ការទទួលទានអាហារដែលធ្វើឡើងពីរុក្ខជាតិត្រូវបានគេដឹងជាយូរមកហើយថា មានទំនាក់ទំនងជាមួយនឹងការថយចុះហានិភ័យនៃលក្ខខណ្ឌសុខភាព ដែលទាក់ទងនឹងរបៀបរស់នៅជាច្រើន។
ការសិក្សារាប់មិនអស់បានបង្ហាញថា ការបង្កើនការទទួលទានអាហារដែលធ្វើឡើងពីរុក្ខជាតិដូចជាតៅហ៊ូ អាចបន្ថយហានិភ័យនៃភាពធាត់ និងការស្លាប់ជារួមជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។ វាក៏ជំរុញឲ្យយើងមានសុខភាពល្អ និងពង្រឹងសុខភាពសក់ បង្កើនថាមពល និងបញ្ចុះទម្ងន់ ។
ការសិក្សាថ្មីៗនេះបានបង្ហាញថា ដោយសារតែតៅហ៊ូមានសារជាតិ Isoflavones ក្នុងកម្រិតមួយខ្ពស់ ដូច្នេះការទទួលទានតៅហ៊ូមានទំនាក់ទំនងទៅនឹងការថយចុះហានិភ័យនៃជំងឺដែលទាក់ទងទៅនឹងការមានអាយុច្រើន និងរបៀបរស់នៅដូចជា ៖
១-ជំងឺសរសៃឈាមបេះដូង ៖ ការទទួលទានតៅហ៊ូជំនួសឲ្យប្រូតេអីុនសត្វអាចបន្ថយកម្រិតនៃកូឡេស្តេរ៉ុលមិនល្អ (LDL) វាអាចបន្ថយហានិភ័យនៃការកើតជំងឺក្រិនសរសៃឈាម និងសម្ពាធឈាមខ្ពស់ ។
២-មហារីកសុដន់និងក្រពេញប្រូស្តាត ៖ សារជាតិ Genistein ដែលជាសារជាតិ Isoflavone មានច្រើនលើសលប់នៅក្នុងសណ្តែកសៀងមានលក្ខណៈសម្បត្តិប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចបញ្ឈប់ការរីកលូតលាស់នៃកោសិកាមហារីក ។ កាលពីមុនមានការយល់ច្រឡំទាក់ទងនឹងសុវត្ថិភាពនៃការទទួលទានសណ្តែកសៀង បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីកសុដន់ ។ នេះគឺដោយសារតែរចនាសម្ព័ន្ធគីមីនៃសារជាតិ Isoflavones មានលក្ខណៈស្រដៀងគ្នាទៅនឹងអ័រម៉ូន Estrogen ។
ទោះជាយ៉ាងណា ការទទួលទានអាហារដែលធ្វើឡើងពីសណ្តែកសៀងក្នុងបរិមាណមធ្យម (តិចជាងពីរដងក្នុងមួយថ្ងៃ) មិនប៉ះពាល់ដល់ការលូតលាស់របស់ដុំសាច់ ឬហានិភ័យនៃជំងឺមហារីកសុដន់របស់ស្ត្រីទេ ។ ប៉ុន្តែការទទួលទានសណ្តែកសៀងទៀងទាត់ប្រហែលជាអាចបន្ថយការកើតមានជំងឺមហារីកសុដន់ ។ ទោះបីជាមិនទាន់មានភ័ស្តុតាងច្រើនគ្រប់គ្រាន់ដើម្បីណែនាំដល់អ្នកមានជំងឺមហារីកសុដន់ទាំងអស់ក្នុងការបរិភោគសណ្តែកសៀង ប៉ុន្តែភ័ស្តុតាងទាំងនោះល្មមគ្រប់គ្រាន់អាចឲ្យអ្នកដែលមានបញ្ហានេះសាកល្បងក្នុងការបរិភោគតៅហ៊ូ ។
៣-ជំងឺទឹកនោមផ្អែមប្រភេទ២ ៖ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ជាញឹកញាប់ជួបប្រទះនឹងបញ្ហាជំងឺតម្រងនោម បណ្តាលឱ្យរាងកាយបញ្ចេញប្រូតេអីុនលើសនៅក្នុងទឹកនោម។ ភ័ស្តុតាងពីការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលបានទទួលទានជាតិប្រូតេអីុនដែលបានមកពីសណ្តែកសៀងនៅក្នុងរបបអាហារ បានបញ្ចេញប្រូតេអីុនតិចជាងអ្នកដែលបានទទួលទានប្រូតេអីុនមកពីសត្វ ។
អ្នកនិពន្ធនៃការសិក្សានេះបានសន្និដ្ឋានថា ការរកឃើញនេះបានបង្ហាញថា ការទទួលទានប្រូតេអុីនបានមកពីសណ្តែកសៀងធ្វើឱ្យប្រសើរឡើងនូវសញ្ញាសម្គាល់ជាច្រើនដែលអាចមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ ដែលមានបញ្ហាតម្រងនោម ។
៤-ជំងឺពុកឆ្អឹង ៖ សារជាតិ Isoflavones ដែលមានក្នុងសណ្តែកសៀងអាចកាត់បន្ថយការបាត់បង់ឆ្អឹង និងបង្កើនដង់ស៊ីតេរ៉ែរបស់ឆ្អឹង ក្នុងអំឡុងពេលអស់រដូវ ហើយត្រូវបានគេរាយការណ៍មកថា វាថែមទាំងអាចកាត់បន្ថយរោគសញ្ញានៃការអស់រដូវមួយចំនួនទៀតផង ៕
បើចឹងយើងមកមើលពីរបៀបធ្វើតៅហ៊ូទាំងអស់គ្នា!