រាជធានីភ្នំពេញ ៖ តារាចម្រៀង សម្តែង និងជាពិធីករលោក បញ្ញា សិទ្ឋិ បានចំណាយពេលចូលរួមប្រកួតគ្រងឈុតបុរាណប្រចាំឆ្នាំ ដោយក្នុងចិត្តចង់លើកស្ទួយវប្បធម៌ខ្មែរ។ នេះជាការចូលរួមលើកទី១ហើយ បានគ្រងឈុតបុរាណជាមួយសិល្បករជាច្រើនរូបទៀត។
អ្វីដែលនឹកស្មានមិនដល់នោះ គឺគណៈមេប្រយោគបានសម្រេចឲ្យតារាចម្រៀងរូបនេះឈ្នះទទួលបានចំណាត់ថ្នាក់លេខ២។ នេះជាព្រឹត្តិការណ៍ «ទិវាវប្បធម៌បេតិកភណ្ឌជាតិឆ្នាំ២០១៩» និងជាព្រឹត្តិការណ៍ប្រកួតឈុតបុរាណប្រចាំឆ្នាំ២០១៩។ តារាចូលរួមសុទ្ឋសឹងជាសមាជិកគ្រួសារតារាកម្ពុជា និងជាការអបអរខួបគម្រប់៣ឆ្នាំនៃការបង្កើតក្រុមគ្រួសារតារាកម្ពុជាផងដែរ។
លោកមកប្រកួតនេះយកឈុត ទេវតា ដើម្បីចូលរួមខួបគ្រួសារតារាកម្ពុជា ដោយចង់ដឹងថា មានការរៀបចំបែបណា ព្រោះគ្រួសារតារាកម្ពុជាល្បីឈ្មោះមួយរយៈចុងក្រោយនេះណាស់។លោកពិតជានឹកអត់ដល់ថា ទម្រង់ដែលលោកគ្រងជាឈុតបុរាណខ្មែរបានទទួលការចាប់អារម្មណ៍ពីទស្សនិកជន និងមេប្រយោគបែបនេះឡើយ។
លោកពិតជាស្រឡាំងកាំងតែម្តង ដែលគេប្រកាសឲ្យឡើងទៅវគ្គបន្តៗ រហូតសល់តែបេក្ខជន៣រូបបេក្ខនារី៣រូប ហើយផ្នែកបុរសលោកជាប់លេខ២។ តាមលក្ខខណ្ឌមេប្រយោគផ្តល់ពិន្ទុលើដំណើរស្អាត ស្នាមញញឹមជឿជាក់ ព្រមទាំងការគ្រងឈុតសម្លៀកបំពាក់មានភាពប្រណីតជាងគេក្នុងឆ្នាំ២០១៩នេះ។ ការទទួលបាននេះ ពិតជាកិត្តយសហើយក៏អរគុណដល់កម្មវិធី និងសិល្បករទាំងអស់បានចំណាយថវិកាផ្ទាល់ខ្លួនរៀងៗខ្លួនខំរិះរកសម្លៀកបំពាក់បុរាណយកមកច្នៃដើម្បីលើកស្ទួយវប្បធម៌ជាតិ។ (កែសម្រួលដោយ ៖ បុប្ផា)