អន្សម ជាឈ្មោះនំដែលធ្វើដោយអង្ករដំណើបខ្ជប់ ដោយស្លឹកស្រស់ (តាមធម្មតាច្រើន ប្រើស្លឹកចេក និងស្លឹកផ្អាវ) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។

អន្សម មានច្រើនប្រភេទ ដូចជា អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមខ្នុរ និង អន្សមអាំង ជាដើម។ តើមានហេតុផលអ្វី បានជាប្រជាជនខ្មែរ ធ្វើនំអន្សមនេះ? យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់ សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់និងសម្ភារភាគច្រើនតែងតែមានទំនាក់ទំនងនឹងសាសនា ដូចជានំអន្សមនេះជាដើម។ ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមាដែលជាព្រះមហេសីរបស់ព្រះឥសូ។ ម្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹងនំគម ដែលជានំប្រពៃណីខ្មែរផងដែរ។ ដោយសារជំនឿ សាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយើងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះទៅប្រគេនព្រះសង្ឃវិញដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នា ដូចយើងឃើញសព្វថ្ងៃនេះ។

នំអន្សម មានដើមកំណើតតាំងពីបុរមបុរាណនៅក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាណ៍ពិពាណ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀតជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនាផងដែរ។ ហើយនំទាំងអស់នេះគឺខ្មែរយើងធ្វើដោយដៃ នំអន្សមពិតជាមានរស់ជាតិឆ្ងាញ់ ហើយយើងក៏អាចយកនំអន្សម មកចៀនញ៉ាំផងដែរ៕
ប្រភព៖ កុងជាង-នំខ្មែរ

