កូរ៉េ ៖ មកដឹងរឿង៥យ៉ាងពីតួឯកប្រុសកូរ៉េ ដែលល្បីក្នុងរឿងភាគ «Descendants of the Sun» គឺលោក សុង ជុងគិ (Song Joong Ki)
1 . សង្ហាដោយមិនកែសម្ផស្ស
បើសិនជានិយាយដល់តារាកូរ៉េ មនុស្សជាច្រើនអាចនឹងនឹកឃើញដល់ការវះកាត់កែសម្ផស្សរបស់តារាទាំងនោះ ។ ប៉ុន្តែសម្រាប់តារាសម្ដែងមួយនេះវិញ គឺមិនបានឆ្លងកាត់ការកែសម្ផស្សអ្វីឡើយ ផ្ទុយទៅវិញលោកមានរូបរាងសង្ហា តាំងពីកំណើត ហើយលោកមានស្នាមញញឹមដ៏គួរឱ្យស្រឡាញ់តែម្ដង ។
2 . មុខក្មេងជាងវ័យ
សាកទាយអាយុតាមរយៈផ្ទៃមុខរបស់ សុង ជុងគិ ទៅមើលជឿថា មនុស្សជាច្រើនអាចនឹងគិតថា លោកទើបមានអាយុម្ភៃឆ្នាំជាងអីប៉ុណ្ណោះ តែតាមពិតលោកមានអាយុ៣៤ឆ្នាំហើយ ដោយលោកបានកើតនៅថ្ងៃទី១៨ កញ្ញា ១៩៨៥ នាក្រុង Daejeon ប្រទេសកូរ៉េខាងត្បូង ។ លោកជាកូនប្រុសកណ្ដាល ដោយលោកមានបងប្រុសម្នាក់ និងប្អូនស្រីម្នាក់ ។
3 . រៀនពូកែណាស់
ចំពោះតារាកូរ៉េដែលរៀនពូកែៗ ជុងគិ ក៏ជាតារាមួយរូប ដែលស្ថិតក្នុងលំដាប់អ្នករៀនពូកែម្នាក់បើធៀបនឹងអ្នកសិល្បដទៃ ។ លោករៀននៅវិទ្យាល័យ Namdaejeon ហើយបន្តរៀនថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Sungkyunkwan ។
4 . ជាអ្នកស្រឡាញ់កីឡា
ឃើញមុខស្អាតបែបនេះ តែលោកក៏ជាអ្នកស្រឡាញ់ខាងវិស័យកីឡាផងដែរ ។ ត្រឡប់ទៅវ័យសិក្សាវិញ ជុងគិ បានមានឱកាសចូលរួមប្រកួតជិះស្គីចម្ងាយខ្លីលំដាប់ប្រទេសផងដែរ ។ ក្រៅពីនេះលោកបានចូលរួមប្រកួតថ្នាក់ជាតិ ៣លើក ហើយឈ្នះក្នុងការប្រកួតកីឡាធំៗនោះដែរ នាពេលដែលលោកនៅរៀនថ្នាក់មធ្យមសិក្សា ។ តែក្រោយមកលោកក៏រងរបួស ហើយបានផ្អាកពីផ្នែកកីឡានោះមក ។ លោកជាមនុស្សចូលចិត្តកីឡាគ្រប់ប្រភេទ តែលោកចូលចិត្តកីឡាបាល់ទាត់ខ្លាំងជាងគេ ។
5 . រឿងស្នេហារបស់តារាប្រុសរូបនេះ
បើនិយាយពីរឿងស្នេហាវិញ ជុងគិ មិនសូវមានរឿងរ៉ាវស្នេហាអីច្រើនដែរ តែក្នុងឆ្នាំ២០១០ លោកបានផ្ដល់បទសម្ភាសថា លោកធ្លាប់មានស្នេហាមក៤នាក់ហើយ ដែលជានារីក្រៅសិល្បទាំងអស់ ។ អ្វីដែលសំខាន់លោកក៏បាននិយាយដល់ការថើបដំបូងនៅចំណតឡានក្រុងទៀតផង មុននឹងបានរៀបការជាមួយតារាសម្ដែងនាង សុង ហេក្យូ (Song Hye Kyo) កាលពីថ្ងៃទី ៣១ តុលា ២០១៧ ។
តែក្រោយមកមិនដល់២ឆ្នាំផង តំណាងមេធាវីរបស់ សុង ជុងគិ បានថ្លែងប្រាប់សារព័ត៌មានថា កាលពីថ្ងៃទី២៦ មិថុនា ២០១៩ កន្លងទៅថ្មីៗនេះថា ក្នុងនាមជាមេធាវីរបស់លោក ជុងគិ លោកបានដំណើរការស្នើសុំលែងលះជាមួយនឹងហេក្យូ រួចហើយឯតុលាការក្រុងសេអ៊ូល ៕ កែសម្រួលដោយ ៖ សុឃាក់