់ដាក់ក៏បាន)
- ប័រប្រៃ (salt butter)
- ម្សៅ gravy កញ្ចប់ (អាចរកទិញបាននៅតាមផ្សារទំនើប)
- ខ្ទឹមសដំដាក់ទាំងសំបក និងខ្ទឹមសចិញ្រ្ចាំបន្តិចសំរាប់ឆាបន្លែ (បន្លែអាចដាក់តាមចំនង់ចំណូលចិត្ត)
វិធីធ្វើ៖
១. ដំបូងដាក់ដំឡូងបារាំង ដំឡូងជ្វាអាំងមួយអន្លើ
២. រោយអំបិល និងម្រេចបន្តិចលេីសាច់គោបន្ទាប់មកចាក់ប្រេងអូលីវ ចូលខ្ទះអោយរាងក្តៅបន្តិចសឹមដាក់សាច់គោចូល បើបងប្អូនចង់អោយសាច់ឆ្អិន ៥០% (ភាសាអង់គ្លេសហៅថា Medium rare) ត្រូវចំអិនសាច់ម្ខាងៗ ៣ ទៅ ៤ នាទីតាមកម្រាស់សាច់ក្រាស់ រឺស្ដើង បន្ទាប់មកដាក់ប័រប្រៃ ខ្ទឹមសដំ Rosemary ចូល ហេីយដួសប័រស្រោច ទាំងសងខាងសាច់អោយបាន ១ នាទី រួចដួសសាច់ទុកមួយអន្លើ (ចំនាំ: មិនត្រូវហាន់សាច់ភ្លាមៗទេ នោះនឹងហូរទឹកចេញពីសាច់អស់សាច់នឹងប្រែជារឹងខ្សោះអត់ឆ្ងាញ់ទេ បងប្អូនត្រូវទុកសាច់រយៈពេល ១០ នាទីសិនចាំហាន់)
៣.ដាក់ប៊រ័បន្តិចចូលខ្ទះទៀត ដាក់ខ្ទឹមសរចូល ដាក់ទំពាំងបារាំង ការ៉ុតចូល ១ នាទី ក្នុងខ្ទះដែលចៀនសាច់ដដែល បន្ទាប់មកដាក់ផ្សិត២នាទី រឺ យូរជាងតាមបងប្អូនចូលចិត្តឆ្អិនខ្លំាងរឺឆ្អិនល្មម
*របៀបធ្វើGravy sauce
១. ដាក់ម្សៅ gravy កូរជាមួយទឹកបន្តិចអោយរលាយសព្វល្អ
២. ដាក់កូនឆ្នាំងតូចមួយ លីងខ្ទឹមបារាំងអោយឆ្អិនបន្តិចរួចចាក់ទឹកម្សៅ gravy ចូល បន្ថែមអំបិល និងស្ករមួយចិប បើកភ្លើងល្មមកូរអោយខាប់បន្តិចជាការស្រេច។
ប្រភព៖ Davy Ngon